ជាតិ
សេដ្ឋកិច្ច
ជប៉ុន​ផ្តល់ជំនួយ​ជាង​៥០​ម៉ឺន​ដុល្លារ សម្រាប់​គម្រោង​អភិវឌ្ឍ​សា​លាម​ត្តេ​យ្យ នៅ​ខេត្តបាត់ដំបង​
16, Feb 2019 , 4:59 pm        
រូបភាព
រូបភាពបានពី AKP
រូបភាពបានពី AKP
​ភ្នំពេញ​៖ រដ្ឋាភិបាល​ជប៉ុន​បានសម្រេច​ផ្តល់​ថវិកា​ជាង​៥២,៩​ម៉ឺន​ដុល្លារ​អាមេរិក ដល់​អង្គការ សន្តិ​ស្ម័គ្រចិត្ត ក្រោម​គម្រោង​អភិវឌ្ឍ​សាលារៀន​ម​ត្តេ​យ្យ​សិក្សា​ធនធាន​គំរូ ដែល​ផ្តោតលើ        បណ្ណាល័យ​នៅក្នុង​ខេត្តបាត់ដំបង​។ ថវិកា​នេះ​ជា​ជំនួយឥតសំណង សម្រាប់​គម្រោង​របស់​អង្គការក្រៅរដ្ឋាភិបាល​ជ​ប៉ុន ដែល​បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ផ្តល់ជំនួយ រវាង​លោក ហ៊ី​ដេ​ហ៊ី​សា ហូ​រី​ណូ​អ៊ុ​ជិ  ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា  ជាមួយ​លោក Kase Takashi នាយក​អង្គការ​សន្តិ​ស្ម័គ្រចិត្ត នៅ​ស្ថានទូត​ជប៉ុន កាលពី​ថ្ងៃទី​១២ កុម្ភៈ​។

 
​លោក  ហូ​រី​ណូ​អ៊ុ​ជិ ហ៊ី​ដេ​ហ៊ី​សា បាន​មានប្រសាសន៍ថា ថវិកា​ជំនួយ​ជាង​៥០​ម៉ឺន​ដុល្លារ​នេះ នឹង​បង្កើត​សាលារៀន​ម​ត្តេ​យ្យ​គំរូ​ដែល​បំពាក់​ដោយ​បណ្ណាល័យ និង​លើកកម្ពស់​ការអាន​សៀវភៅ​សម្រាប់​កុមារ​តូច ដើម្បី​កែលម្អ​គុណភាព​នៃ​ការអប់រំ​កុមារ​តូចៗ និង​អភិវឌ្ឍ​ឱ្យ​កាន់តែ​ប្រសើរឡើង​សម្រាប់​ពួកគេ​។ ជំនួយ​នេះ ក៏​នឹង​រួមចំណែក​បង្កើន​សមត្ថភាព​គ្រូបង្រៀន​សាលា​ម​ត្តេ​យ្យ​ក្នុង​ខេត្តបាត់ដំបង​ផងដែរ​។ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា សង្ឃឹមថា គម្រោង និង​សកម្មភាព​របស់​បណ្ណាល័យ​នេះ នឹងធ្វើ​ឲ្យ​មានការ​រីកចម្រើន​នៅ​ទូទាំង​ខេត្ត ហើយ​ការអប់រំ​កុមារ​តូចៗ​ក្នុង​ខេត្តបាត់ដំបង​នឹង​អភិវឌ្ឍ កាន់តែខ្លាំង​។​


 
​ក្នុង​ពិធី​ចុះហត្ថលេខា​នោះ លោក Kase  Takashi បាន​គូសបញ្ជាក់ថា គម្រោង​នេះ​អាចរួមចំណែក​ដល់​ការបង្កើត​ទំនាក់ទំនង​មិត្តភាព រវាង​ជប៉ុន និង​កម្ពុជា​។ លោក Kase  Takashi ប្តេជ្ញា​ពិគ្រោះ​យោបល់​យ៉ាង​ជិតស្និទ្ធ និង​សហការ​ជាមួយ​មន្ទីរអប់រំ យុវជន និង​កីឡា ខេត្តបាត់ដំបង និង​សា​លាម​ត្តេ​យ្យ​សិក្សា​ធនធាន​បាត់ដំបង ក្នុងដំណាក់កាល​នៃ​ការរៀបចំ​គម្រោង ហើយនឹង​ប្រឹងប្រែង​អស់ពី​សមត្ថភាព ដើម្បី​រក្សា​នូវ​កិច្ចសហប្រតិបត្តិការ​ល្អ នៅពេល​អនុវត្ត​៕
 

Tag:
 សា​លាម​ត្តេ​យ្យ​
 ​ជំនួយ​
 ​អប់រំ​
 ​បាត់ដំបង
© រក្សាសិទ្ធិដោយ thmeythmey.com