ភ្នំពេញ៖ រយៈពេល១០ឆ្នាំចុងក្រោយនេះ ឥរិយាបថរបស់យុវវ័យចំពោះសេចក្តីស្រលាញ់ និងទំនាក់ទំនងស្នេហា ក្នុងផ្លូវភេទនៅថ្ងៃនៃក្តីស្រលាញ់ ១៤កុម្ភៈ(Valentine's Day) បានធ្លាក់ចុះជាងពាក់កណ្តាល។ និន្នាការនៃការធា្លក់ចុះនេះ បណ្តាលមកពីការយល់ដឹងច្រើនពីយុវវ័យផ្ទាល់ ពីគ្រួសារ រួមទាំងមានការអប់រំតាមប្រព័ន្ធផ្សព្វផ្សាយច្រើន និងការកៀបសង្កត់ពីឥទ្ធិពលសង្គមជាច្រើនទៀត។
តាមរបាយការណ៍សិក្សាស្រាវជ្រាវទៅលើយុវវ័យអាយុចន្លោះអាយុពី១៥ ទៅ២៤ឆ្នាំ នៅរាជធានីភ្នំពេញ របស់ លោក តុង សុប្រាជ្ញ អនុបណ្ឌិត និងអ្នកស្រាវជ្រាវឯករាជ្យ ផ្នែកសុខភាពសាធារណៈ ក្នុងចំណោមយុវវ័យ ១,១៧៦នាក់ (ស្រី៦៧៤នាក់)នៅឆ្នាំ២០១៩ មានជិត៣៤ភាគរយប៉ុណ្ណោះ ដែលបានចាប់អារម្មណ៍ចំពោះថ្ងៃនៃសេចក្តីស្រលាញ់ថា«ជាថ្ងៃពិសេស» ដែលកាលឆ្នាំ២០០៩ មានអត្រាខ្ពស់ជាង៦១ភាគរយ។
ក្នុងរយៈពេលដូចគ្នានេះ យុវ័វយដែលមានដៃគូ បានពីធា្លក់ចុះពី៨១ភាគរយ ក្នុងឆ្នាំ២០០៩ មកនៅត្រឹម៤២,៥ភាគរយនៅឆ្នាំ២០១៩ ដែលពួកគេមានផែនការចេញដើរលេង នៅថ្ងៃ១៤ កុម្ភៈ នៅតាមកន្លែងបែបរ៉ូមែនទិចផ្សេងៗ ឬកន្លែងស្ងប់ស្ងាត់ ដែលធ្វើឲ្យពួកគេមានចំណង់ផ្លូវភេទ។
អ្វីដែលគួរឲ្យកត់សម្គាល់ខ្លាំងបំផុតនោះ គឺទំនាក់ទំនងផ្លូវភេទក្នុងចំណោមយុវវ័យដែលអាចនឹងធ្វើសកម្មភាពបែបនេះ នៅថ្ងៃនៃក្តីស្រឡាញ់ បានធ្លាក់ចុះនៅត្រឹម៥,៤ភាគរយ ក្នុងឆ្នាំ២០១៩ បើប្រៀបធៀបនឹងការសិក្សាក្នុងឆ្នាំ២០០៩ មានជិត១៣ភាគរយ។ នេះបើតាមរបាយការណ៍ដដែលខាងលើនេះ។
ជាមួយគ្នា លោក តុង សុប្រាជ្ញ បានប្រសាសន៍ដូច្នេះ កន្លងមកយុវវ័យខ្មែរជាច្រើន ដែលបានយល់ខុសពីអត្ថន័យនៃថ្ងៃ១៤កុម្ភៈ ឬថ្ងៃនៃសេចក្តីស្រលាញ់ ស្របពេលមាននិន្នាការ និងលំហូរនេះ ផលិតផលផ្សេងៗពីបរទេស នៅក្នុងថ្ងៃនៃសេចក្តីស្រលាញ់ បានជំរុញ និងលើកទឹកចិត្តដល់យុវវ័យ ក្នុងថ្ងៃនោះ ។ លោក បានបញ្ជាក់ថា ក្រៅពីកម្ពុជា មានប្រទេសថៃ និងឥណ្ឌា ក្នុងតំបន់អាស៊ី ដែលយុវជនបានចាត់ទុកថ្ងៃនៃសេចក្តីស្រលាញ់ ជាថ្ងៃពិសេសសម្រាប់ពួកជាមួយគូសង្សា គឺមានច្រើនជាងកម្ពុជាទ្វេដង។
លោកបានបន្តថា កម្ពុជាទម្រាំមានការធា្លក់ចុះនេះ មានស្ថាប័នពាក់ព័ន្ធជាច្រើនបានធ្វើការផ្សព្វផ្សាយ និងពន្យល់ណែនាំកាន់តែច្បាស់អំពីថ្ងៃនៃសេចក្តីស្រលាញ់ ១៤កុម្ភៈ រួមផ្សំជាមួយចំណេះដឹងនៃការអប់រំ និងរងការស្តីបន្ទោស ពីសង្គម ផងដែរ។
ដំណើរវិវត្តពាក្យប្រើប្រាស់នៃថ្ងៃនៃ១៤ កុម្ភៈ ត្រូវបានសង្គមកម្ពុជា កែប្រែដើម្បីអប់រំយុវវ័យឲ្យយល់ដឹងកាន់តែច្បាស់ ដោយបានប្តូរពីពាក្យថ្ងៃបុណ្យសង្សា ទៅជាបុណ្យនៃសេចក្តីស្រលាញ់ ក្រោយមកទៀតដើម្បីយុវវ័យយល់ឲ្យកាន់តែច្បាប់ បានប្តូរមកប្រើពាក្យ ទិវានៃសេចក្តី រហូតដល់ពេលនេះ ត្រូវបានប្រើពាក្យថ្មីមួយទៀត គឺថៃ្ងនៃសេចក្តីស្រលាញ់។ នេះបើតាម លោក តុង សុប្រាជ្ញ។
ទោះជាមានការធា្លក់ចុះបែបនេះក៏ដោយ លោក តុង សុប្រាជ្ញ បានអះអាងថា ចំពោះចំណេះដឹងរបស់ឪពុកម្តាយនៅមានកម្រិតទាបនៅឡើយដែលទាក់ទងនឹងការទូន្មានកូនៗនៅថ្ងៃនៃក្តីស្រលាញ់ ដើម្បីធ្វើឲ្យមានការផ្លាស់ប្តូរបំណងរបស់ពួកគេ។ ដោយលទ្ធផលប្រែប្រួលមានតិចតួចបំផុត ក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ។ «របកគំហើញនេះធ្វើឲ្យមានការពញ្ញាក់ដល់យុវវ័យ ក្នុងការប្រើប្រាស់ស្រោមអនាម័យមានកម្រិតទាបនៅឡើយ ហើយក៏មិនទាន់មានចំណេះដឹងទូលំទូលាយផងដែរ ដែលទាក់ទិននឹងសិទ្ធិក្នុងការរួមភេទ។ បើមានយុវវ័យ ៤០ នាក់ មានតែ២០នាក់ប៉ុណ្ណោះដែលប្រើប្រាស់ស្រោមអនាម័យ នៅថ្ងៃនៃសេចក្តីស្រលាញ់»។
ដូច្នេះហើយ បទអន្តរាគមន៍ គួរតែផ្តោតលើការអប់រំទូទៅចំពោះសិទ្ធិក្នុងការរួមភេទជាមួយនរណាម្នាក់ និងការប្រើប្រាស់ស្រោមអនាម័យ ជាពិសេសគឺការផ្សព្វផ្សាយឲ្យបានមុនថ្ងៃនៃក្តីស្រឡាញ់ ដោយមានការបង្កើនចំណេះដឹងជុំវិញបញ្ហានៅថ្ងៃនៃក្តីស្រឡាញ់ និងការអប់រំសុខភាពផ្លូវភេទទូទៅ រួមមាន ការយល់ដឹងពីការរួមភេទ និងសុវត្ថិភាពផ្លូវភេទ និងបន្តកម្មវិធីសុខភាពបន្តពូជ និងអេដស៍ក្នុងចំណោមយុវវ័យក្រុមគោលដៅមុននិងចំថ្ងៃនៃក្តីស្រឡាញ់តាមរយៈលទ្ធផលនៃការសិក្សានេះនៅទីតាំងរាជធានី ដោយផ្ដោតតាមវិទ្យាល័យ និងសាកលវិទ្យាល័យនៅក្នុងប្រទេសកម្ពុជា៕