ជាតិ
​​​ន​យោ​បាយ​ជាតិ​
សមាជិក​ព្រឹទ្ធសភា​អាមេរិក​៖ ច្បាប់​ដែល​ខ្ញុំ​ធ្វើ ក៏​នឹងដាក់​ទណ្ឌកម្ម​លើ​កម្ពុជា ដូច​អឺរ៉ុប​ដែរ​
13, Feb 2019 , 10:19 pm        
រូបភាព
រូបពី AFP៖ លោក Ted Cruz សមាជិកព្រឹទ្ធសភាអាមេរិក
រូបពី AFP៖ លោក Ted Cruz សមាជិកព្រឹទ្ធសភាអាមេរិក
ដោយ: ថ្មីៗ
​លោក Ted Cruz សមាជិក​ព្រឹទ្ធសភា​អាមេរិក ដែល​ឧស្សាហ៍​ចេញមុខ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​អាមេរិក ដាក់ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​កម្ពុជា បាន​សម្តែង​ការស្វាគមន៍​ចំពោះ​គណៈកម្មការ​អឺរ៉ុប ដែល​បានសម្រេច​បើក​កិច្ចពិភាក្សា ដើម្បី​ឆ្ពោះទៅរក​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ជា​បណ្តោះអាសន្ន ចេញពី​កម្ពុជា​។ តាមរយៈ​សារ​លើ​បណ្តាញ Twitter សមាជិក​ព្រឹទ្ធសភា​អាមេរិក​រូបនេះ បាន​ហៅ​ចំណាត់ការ​របស់​គណៈកម្មកា​រ​អឺរ៉ុប ថា​ជា​ជំហាន​មួយ​ផ្សេងទៀត ដែល​ត្រូវ​ត្រួតពិនិត្យ​ឡើងវិញ​លើ​វិស័យ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​។

 
​បន្ទាប់ពី​លើកឡើង​ពី​វិធានការ​របស់​គណៈកម្មកា​រ​អឺរ៉ុប​រួចហើយ លោក Ted Cruz ក៏​លើកឡើង​ពី​វិធានការ​របស់លោក​វិញ​ម្តែ​ង ដែល​លោក បានរួម​ដៃ​ជាមួយ​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ម្នាក់ទៀត គឺ​លោក Chris Coons នាពេល​ថ្មីៗ​នេះ​។ លោក Ted Cruz ដែល​ធ្លាប់​ឈរឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​អាមេរិក បាន​សរសេរ​លើ Twitter យ៉ាង​ដូច្នេះ​ថា​៖«​សេចក្តីព្រាងច្បាប់​ស្តីពី​ការដាក់ទណ្ឌកម្ម​លើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា  របស់ខ្ញុំ​និង​លោក Chris Coons នឹង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​អាមេរិក ធ្វើ​ដូច​សហភាព​អឺរ៉ុប​ដែរ​»​។​
 


 
​លោក Ted Cruz និង លោក Chris Coons បានចាប់ផ្តើ​ម​ធ្វើ​សេចក្តីព្រាងច្បាប់​ស្តីពី​ការដាក់ទណ្ឌកម្ម​លើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា  (Cambodia Trade Act Bill) កាលពីដើម​ខែមករា ឆ្នាំ​២០១៩​មក​។ គោលបំណង​នៃ​ការធ្វើ​ច្បាប់​នេះ គឺ​ដើម្បី​ឲ្យ​លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​អាមេរិក ពិនិត្យឡើងវិញ​លើ​ការអនុគ្រោះ​ពន្ធ​នៃ​ការ​នាំចូល​ទំនិញ​ពី​កម្ពុជា តាមរយៈ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​មួយ ដែល​ហៅថា General System Preference (GSP)​។​
 
​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា និង​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្សកាន់អំណាច ធ្លាប់​សើចចំអក​ឲ្យ​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ទាំងពីរ​នេះ ពេល​ពួកលោក ប្រកាស​ពី​ការធ្វើ​ច្បាប់​ខាងលើ​។  
 
​លោក ផៃ ស៊ី​ផាន អះអាង​កន្លងមក​ថា បើទោះបីជា​ព្រឹទ្ធសភា​អាមេរិក អនុម័ត​សេចក្តីស្នើច្បាប់​នេះ​ក៏ដោយ ក៏​រដ្ឋបាល​របស់លោក ត្រាំ មិន​យកទៅអនុវត្ត​ដែរ​។ ចំណែក​លោក សុខ ឥសាន ហ៊ាន​សន្និដ្ឋាន​ជាមុន​ថា ការស្នើច្បាប់​របស់​សមា​ជិ​ក​ព្រឹទ្ធសភា​អាមេរិក​ នឹងមិន​អាចទៅរួច​នោះទេ​។​
 
​មូលហេតុ​ដែល​ជំរុញ​ឲ្យ​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ទាំងពីរ សម្រេច​ធ្វើ​ច្បាប់​នេះ​ឡើង គឺ​ដោយសារតែ​ពួកលោក មិន​ពេញ​ចិត្តនឹង​ទង្វើ​របស់​រដ្ឋាភិបាល​ក​ម្ពុ​ជា​។ លោក Ted Cruz បាន​និយាយថា អាមេរិក​បាន​វិនិយោគ​លើ​អនាគត​នយោបាយ​កម្ពុជា ដោយ​បង្កើត​ពាណិជ្ជកម្ម​ដែល​អាច​ជឿ​ទុកចិត្តបាន ក្នុង​ក្របខ័ណ្ឌ​ប្រព័ន្ធ​អនុគ្រោះ GSP​។  
 
​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP បាន​អនុគ្រោះ​ពន្ធ​ដល់​ប្រទេស​ក្រីក្រ​ឬ​ប្រទេស​កំពុង​អភិវឌ្ឍ លើ​ការ​នាំចូល​ទំនិញ និង​ផលិតផល​រាប់ពាន់​មុខ​ឯណោះ ទៅកាន់​ទីផ្សារ​អាមេរិក​។ យ៉ាងណាក៏ដោយ  កម្ពុជា ពុំមាន​ទំនិញ និង​ផលិតផល​ច្រើន​មុខ​បែបនេះ​នាំចូល​ទៅ​ទីផ្សារ​មេ​រិ​ក​នោះទេ​។ ភាគច្រើន​គឺមាន​តែ​ផលិតផល​សម្រាប់​ធ្វើដំណើ​រ (Travel Goods) ប៉ុណ្ណោះ ជាពិសេស វ៉ា​លី និង កាបូប ដែល​កម្ពុជា​នាំទៅ​កាន់​ទីផ្សារ​អាមេរិក​។​
 
​រីឯ EBA (Everything but Arms) គឺ​សំដៅលើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ លើ​ទំនិញ​និង​ផលិតផល​សព្វបែបយ៉ាង ដូចជា សម្លៀកបំពាក់ និង អង្ករ ជាដើម ដែល​កម្ពុជា នាំចូល​ទៅកាន់​ទីផ្សារ​អឺរ៉ុប ដោយ​លើកលែងតែ​អាវុធ​ប៉ុណ្ណោះ ដែល​មិន​រាប់បញ្ចូល​។ កម្ពុជា ជា​ប្រទេសមួយ ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​សហភាព​អឺរ៉ុប​ស្តីពី EBA នេះ ហើយ​តែងតែ​ទទួលបាន​ការអនុគ្រោះ​ពន្ធ​។​
 
​គណៈកម្មការ​អឺរ៉ុប បាន​បើក​កិច្ចពិភាក្សា​នៅ​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៩ ដើម្បី​ឆ្ពោះទៅរក​ការដក​ជា​បណ្តោះអាសន្ន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ចេញពី​កម្ពុជា​។ ប៉ុន្តែ ការបើក​កិច្ចពិភាក្សា​លើក​នេះ ពុំទាន់​អាចឈាន​ទៅដល់​ការសម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នោះទេ ពីព្រោះថា នីតិវិធី​នេះ ត្រូវការ​ពេល​១​ឆ្នាំ​ឯណោះ ហើយ​នីតិវិធី ទើបនឹង​ចាប់ផ្តើម នៅ​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ​ទេ​។ ដូច្នេះ រហូតដល់​អំឡុង​ខែកុម្ភៈ ឆ្នាំក្រោយ ទើប​សហភាព​អឺរ៉ុប នឹងធ្វើ​សេចក្តីសម្រេច​ចុងក្រោយ​ថា​ដក​ឬ​មិន​ដក​។​
 
​នីតិវិធី​នេះ មាន​៣​ដំណាក់កាល​។ ដំណាក់កាល​ទី​១ មាន​រយៈពេល​៦​ខែ ដោយ​រយៈ​ពេលនេះ សហភាព​អឺរ៉ុប ត្រូវ​តាមដាន​និង​ត្រួតពិនិត្យ ដោយមាន​ការចូលរួម​ពិភាក្សា​ពី​ភាគី​កម្ពុជា ដែលជា​សាមីខ្លួន​។ ដំណាក់កាល​ទី​២ មាន​រយៈពេល​៣​ខែ ដែល​ដំណាក់កាល​នេះ សហភាព​អឺរ៉ុប ត្រូវធ្វើ​របាយការណ៍​។ ដំណាក់កាល​ទី​៣ ដែលជា​ដំណាក់កាល​គ្រប់​រយៈ​១២​ខែ សហភាព​អឺរ៉ុប នឹងធ្វើ​សេចក្តីសន្និដ្ឋាន​ចុងក្រោយ​និង​ធ្វើ​សេចក្តីសម្រេច​ផ្លូវការ​ថា ត្រូវ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ចេញពី​កម្ពុជា ឬក៏​មិន​ដក​។ នេះ​ជាការ​ពន្យល់​របស់​សហ​ភាព​អឺរ៉ុប ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​កិច្ចពិភាក្សា​ខាងលើ ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៩​។ 
 
​សហភាព​អឺរ៉ុប ពន្យល់​ទៀតថា បើ​ដំណាល់​កាល​ចុងក្រោយ សហភាព​អឺរ៉ុប សម្រេច​ថា​ដក នីតិវិធី​បន្ទាប់ គឺ សហភាព​អឺ​រុ​ប នឹងត្រូវ​ការ​ពេល​៦​ខែ​បន្ថែមទៀត ដើម្បី​កំណត់​វិសាលភាព​និង​កំណត់​ពី​រយៈពេល​ថា សហភាព​អឺរ៉ុប ត្រូវ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​រយៈពេល​យូរ​ប៉ុនណា ពី​កម្ពុជា​។ បន្ទាប់មកទៀត ទើប​សហ​ភា​អឺរ៉ុប ដាក់​សេចក្តីសម្រេច​ស្តីពី​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ឲ្យ​ចូល​ធរមាន​។ ដូច្នេះ សរុប​ទាំង​ពេលវេលា ដែល​ត្រូវ​សម្រេច​ថា​ដក (១២​ខែ​) និង​ពេលវេលា​ដែល​ត្រូវដាក់​ឲ្យ​ចូល​ជា​ធរមាន (៦​ខែ​) វា ត្រូវការ​ពេលវេលា​ដល់​ទៅ​១​ឆ្នាំកន្លះ​ឯណោះ​។ 
 
​សេចក្តីប្រកាស​ព័ត៌មាន បាន​សរសេរ​ពីស​ម្តី​របស់​អ្នកស្រី Cecilia Malmstrom ប្រធាន​គណៈកម្មការ​ពា​ណិ​ជ្ជ​កម្ម​នៃ​សហភាព​អឺរ៉ុប យ៉ាង​ដូច្នេះ​ថា​៖«​កិច្ចពិភាក្សា​នេះ មិនមែនជា​សេចក្តីសម្រេច​ចុងក្រោយ​ទេ ហើយ​នីតិវិធី ក៏​មិនទាន់​ឈានដល់​ដំណាក់កាល​បញ្ចប់​ដែរ​។ ប៉ុន្តែ ពេលវេលា ដើរទៅ​មុខ​ហើយ ហើយ​យើង ចង់ឃើញ​សកម្មភាព​ជាក់ស្តែង​ក្នុងពេល​ខាងមុខ​ឆាប់ៗ​នេះ​»​។ 
 
​ចំណែក អ្នកស្រី Federica Mogherini អនុប្រធាន​គណៈកម្មកា​រ​អឺរ៉ុប និង​ជា​តំណាង​ជាន់ខ្ពស់​ទទួលបន្ទុក​កិច្ចការ​អន្តរជាតិ បានលើកឡើង​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថា ក្នុង​រយៈពេល​១៨​ខែ​កន្លងមកនេះ សហភាព​អឺរ៉ុប សង្កេតឃើញថា កម្ពុជា មានការ​ធ្លាក់ចុះ​ខ្លាំង​នូវ​លទ្ធិប្រជាធិបតេយ្យ ការគោរព​សិទ្ធិមនុស្ស និង នីតិរដ្ឋ​។​
 
​សេចក្តីប្រកាស​ព័ត៌មាន បាន​សង្កត់ធ្ងន់ថា​៖«​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA អាច​នឹងត្រូវ​លុបចេញ​ពី​ប្រទេស​ណា ដែល​បរាជ័យ​ក្នុង​ការគោរព​សិទ្ធិមនុស្ស​និង​សិទ្ធិ​និយោជិត​កម្មករ​»​។ 
 
​ក្រោយ​គណៈកម្មការ​អឺរ៉ុប សម្រេចចិត្ត​ផ្តើម​ដំណើរការ​នីតិវិធី​នេះ ក្រសួងការបរទេស ក្រសួងពាណិជ្ជកម្ម រួមទាំង​ការិយាល័យ​អ្នកនាំពាក្យ​រដ្ឋាភិបាល​ក​ម្ពុ​ជា បានចេញ​សេចក្តីថ្លែងការណ៍​រៀងៗ​ខ្លួន ដើម្បី​ឆ្លើយតប​។ សេចក្តីថ្លែងការណ៍​ទាំងនោះ សុទ្ធតែ​សម្តែង​ភាពរឹងមាំ​ថា មកដល់ពេលនេះ រដ្ឋាភិបាល​កម្ពុជា មាន​សមត្ថភាព​និង​អាចជួយ​ខ្លួនឯង​ផ្នែក​សេដ្ឋកិច្ច​។
​សម្តេច ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល ក៏មាន​សារ​នយោបាយ​ដែរ ពេល​គណៈកម្មការ​អឺរ៉ុប ធ្វើ​ដូច្នេះ​ដាក់​កម្ពុជា​។ ប្រមុខ​រដ្ឋាភិបាល បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​បែបនេះ​ថា​៖«​ចំពោះ​ចំណូល​ព​ន្ឋ គឺ​បាន​កើន​ឡើងជា​បន្តបន្ទាប់​។ សេដ្ឋកិច្ចកម្ពុជា​ពីមុន​ហ៊ុម​ព័​ទ្ឋ​ដោយ​ទារុណកម្ម និង​ការកៀបសង្កត់ ប៉ុន្តែ​ពេលនេះ​គឺ​បាន​ងើប​លូតលាស់​និង​កាន់តែ​រឹងមាំ​»៕
 
អត្ថបទទាក់ទង
 

Tag:
 Ted Cruz
  USA
  EU
  EBA
© រក្សាសិទ្ធិដោយ thmeythmey.com