ដៃ មិនត្រឹមតែជាផ្នែកមួយនៃរាងកាយដែលលេចចេញនូវសញ្ញានៃភាពចាស់តាមវ័យឡើយ ប៉ុន្តែក៏អាចចង្អុលបង្ហាញអោយដឹងពីបញ្ហាសុខភាពមួយចំនួនផងដែរ។ វេជ្ជបណ្ឌិតជាច្រើននិយាយថា ស្ថានភាព ឬភាពប្រែប្រួលណាមួយដែលកើតមានចំពោះដៃអាចជាលទ្ធផលនៃភាពមិនប្រក្រតីក្នុងរាងកាយ។ ហើយអ្នកមិនគួរធ្វេសប្រហែសមើលរំលងឡើយ!
ខាងក្រោមនេះយើង នឹងបង្ហាញឱ្យដឹងពីរោគសញ្ញាចំនួន ៦ ដែលអ្នកគួរយកចិត្តទុកដាក់ដើម្បីរក្សាបាននូវសុខភាពល្អប្រសើរ ដោះស្រាយបញ្ហាបានទាន់ពេល ៖
១. បាតដៃឡើងក្រហម
វេជ្ជបណ្ឌិតជាច្រើនពន្យល់ថា បាតដៃឡើងក្រហម អាចជារោគសញ្ញាមួយនៃបញ្ហាថ្លើម ជាពិសេសប្រសិនបើអ្នកមានអាយុលើសពី ៥០ ឆ្នាំ។ ជាធម្មតា ការឡើងក្រហម គឺមានទីតាំងនៅគែមខាងក្រៅនៃបាតដៃ។ មូលហេតុដែលអាចទៅរួចសម្រាប់បញ្ហាបាតដៃឡើងក្រហម គឺការផ្លាស់ប្ដូរ ឬភាពប្រែប្រួលមួយនៅក្នុងតុល្យភាពអ័រម៉ូនដែលបណ្ដាលឱ្យសរសៃឈាមរីក។ ជំងឺរលាកសន្លាក់រ៉ាំរ៉ៃក៏អាចជាមូលហេតុមួយនៃការឡើងក្រហមលើបាតដៃផងដែរ។ ដើម្បីជាការប្រសើរ ប្រសិនបើអ្នកសម្គាល់ឃើញមានឡើងក្រហមត្រង់ផ្នែកណាមួយលើបាតដៃ អ្នកគួរប្រញាប់ទៅជួបពិគ្រោះជាមួយគ្រូពេទ្យ។ ហើយក៏កុំភ្លេចកាត់បន្ថយការទទួលទានគ្រឿងស្រវឹង និងព្យាយាមផ្លាស់ប្ដូរទៅជារបបអាហារសុខភាពល្អ។
២. បែកញើសបាតដៃ
ការបែកញើសបាតដៃអាចបណ្ដាលមកពីមូលហេតុមួយចំនួនដូចជា ជំងឺ hyperhidrosis (ការបែកញើសហួសប្រមាណ), ភាពតានតឹងក្នុងអារម្មណ៍ និងភាពសកម្មហួសនៃក្រពេញទីរ៉ូអ៊ីត ឬជំងឺក្រពេញទីរ៉ូអ៊ីត។ ក្នុងករណីជំងឺ hyperhidrosis ដែលបណ្ដាលអោយបែកញើសច្រើនហួស អ្នកអាចប្រើប្រាស់ផលិតផលទប់ស្កាត់ការបែកញើសខ្លាំង ឬទទួលយកការព្យាបាលតាមបែបវេជ្ជសាស្ត្រ។ ព្យាយាមកម្រិតការទទួលទានគ្រឿងស្រវឹង និងរៀនគ្រប់គ្រងកម្រិតនៃភាពតានតឹងក្នុងរបស់អ្នក (ដកដង្ហើមចេញចូលវែងៗមួយៗ)។ ប្រសិនបើហាក់ដូចជាគ្មានវិធីណាមួយដោះស្រាយបញ្ហានេះបាន អ្នកគួរជួបពិនិត្យផ្ទាល់ជាមួយគ្រូពេទ្យ។
៣. ស្ពឹកដៃ និងឈឺឆៀបៗ
ជួនកាលយើងក្រោកឡើងជាមួយនឹងអារម្មណ៍ថា ស្ពឹកត្រង់ផ្នែកណាមួយនៃរាងកាយ ហើយបន្តិចក្រោយមកក៏ចាប់ផ្ដើមឈឺឆៀបៗ។ ជាធម្មតា បញ្ហានេះកើតឡើងដោយសារយើងសង្កត់លើសរសៃប្រសាទយូរ។ ការឈឺឆៀបៗ គឺជាពេលដែលសរសៃប្រសាទត្រឡប់ទៅរកសភាពធម្មតាវិញ។ ក្នុងករណីខ្លះអាការៈបែបនេះអាចជារោគសញ្ញាមួយនៃបញ្ហាសុខភាពធ្ងន់ធ្ងរដូចជា ជំងឺ cervical osteochondrosis, កៀបសរសៃកដៃ, កកឈាមក្នុងសរសៃឈាមខ្មៅនៃអវយវៈ, របួសសរសៃប្រសាទ, ជំងឺខ្វះគ្រាប់ឈាមក្រហម និងជំងឺទឹកនោមផ្អែម។ ប្រសិនបើអ្នកឧស្សាហ៍ជួបប្រទះអាការៈស្ពឹកស្រពន់ និងឈឺឆៀបៗក្នុងដៃដោយគ្មានមូលហេតុណាមួយច្បាស់លាស់ ចូរប្រញាប់ទៅជួបពិនិត្យពិគ្រោះជាមួយគ្រូពេទ្យ។
៤. ស្ងួតប្រអប់ដៃ
មូលហេតុទូទៅបំផុតនៃបញ្ហាដៃស្ងួត គឺការខ្សោះជាតិទឹកក្នុងរាងកាយ និងកង្វះអ័រម៉ូនអេស្ត្រូជែន (estrogen) ដែលជាញឹកញយផ្សារភ្ជាប់ជាមួយការអស់រដូវរបស់ស្ត្រី។ ដើម្បីជៀសផុតពីបញ្ហាខ្សោះជាតិទឹកក្នុងរាងកាយដែលបង្កអាការៈស្ងួតដៃ ចូរទទួលទានទឹកអោយច្រើនគ្រប់គ្រាន់ និងកុំភ្លេចប្រើប្រាស់ក្រែម ឬឡេផ្ដល់សំណើម។ រួមបញ្ចូលត្រីសម្បូរខ្លាញ់, គ្រាប់ពូជ និងគ្រាប់ធញ្ញជាតិក្នុងរបបអាហារប្រចាំថ្ងៃ។ ដោះស្រាយបញ្ហាកង្វះអ័រម៉ូនអេស្ត្រូជែនតាមរយៈការជួបពិនិត្យជាមួយគ្រូពេទ្យ។
៥. ការញ័រដៃ
អាការៈញ័រដៃអាចជារោគសញ្ញាមួយនៃបញ្ហាសុខភាពធ្ងន់ធ្ងរដូចជា ជំងឺ Parkinson’s Disease។ ប្រសិនបើមានការព្រួយបារម្ភខ្លាំង ចូរណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យ។ ហើយដើម្បីជាការប្រសើរ កុំភ្លេចកាត់បន្ថយការទទួលទានកាហ្វេ និងគ្រឿងស្រវឹង ដោយភេសជ្ជៈប្រភេទនេះក៏អាចបង្កអាការៈញ័រដៃផងដែរ។ កត្តាផ្សេងទៀតនៃអាការៈញ័រដៃ គឺជំងឺថប់អារម្មណ៍ និងស្ត្រេស។
៦. ក្រចកផុយឆាប់បាក់
ក្រចកផុយឆាប់បាក់ អាចជារោគសញ្ញាមួយនៃកង្វះជាតិស័ង្កសី។ ជាតិស័ង្កសី គឺសំខាន់ណាស់សម្រាប់សុខភាពរាងកាយ វាជួយពន្លឿនការជាសះស្បើយ, ជួយបែងចែកកោសិកា និងពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយ។ ចូរបន្ថែមអាហារមានផ្ទុកសម្បូរទៅដោយជាតិស័ង្កសី រួមទាំង ស៊ុត គ្រាប់ធញ្ញជាតិ និងសាច់ ជាដើម ក្នុងរបបអាហារប្រចាំថ្ងៃ។ វេជ្ជបណ្ឌិតភាគច្រើនណែនាំអោយទទួលទានថ្នាំគ្រាប់ជាតិស័ង្កសី ប្រសិនបើរាងកាយមានផ្ទុកវាទាបពេក៕
ត្រួតពិនិត្យដោយ www.health.com.kh