ជាតិ
ពលរដ្ឋដែលទើបតាំងលំនៅក្នុងដីចំណីអាងស្តុកទឹកវារីអគ្គិសនីសេសាន២ ត្រូវបានអាជ្ញាធរតម្រូវឲ្យចាកចេញ រូបភាពផ្ទះរបស់អ្នកមកតាំងទីលំនៅថ្មី ក្នុងដីចំណីវារិអគ្គិសនីសេសាន២
× ប្រជានេសាទមួយក្រុម ភាគច្រើនជាខ្មែរឥស្លាម ដែលទើបតាំងទីលំនៅថ្មី នៅក្នុងដីចំណីអាងទឹកវារីអគ្គិសនីសេសាន២ ស្ថិតនៅក្នុងភូមិតាចាន់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ត្រូវបានអាជ្ញាធរតម្រូវឲ្យចាកចេញនៅថ្ងៃទី១៧ ខែកុម្ភៈ។ នេះបើតាមតំណាងពលរដ្ឋ ដែលបានប្រាប់ពីកង្វល់របស់ខ្លួនមកកាន់សារព័ត៌មានថ្មីៗ ។
លោក សាន សេត អាយុ៤០ឆ្នាំ មកពីភូមិព្រែកតូច ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ជាតំណាងឲ្យប្រជាជនដែលមកតាំងទីលំនៅថ្មីចំនួន ៦១គ្រួសារ ស្មើផ្ទះ៦១ខ្នង អ្នករស់នៅក្នុងទឹក៨០គ្រួសារ ស្មើទូក៨០ ដែលសុទ្ធតែជាប្រជានេសាទពនេចរ មកពីខេត្តផ្សេងៗ ដូចជា ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគីរី។
ប្រជានេសាទដែលមកតាំងទីលំនៅថ្មី ក្នុងដីចំណីវារិអគ្គិសនីសេសាន២
ប្រជានេសាទទាំងអស់ បានសំណូមពរដល់អាជ្ញាធរបន្តអនុញ្ញាតឲ្យពួកគាត់ស្នាក់នៅបណ្តោះអាសន្នដើម្បីប្រកបរបរនេសាទ នៅក្នុងអាងស្តុកទឹកវារិអគ្គិសនីសេសាន២។ ពួកគាត់អះអាងថា ស្នាក់នៅមួយរយៈពេលប៉ុណ្ណោះ ពុំមានគំនិតចង់ចាប់យកដីធ្វើជាកម្មសិទ្ធិនោះឡើយ។
លោក សាន សេត បានសំណូមពរថា៖«ខ្ញុំបាទតំណាងឲ្យប្រជាជនដែលមកតាំងទីលំនៅថ្មី ក្នុងដីចំណីអាងស្តុកទឹកទាំងអស់ សូមសំណូមដល់អាជ្ញាធរ ភូមិតាចាន់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង មេត្តាអនុញ្ញាតិឲ្យពួកយើងបន្តស្នាក់នៅបណ្តោះអាសន្នបន្តទៀត ដើម្បីងាយស្រួលប្រកបរបរនេសាទនៅទីនេះ។ ពួកយើងខ្ញុំអស់គ្នា អាចធ្វើលិខិតសន្យាជាលាយលក្ខអក្សរ ថានឹងពុំមានបំណងមកចាប់យកដី ឬមកស្នាក់នៅទីនេះ ជាអចិន្ត្រៃយ៍ឡើយ»។
«កន្លងមក អាជ្ញាធមូលដ្ឋានបានប្រាប់ពួកយើងថា មូលហេតុដែលគេឲ្យពួកយើងចាកចេញនោះ ទីមួយ គឺដោយសារពួកយើងបានមករស់នៅទីនេះ មិនឲ្យដំណឹងទៅអាជ្ញាធរ។ ទីពីរ ដោយពួកយើងធ្វើឲ្យខូចបរិស្ថាននៅទីនេះ។ ក្នុងនោះ អាជ្ញាធរបានណែនាំឲ្យពួកយើងឡើងគោក ទៅទិញដីដែលគេបានរៀបចំទុកជាស្រេច តែមិនដឹងខាងណាគេរៀបចំដីនោះលក់ឲ្យពួកយើងនោះទេ។ ទីតាំងដីនោះ ស្ថិតនៅចំណាយប្រហែលពីរគីឡូម៉ែត្រ ពីទីតាំងដែលពួកយើងកំពុងស្នាក់នៅនេះ។ ប៉ុន្តែ ពួកយើងពុំមានលទ្ធភាព មានប្រាក់គ្រប់គ្រាន់ដើម្បីទិញដីនោះទេ។ ពួកយើងមានផ្ទះហើយ។ ពួកយើងមកទីនេះ គ្រាន់តែស្នាក់បណ្តោះអាសន្នប៉ុណ្ណោះ»។ នេះជាការបន្ថែមរបស់ សាន សេត។
ត្រីដែលប្រជានេសាទចាប់បានក្នុងអាងស្តុកទឹកវារិអគ្គិសនីសេសាន២
សូមបញ្ជាក់ថា នៅក្នុងអាងស្តុកទឹកវារិអគ្គិសនី២នេះ ចាប់តាំងពីបានបើកឲ្យដំណើរការក្នុងឆ្នាំ២០១៨មក គេសង្កេតឃើញថា បរិមាណត្រីគ្រប់ប្រភេទកើនឡើងគួរឲ្យចាប់អារម្មណ៍។ ប្រជានេសាទមកពីគ្រប់ទិសទី បានមកទីនេះដើម្បីធ្វើការនេសាទ។ ក្នុងនោះផងដែរ ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ បានកើនឡើងគួរឲ្យព្រួយបារម្ភ ដោយពុំមានការទប់ស្កាត់ ក៏កើតមានច្រើនផងដែរ។ ជាពិសេស ឧបករណ៍នេសាទដោយប្រើប្រាស់ចរន្តអគ្គិសនីឆក់៕
Tag:
វារីអគ្គិសនី
សេសាន២
© រក្សាសិទ្ធិដោយ thmeythmey.com