អត្ថបទ៖ Matias Andres
ONE Championship នាំចំណីចក្ខុប្លែកមួយទៀត នៅថ្ងៃសោរ៍ ទី១៦ ខែកុម្ភៈនេះ ក្នុងព្រឹត្តិការណ៍ក្បាច់គុនដ៏ធំម្តងទៀតនៅមជ្ឈមណ្ឌល Impact Arena ទីក្រុងបាងកក។ ក្នុង ONE: CLASH OF LEGENDS ក៏មានវត្តមានកីឡាករកម្ពុជាពីររូបគឺ ឡៅ ចិត្រា និងនៅ ស្រីពៅ ក្នុងចំណោមកីឡាករល្បីៗផ្សេងទៀតទូទាំងពិភពលោក។
ការប៉ះគ្នាចំនួន ១៤គូ គឺសុទ្ធសឹងតែជាជើងឯកដែលកំពុងលេចធ្លោ ដើម្បីមកបញ្ចេញថ្វីដៃតំណាងប្រទេសរៀងៗខ្លួនក្នុងព្រឹត្តិការណ៍ ONE: CLASH OF LEGENDS ដោយក្នុងនោះក៏មានការប្រកួតវិញ្ញាសាក្បាច់គុនចម្រុះ និង ប្រដាល់សេរីផងដែរ។
កម្ពុជាក៏បានបញ្ជូនកីឡាករពីររូបទៅប្រកួតផងដែរ។ ជើងឯកគុនខ្មែរពិភពលោក ឡៅ ចិត្រា ត្រូវប៉ះ ជើងខ្លាំងថៃ Superlek ខណៈជើងឯកផ្នែកនារីរបស់កម្មវិធី World Lethwei Championship នៅ ស្រីពៅ ត្រូវតទល់ជាមួយអ្នកប្រដាល់ថៃដូចគ្នានាង Rika Ishige។
ខាងក្រោមជាចំណុចពិសេសរបស់ព្រឹត្តិការណ៍ដែលជនរួមជាតិកម្ពុជាទាំងអស់គួរតាមដានទស្សនា៖
១. ការប៉ះគ្នាដ៏ភ្ញាក់ផ្អើលរបស់ជើងឯកខ្សែក្រវាត់ Muay Thai World Championship
ជើងឯកពិភពលោក Nong-O Gaiyanghadao ត្រូវបានគេស្គាល់ថាជាជើងខ្លាំងខាងក្បាច់គុន Muay Thai។ បើទោះមានវ័យចំណាស់បន្តិច ប៉ុន្តែ Nong-O នៅតែខ្លាំងគួរឲ្យស្ញប់ស្ញែង។
Nong-O ជាជើងខ្លាំងមិនទាន់មាននរណាបំបាក់បាននៅ ONE Championship។ រូបគេនឹងប្រកួតដណ្តើមខ្សែក្រវាត់ Muay Thai World Championship ជាមួយកីឡាករឆ្នើមរបស់ចិន Han Zi Hao ក្នុងការប្រកួតទម្ងន់ ៦៥គីឡូក្រាម នៃវគ្គជម្រុះ ONE Super Series។
ចាំមើលថា គូប្រកួតជនជាតិចិនវ័យ ២៣ឆ្នាំ អាចទប់ទល់ជាមួយខ្លាចាស់របស់សិង្ហបុរី ដើម្បីគ្រងខ្សែក្រវាត់បានឬយ៉ាងណា?
២. នៅ ស្រីពៅ ពន្លកថ្មីរបស់ ONE Championship
នៅ ស្រីពៅ កីឡាការិនីម្ចាស់ពានរង្វាន់ «អ្នកប្រដាល់នារីប្រចាំឆ្នាំ» របស់កម្មវិធី World Lethwei Championship ដើមឆ្នាំនេះកំពុងបោះជំហានមួយកម្រិតទៀតក្នុងអាជីពប្រដាល់របស់ខ្លួន។
ក្នុងវ័យ ២៤ឆ្នាំ ស្រីពៅ បានទាក់ទាញចំណាប់អារម្មណ៍អ្នកស្នេហាវិស័យក្បាច់គុនខ្មែរ និងក្បាច់គុនមីយ៉ាន់ម៉ា Lethwei ពេញផ្ទៃប្រទេស ហើយពេលនេះនាងត្រូវបង្ហាញមុខក្នុងទ្រុងក្បាច់គុនចម្រុះរបស់ពិភពលោក។
ថ្វីបើ ស្រីពៅ ត្រូវប៉ះក្នុងទ្រុងគុនចម្រុះដំបូងជាមួយ Rika ហៅ«Tinydoll» ជាតារាស្រីដ៏ល្បីល្បាញម្នាក់នៅប្រទេសថៃ ហើយនេះជាក្បាច់គុនថ្មីរបស់នាងពិតមែន។ យ៉ាងណានៅមុនការប្រកួត នាងត្រូវបានគេសរសើរគ្រប់គ្នាថាជាកីឡាការិនីឆ្នើមរៀនសូត្រឆាប់ចេះម្នាក់ពីកីឡារចំបាប់។
សម្រាប់ ស្រីពៅ ទោះត្រូវគេផ្គូផ្គងឲ្យប៉ះចំគូប្រកួតដែលជាជើងខ្លាំង ប៉ុន្តែបើនាងអាចធ្វើឲ្យទស្សនិកជនដែលរង់ចាំទស្សនាក្នុងមជ្ឈមណ្ឌល Impact Arena ថ្ងៃសៅរ៍នេះមានការភ្ញាក់ផ្អើល
ដោយយកឈ្នះ Rika បាននោះ អនាគតរបស់នាង ពិតជាខ្ពស់មិនអាចប៉ាន់ស្មាននោះទេ។
៣. ឡៅ ចិត្រា ប៉ះ Superlek
ONE Championship បានប្រមូលផ្តុំសុទ្ធតែកំពូលកីឡាករប្រដាល់សេរីខ្លាំងៗ ក្នុងនោះនឹងមាន ឡៅ ចិត្រា របស់កម្ពុជាមួយរូបដែរ។
អ្នកលេងគុនខ្មែរវ័យក្មេងរូបនេះ ត្រូវប្រឈមមុខជាមួយ Superlek ដែលជាជើងឯកច្រើនលើករបស់កម្មវិធី Muay Thai World Champion ក្នុងការប្រកួតទម្ងន់ ៦១គីឡូក្រាម និងជាគូពិសេសនៃព្រឹត្តិការណ៍ ONE Championship ផងដែរ។
Superlek ទើបមានវ័យ ២៣ឆ្នាំ ប៉ុន្តែត្រូវបានទទួលស្គាល់ថាជាកីឡាករ Muay Thai ដ៏ខ្លាំងខ្លាមួយរូប ខណៈ ឡៅ ចិត្រា ក៏បានសាងកេរ្តិ៍ឈ្មោះច្រើន និងមានគេជឿជាក់ថារូបគេជាកំពូលជើងខ្លាំងមួយរបស់ក្បាច់គុនខ្មែរផងដែរ។
ប្រសិនបើ ចិត្រា អាចបញ្ចេញស្នៀតទប់ទល់ជាមួយម្ចាស់ផ្ទះ Superlek បាននោះ មិនយូរមិនឆាប់ ចិត្រា នឹងអាចគ្រងខ្សែក្រវាត់ពិភពលោកមិនខាន៕