ជាតិ
សង្គមជាតិ
សម្ដេច ស ខេង គ្រោង​ឲ្យ​មន្ត្រី​ជំនាញ​សិក្សា​ពី​សារធាតុ​កញ្ឆា​
15, Feb 2019 , 9:59 pm        
រូបភាព
រូបពីហ្វេសប៊ុកក្រសួងមហាផ្ទៃ
រូបពីហ្វេសប៊ុកក្រសួងមហាផ្ទៃ
​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្តេច ស ខេង បានស្នើរ​ឲ្យ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​សិក្សា​លើ​សារធាតុ​កញ្ឆា ក្រោយពី​ឃើញ​បណ្ដា​ប្រទេស​មួយចំនួន អាច​ទាញ​ប្រយោជន៍​ពី​កញ្ឆា​នេះ​។​


 
​សម្ដេច ស ខេង មិនបាន​បញ្ជាក់​ឲ្យ​ច្បាស់​ថា មូលហេតុ​អ្វី​បានជា​សម្ដេច ចង់​ឲ្យ​មានការ​សិក្សា​ស្រាវជ្រាវ​លើ​សារធាតុ​កញ្ឆា​នេះឡើយ ដោយ​សម្ដេច​គ្រាន់តែ​លើ​យក​ករណី​កញ្ឆា​នៅក្នុង​បណ្ដា​ប្រទេស​អាមេរិក កាណាដា និង​ថៃ ដែល​ចែងច្បាប់​អនុញ្ញាត​ឲ្យ​ប្រើប្រាស់ និង​យក​សារធាតុ​កញ្ឆា​ទៅ​ពិសោធន៍​ធ្វើជា​ឱសថ​ជាដើម​។  
 
​ថ្លែង​ក្នុង​ពិធី​បើក​សន្និបាត​ត្រួតពិនិត្យ​ការងារ​ឆ្នាំ​២០១៨ កាលពី​ព្រឹក​ថ្ងៃ​១៣ ខែកុម្ភៈ ឆ្នាំ​២០១៩ សម្ដេច ស ខេង បាន​និយាយ​ដូច្នេះ​ថា​៖«​ខ្ញុំ​បើក​រង្វង់​ក្រចក​បន្តិច​ថា យើង​គួរ​ចាត់តាំង​(​ក្រុមការងារ​)​ឲ្យ​មានការ​សិក្សា (​កញ្ឆា​)​។ នៅ​សហរដ្ឋអាមេរិក មាន​រដ្ឋ​មួយចំនួន ដែល​អនុញ្ញាត​ឲ្យ​ប្រើ​កញ្ឆា ប៉ុន្តែ​កាណាដា​ទាំងមូល​ហ្មង ធ្វើ​ច្បាប់​ឲ្យ​ប្រើ​កញ្ឆា ដល់ពេល​នៅ​ថៃ​ធ្វើ​ច្បាប់​ឲ្យ​ប្រើ​ឱសថ​ដែល​ធ្វើ​ពី​កញ្ឆា ក៏ប៉ុន្តែ​គេ​កំណត់​ពី​ប្រភព​ផ្គត់ផ្គង់​កញ្ឆា​នោះ ត្រូវយក​ចេញពី​កន្លែង​មួយ​ដែល​រដ្ឋ​គ្រប់គ្រង​។ នេះ​ក៏​សូម​ឲ្យ​ស្ថាប័ន​ជំនាញ ពិសេស​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ចាត់តាំង​ស្រាវជ្រាវ​ថា​មូលហេតុ​អី​...»​។​
 
​សូម​ស្ដាប់​ប្រសាសន៍​សម្ដេច ស ខេង​៖



 
​ទាក់ទង​នឹង​គំនិត​របស់​ប្រមុខ​ក្រសួងមហាផ្ទៃ​នេះ លោក មាស វី​រិ​ទ្ធិ អគ្គលេខាធិការ​អាជ្ញាធ​រ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​ថា លោក​ក៏​បានឮ​ពី​ការលើកឡើង​របស់​សម្តេច ស ខេង ផងដែរ ប៉ុន្តែ​មកដល់ពេលនេះ​លោក​មិនទាន់​បានទទួល​លិខិតផ្លូវការ ដើម្បី​សិក្សា​ស្រាវជ្រាវ​លើ​សារធាតុ​កញ្ឆា​នៅឡើយ​ទេ​។ 
 
​តែ​យ៉ាងណា​លោក មាស វី​រិ​ទ្ធ បាន​អះអាងថា ការសិក្សា​លើ​សារធាតុ​កញ្ឆា​គឺជា​រឿង​ល្អ​មួយ ដើម្បី​អាច​ដឹង​អំពី​អត្ថប្រយោជន៍ និង​ផលប៉ះពាល់​របស់​កញ្ឆា​ទាំងនោះ​។ «​គួរ​គប្បី​ធ្វើការ​សិក្សា​ពី​អត្ថប្រយោជន៍ ពី​ភាព​មាន​ប្រយោជន៍ និង អត់​ប្រយោជន៍​របស់​វា ថា​វា​យ៉ាងម៉េច មាន​ផលប៉ះពាល់​យ៉ាងម៉េច មិនមាន​យ៉ាងម៉េច ទាល់តែ​ស្រាវជ្រាវ​តាម​លក្ខណៈ​វិទ្យាសាស្ត្រ ព្រោះ​កញ្ឆា​មាន​ច្រើន​ប្រភេទ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក វី​រិ​ទ្ធ​។​
 
​សូម​ស្ដាប់​សំឡេង​លោក មាស វី​រិ​ទ្ធ​៖



 
​បើតាម​អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​រូបនេះ ក្នុង​គោលដៅ​ប្រទេស​អាស៊ាន​មិន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​គ្រឿងញៀន​ជា​លក្ខណៈ​សេរី​នោះទេ ប៉ុន្តែ​គេ​បានកំណត់​លក្ខខណ្ឌ​បើកផ្លូវ​ឲ្យ​ប្រើប្រាស់​ក្នុង​កម្រិត​ណាមួយ ដែល​ត្រូវ​ស្ថិតនៅក្រោម​ច្បាប់​៕
 

Tag:
 ស ខេង​
  មាស វី​រិ​ទ្ធ​
  គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com