កីឡាអន្តរជាតិ
អន្តរជាតិ
UEFA ចោទប្រកាន់ Man Utd និង PSG ក្រោយក្រុមទាំងពីរប៉ះគ្នានៅ Champions League
× សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុន (UEFA) បានចោទប្រកាន់ក្លិប Manchester United និង Paris St-Germain ក្រោយក្រុមទាំងពីរប៉ះគ្នាក្នុងពានរង្វាន់ Champions League ជើងទី១ វគ្គ១៦ក្រុមចុងក្រោយ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅ។
ក្រុមរហ្សនាមបិសាចក្រហមត្រូវបាន UEFA ចោទប្រកាន់ពីបទគប់ដបទឹក និងកំប៉ុងភេសជ្ជៈពីសំណាក់ក្រុមអ្នកគាំទ្រទៅលើកីឡាករ និងបិទជណ្តើរចេញចូលក្នុងកីឡដ្ឋាន Old Trafford។
ខ្សែបម្រើ Angel Di Maria របស់ក្រុម PSG ដែលជាអតីតសមាជិកក្រុម Man Utd គឺត្រូវបានអ្នកគាំទ្រគប់កំប៉ុងទឹកដាក់នៅពាក់កណ្តាលតង់ទី២ ក្រោយរូបគេបញ្ជូនបាល់ទីជ្រុងឲ្យមិត្តរួមក្រុមសម្រេចទីគ្រាប់ទី១នោះ។
ដោយឡែកក្រុមភ្ញៀវ PSG ត្រូវបានគេចោទប្រកាន់ពីបទបាញ់កាំជ្រួចភ្លើងក្នុងទីលាន និងគប់វត្ថុផ្សេងៗ ដែលផ្តល់ការរំខានទៅលើអ្នកគាំទ្រដទៃទៀត។ ក្រៅពីនេះក៏មានការខូចខាតកៅអីអ្នកទស្សនាចំនួន ៨០០ កន្លែងផងដែរ។
ក្នុងជំនួបនោះក្រុមជើងឯក Ligue 1 បារាំង បានទទួលជ័យជម្នះលើក្រុម Man Utd ក្នុងលទ្ធផល ២-០ ដែលធ្វើបានដោយ Presnel Kimpembe និង Kylian Mbappe។
ជុំវិញការចោទប្រកាន់នេះស្ថាប័នវិន័យរបស់ UEFA នឹងបន្តស៊ើបអង្កេត និងប្រកាសពីទម្ងន់ទៅស នៅថ្ងៃទី ២៨ ខែកុម្ភៈ ខាងមុខ។
Man Utd នឹងធ្វើដំណើរទៅជួប PSG នៅកីឡដ្ឋាន Le Parc des Princes សម្រាប់ជំនួបជើងទី២ វគ្គ១៦ក្រុម នៅថ្ងៃទី ៧ ខែមីនា ឆ្នាំ២០១៩៕
Tag:
បាល់ទាត់
UEFA
Paris St-Germain
Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com