ជាតិ
សង្គមជាតិ
សមត្ថកិច្ចបានបង្ក្រាបគ្រឿងញៀនជាង៥០០គីឡូ ក្នុងឆ្នាំ២០១៨
× ភ្នំពេញ៖ សមត្ថកិច្ចបានចាប់ និងបង្ក្រាបបានជាង៥០០គីឡូក្រាម និងចាប់ខ្លួនបានជាច្រើននាក់ ចាប់តាំងពីយុទ្ធនាការបង្ក្រាបគ្រឿងញៀនកាលពីឆ្នាំ២០១៦កន្លងមក ។
បើទោះជាសមត្ថកិច្ចខំប្រឹងបង្ក្រាបគ្រឿងញៀនយ៉ាងណា ក៏ករណីបទល្មើសមិនទាន់ថមថយនៅឡើយទេ។ នេះជាការលើកឡើងរបស់សម្តេច ស ខេង ដែលសន្យាពង្រឹងការបង្ក្រាបបន្ថែមទៀតចំពោះបទល្មើសនេះ ដោយមិនបណ្ដោយឲ្យបញ្ហាគ្រឿងញៀនរីករាលដាលបំផ្លាញសង្គមកម្ពុជានោះទេ។ បើតាមសម្ដេច ស ខេង សកម្មភាពបង្ក្រាបគ្រឿងញៀនរបស់សមត្ថកិច្ចនាពេលកន្លងមក គឺអនុវត្តបានត្រឹមត្រូវ ដោយមិនបានធ្វើឲ្យមានការរិះគន់ និងប៉ះពាល់ដល់សិទ្ធមនុស្សឡើយ។
ថ្លែងក្នុងពិធីបើកសន្និបាតត្រួតពិនិត្យការងារឆ្នាំ២០១៨ នាព្រឹកថ្ងៃ១៣ ខែកុម្ភៈ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនោះ បាននិយាយដូច្នេះថា៖«ចុះបើយើងចាប់មិនបានចំនួននេះ នឹងជ្រៀតចូលសរសៃឈាមប្រជាពលរដ្ឋប៉ុន្មាន? ប៉ុន្តែយើងបង្ក្រាបបាន ក៏ប៉ុន្តែសួរថាអស់ទេ គឺមិនទាន់អស់ទេ នៅទៀត»។
បច្ចុប្បន្ននេះ អ្នកកំពុងជាប់ពន្ធនាគារពាក់ព័ន្ធនឹងគឿងញៀនមានចំនួនប្រមាណ ២ ភាគ៣ ក្នុងចំណោមអ្នកជាប់ពន្ធធនាគារសរុប ៣,១ ម៉ឺននាក់។ នេះបើតាមសម្ដេច ស ខេង។
កាលពីឆ្នាំ២០១៨ អាជ្ញាធរបង្ក្រាបគ្រឿងញៀនសរុបជាង៥០០គីឡូក្រាម ដោយកើនឡើង៣៦០គីឡូក្រាម បើធៀបនឹងឆ្នាំ២០១៧ ខណៈបទល្មើសគ្រឿងញៀនជាង៨ពាន់ករណី ថយចុះជាង១០០ករណី។ ក្នុងឆ្នាំ២០១៧ រដ្ឋាភិបាលបង្ក្រាបគ្រឿងញៀននៅទូទាំងប្រទេសបានចំនួនជាង៨ពាន់ករណី(៨.១៧៣ករណី) ឃាត់ខ្លួនជនសង្ស័យ១៧,៧៩៥នាក់ ហើយគ្រឿងញៀនដែលចាប់បាន មានចំនួន១៧៣គីឡូក្រាម និង៨៨៦កញ្ចប់ កញ្ឆាក្រៀមជាង១១៣គីឡូក្រាម និង២៧៥.៨១៥ដើម និងមានអ្នកប្រើប្រាស់សរុបចំនួនជាង១ម៉ឺន៤ពាន់នាក់ (១៤.៣៥៣នាក់)។ រដ្ឋាភិបាល បានប្រកាសបើកយុទ្ធនាការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំ ចាប់តាំងពីចុងឆ្នាំ២០១៦មក៕
© រក្សាសិទ្ធិដោយ thmeythmey.com