ជាតិ
ព្រះមហាក្សត្រ យាងសួរសុខទុក្ខប្រជារាស្ត្រនៅស្រុកគិរីវង់ ខេត្តតាកែវ
× ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទសមេ្តចព្រះបរមនាថ នរោត្តម សីហមុនី នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ បានយាងសួរសុខទុក្ខ និងប្រោសព្រះរាជទាននូវអំណោយដល់ប្រជារាស្ដ្រ ជាកសិករជាង៥០០គ្រួសារ លោកគ្រូ អ្នកគ្រូ និងកុមារជាង៥០០នាក់ ស្ថិតនៅស្រុកគិរីវង់ ខេត្តតាកែវ។
ក្នុងព្រះរាជដំណើរសំណេះសំណាល ប្រទានអំណោយនេះ ព្រះករុណា ព្រះមហាក្សត្រ ស្តេចយាងចុះជួបសំណេះសំណាល និងទតដោយផ្ទាល់ព្រះភក្ត្ររបស់ព្រះអង្គ ចំពោះគ្រួសារប្រជាកសិករចំនួន៥គ្រួសារ ដល់ក្នុងលំនៅឋាន។ ព្រះអង្គបានប្រទានអំណោយជូនដល់គ្រួសារជាង៥០០គ្រួសារមាន អង្ករ សម្ភារបរិភោគប្រើប្រាស់ និងរួមជាមួយថវិកាមួយចំនួនទៀតផង។ ចំណែកកុមារជាង៥០០នាក់ ក៏ទទួលបានសម្ភារសិក្សាផងដែរ។
ព្រះមហាក្សត្រ មានព្រះរាជហឫទ័យសប្បាយរីករាយ ដោយបានជួបជាមួយលោកតា លោកយាយ និងប្រជារាស្ត្រ។ ក្នុងឱការនេះដែលព្រះមហាក្សត្រ បានកោតសរសើរចំពោះថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា ពិសេសរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់សម្តេច នាយករដ្ឋមន្ត្រី ដែលបាននាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយ ព្រមទាំងបានធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យ ធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង៕
ប្រភពរូបថត៖ ហ្វេសប៊ុក Royal du Cambodge
© រក្សាសិទ្ធិដោយ thmeythmey.com