កីឡាអន្តរជាតិ
អន្តរជាតិ
Mourinho និងបុគ្គលិក បានសំណង២៥លានដុល្លារពី Man Utd ក្រោយការបណ្តេញចេញ
× ទឹកប្រាក់ ២៥ លានដុល្លារអាមេរិក ត្រូវបានប្រគល់ទៅឲ្យលោក Jose Mourinho និងបុគ្គលិករបស់គាត់រួចហើយ សម្រាប់សំណងដែល Manchester United សម្រេចបញ្ចប់តំណែងលោកពីអ្នកចាត់ការទូទៅមុនពេលកំណត់កិច្ចសន្យា។
ក្លិបបិសាចក្រហមបានប្រកាសចែកផ្លូវជាមួយអ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់កាលពីថ្ងៃទី១៨ ខែធ្នូកន្លងទៅ បន្ទាប់ពីដឹកនាំក្រុមមិនបានល្អរដូវកាលនេះ ដោយឈរនៅចំណាត់ថ្នាក់ទី៦ និងតាមពីក្រោយពិន្ទុក្រុមកំពូលតារាង Liverpool រហូត១៩ពិន្ទុឯនោះ។
មុនការបញ្ចប់តំណែងនេះ នៅដើមរដូវកាលក្លិបមានមូលដ្ឋានក្នុងក្រុង Manchester ខាងលើបានសម្រេចបន្តកិច្ចសន្យាដល់លោក Mourinho រហូតដល់ឆ្នាំ២០២០ ដោយទទួលបានប្រាក់ឈ្នួលច្រើនបំផុតលំដាប់ទីពីរបន្ទាប់ពី Pep Gardiola គ្រូរបស់ Manchester City។
លោក Ed Woodward និងលោក Jose Mourinho អំឡុងបន្តកិច្ចសន្យាជាមួយគ្នានៅដើមរដូវកាលនេះ
ការបន្តកិច្ចសន្យាដល់ទៅ២ឆ្នាំនេះ នឹងធ្វើឲ្យ Man Utd អស់ប្រាក់ថ្លៃសំណងទៅឲ្យអតីតអ្នកចាត់ការ Chelsea និង Real Madrid ក្នុងចំនួនទឹកប្រាក់ដ៏ច្រើន។
នៅក្នុងលទ្ធផលហិរញ្ញវត្ថុដែលបានចេញផ្សាយនៅផ្សារហ៊ុនក្រុងញូវយ៉កនោះ Man Utd ត្រូវផ្តល់សំណង ១៩,៦ លានផោន (២៥លានដុល្លារអាមេរិក) សម្រាប់លោក Mourinho ព្រមទាំងសមាជិកបុគ្គលិក និងជំនួយការគ្រូបង្វឹករបស់លោក។
លោក Ole Gunnar Solskjaer ដែលឡើងជំនួសតំណែងបណ្តោះអាសន្នពីអ្នកចាត់ការរហស្សនាម Special One ដែលគេជឿជាក់ថាមាន Sir Alex Ferguson នៅពីក្រោយនោះ បានជួយក្រុមឈ្នះ១០ប្រកួត និងចាញ់មួយលើកប៉ុណ្ណោះក្នុងក្របខណ្ឌ Champions League ក្រោមថ្វីជើងក្រុម Paris St-Germain។
សម្រាប់ក្របខណ្ឌ Premier League លោក Solskjaer បាននាំម្ចាស់ជើងឯកលីគកំពូលអង់គ្លេស២០សម័យ ឈានពីចំណាត់ថ្នាក់ទី៦ ទៅទី៤វិញគិតត្រឹមសប្តាហ៍ទី២៦៕
© រក្សាសិទ្ធិដោយ thmeythmey.com