ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
២៥ខេត្ត/រាជធានី
លោក ប៉ត សុផល កែច្នៃកន្លែងចិញ្ចឹមឃ្មុំទៅជាកន្លែងទេសចរណ៍ ដើម្បីជំរុញមនុស្សចេះស្រឡាញ់ធម្មជាតិ
14, Feb 2019 , 2:15 pm        
រូបភាព
ដោយ: &
ត្បូងឃ្មុំ៖ លោក ប៉ត សុផល ចិញ្ចឹមឃ្មុំ ដោយដាំផ្កាឈូករ័ត្ន និងផ្កាស្បៃរឿងសម្រាប់ផ្គត់ផ្គង់តម្រូវការសត្វឃ្មុំ។ មិនត្រឹមតែផ្ដល់ប្រយោជន៍ដល់សត្វឃ្មុំនោះទេ ចម្ការផ្កាឈូករ័ត្ន និងផ្កាស្បៃរឿងនេះ កំពុងក្លាយទៅជាកន្លែងទាក់ទាញភ្ញៀវទេសចរផងដែរ។



សំឡេងឃ្មុំបន្លឺយ៉ាងទ្រហឹងអឹងកង នៅជុំវិញទូចិញ្ចឹមឃ្មុំចំនួន៣ នៅក្រោមរោងឈើប្រក់ស្បូវមួយ ចំកណ្ដាលចម្ការផ្កាឈូករ័ត្ន និងស្បៃរឿង របស់លោក ប៉ត សុផល ដែលស្ថិតនៅភូមិជីរោទិ៍ក្រោមទី២ ឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ ទូដាក់ឃ្មុំទាំងនេះ សម្រាប់ទាញផលទឹកឃ្មុំផង និងបង្ហាញដល់ភ្ញៀវទេសចរ ដែលចង់ស្វែងយល់ពីរបៀបចិញ្ចឹមឃ្មុំផង។

សូមអញ្ជើញទស្សនាវីដេអូខាងក្រោម៖ 


ផ្កាឈូករ័ត្ន និងផ្កាស្បៃរឿង លើទំហំផ្ទៃដីប្រមាណជាង៥ហិកតា ដែលដាំទុកសម្រាប់សត្វឃ្មុំក្រេបកម្រងផ្កា និងផ្ដល់ផលជាទឹកឃ្មុំ បានចន្លោះ២លីត្រ ទៅ៤លីត្រក្នុងមួយទូ ដោយអាស្រ័យលើសុខភាពឃ្មុំនៅតាមទូចិញ្ចឹមនីមួយៗ ហើយអាចលក់តម្លៃ៨ម៉ឺនរៀលក្នុងមួយលីត្រ សម្រាប់ផ្គត់ផ្គង់ជីវភាពរបស់លោក ប៉ត សុផល។ 


 
មានរាងស្ដើង សម្បុរស្រអែម ស្ថិតនៅក្នុងសម្លៀកបំពាក់ខ្មៅ លោក ប៉ត សុផល បាននិយាយថា ការចិញ្ចឹមឃ្មុំគឺមានផលលំបាកណាស់ ព្រោះវាមិនងាយស្រួលដូចចិញ្ចឹមសត្វដទៃឡើយ ពោលគឺសត្វឃ្មុំមិនមានចំណីដែលអាចរកទិញមកពីផ្សារទេ ហើយការចិញ្ចឹមជីវិតរបស់វានោះ គឺត្រូវធ្វើតាមបែបធម្មជាតិទាំងស្រុង។ បើតាមលោក សុផល សូម្បីតែផ្កាដែលជាតម្រូវការរបស់វា ក៏ត្រូវដាំឲ្យសមស្របទៅនិងធម្មជាតិផងដែរ ពោលគឺមិនអាចបាញ់ថ្នាំគីមីសម្លាប់សត្វល្អិតបានទេ ព្រោះវាអាចផ្តល់ផលអាក្រក់ទៅដល់សុខភាពសត្វឃ្មុំដែលចិញ្ចឹមជីវិតជាមួយផ្កាទាំងនេះ។ សម្រាប់ការចិញ្ចឹមឃ្មុំរបស់លោក សុផល ត្រូវចំណាយពេលចន្លោះពី១៥ថ្ងៃទៅ២០ថ្ងៃទើបអាចប្រមូលផលបាន។ បើតាមលោក សុផល ទឹកឃ្មុំដែលអាចប្រមូលបានច្រើនគឺនៅរដូវប្រាំង ខណៈរដូវវស្សាលោក ត្រូវចាប់ផ្ដើមប្រមូលសាច់ឃ្មុំលក់វិញ។ក្រៅពីលក់ទឹកឃ្មុំលោក សុផល ក៏មានពូជឃ្មុំលក់ផងដែរ។
  


ក្នុងចម្ការផ្កាឈូករ័ត្ន និងស្បៃរឿង ដែលមានសត្វឃ្មុំហើរទៅមក អមជាមួយសំឡេងយ៉ាងទ្រហឹងនោះ បុរសសម្បុរស្រអែមរូបនេះ បានផ្ដល់កិច្ចសម្ភាសដល់ ThmeyThmey25 យ៉ាងដូច្នេះថា៖«ពូជ(ឃ្មុំ) វាមកពីស្រុកគេនៅក្រៅប្រទេស ដែលបន្ទាប់គេយកបន្សុទ្ធនៅអាស៊ី ដូចជានៅថៃ វៀតណាមជាដើម ហើយបានយើងទិញយកមកបំបែកពូជវា។ ពួកខ្ញុំក៏មានពូជឃ្មុំ បើមានអ្នកចង់ទិញអី ព្រោះពួកខ្ញុំមានរាប់រយឡាំង ហើយបើសិនទិញតិចពួកខ្ញុំលក់(ពូជ)បានមួយធុងតម្លៃ១៥០ដុល្លារ»។
  


លោក សុផល ទើបតែចាប់ផ្ដើមអាជីវកម្មចិញ្ចឹមឃ្មុំនេះ រយៈពេលជាង១ឆ្នាំប៉ុណ្ណោះ ពោលគឺចាប់តាំងឆ្នាំ២០១៧មក។ ដើមឡើយបុរសវ័យជាង៤០ឆ្នាំរូបនេះ មិនមែនជាអ្នកជំនាញចិញ្ចឹមឃ្មុំអ្វីនោះទេ។ ចំណង់ចំណូលចិត្តចិញ្ចឹមឃ្មុំលក់នេះ កើតឡើងនៅពេលលោក សុផល បានឃើញមិត្តភក្តិខ្លួនទទួលបានជោគជ័យមុខរបរតាមរយៈការចិញ្ចឹមឃ្មុំលក់នេះ។ កាលណោះលោក សុផល គ្រាន់តែលួចរៀន និងសួរនាំជំនាញចិញ្ចឹមឃ្មុំពីមិត្តភក្តិប៉ុណ្ណោះ ទើបយកចំណេះបន្តិចបន្តួចនេះ មកអនុវត្តការងារដោយខ្លួនឯង ហើយទទួលបានផ្លែផ្កាល្អ នៅលើផ្ទៃដី៥ហិកតានេះ។
អត្ថបទទាក់ទង
 


 
មិនត្រឹមតែទទួលបានផលពីការចិញ្ចឹមឃ្មុំទេ លោក សុផល ក៏បានកែច្នៃ និងរៀបចំចម្ការផ្កាឈូករ័ត្ន និងស្បៃរឿងនេះ ទៅជាកន្លែងទេសចរណ៍ សម្រាប់ភ្ញៀវចូលកម្សាន្ត និងផ្ដិតយករូបភាពពីទេសភាពសម្រស់ផ្កា ដែលប្រឹងរីកស្វាគមន៍អ្នកដំណើរផងដែរ។ ការរៀបចំជាកន្លែងទេសចរណ៍ក្នុងកន្លែងចិញ្ចឹមឃ្មុំនេះ មិនមែនដោយសារលោក សុផល ចង់បានផលចំណេញជាថវិកាពីការចូលទស្សនារបស់ភ្ញៀវនោះទេ ប៉ុន្តែបំណងរបស់លោក គឺចង់ជំរុញឲ្យប្រជាពលរដ្ឋចេះស្រលាញ់ធម្មជាតិតែប៉ុណ្ណោះ។ សម្រាប់ការចូលទស្សនាចម្ការផ្កា និងទីតាំងចិញ្ចឹមឃ្មុំនេះ គឺលោក សុផល មិនយកប្រាក់កម្រៃអ្វីនោះទេ ក្រៅពីសេវាមើលថែយានយន្តរបស់ភ្ញៀវតម្លៃ១០០០រៀលប៉ុណ្ណោះ ហើយពួកគេអាចចូលកម្សាន្តលេងជារៀងរាល់ថ្ងៃនៅខែប្រាំង ខណៈខែវស្សាទីតាំងចម្ការនោះ មានទឹកលិច ដែលមិនអនុញ្ញាតឲ្យភ្ញៀវចូលទស្សនាបានឡើយ៕



 

 



Tag:
 ចម្ការផ្កាឈូករ័ត្ន
  ឃ្មុំ
  ស្បៃរឿង
© រក្សាសិទ្ធិដោយ thmeythmey.com