ជាតិ
ព័ត៍មានសុខភាព
គួរ​យល់ដឹង​! វិធី​បង្ការ​ជំងឺ​ផ្សេងៗ​ដែល​បណ្តាលមកពី​អាកាសធាតុ​ក្តៅ​ខ្លាំង​
16, Feb 2019 , 8:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រសួងសុខាភិបាល​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ថា អាកាសធាតុ​នៅ​កម្ពុជា​ខាងមុខនេះ នឹងមាន​ការកើនឡើង​កំដៅ​ខ្លាំង ដោយ​អាច​លោត​ហក់​លើសពី​៤០​អង្សារ ដែលជា​ហេតុ​បណ្តាល​ឲ្យ​មាន​ជំងឺ​ផ្សេងៗ​ដូចជា ជំងឺរាក ជំងឺ​ខ្វះ​ចំណីអាហារ ដោយសារ​រាំងស្ងួត​មិនមាន​ដំណាំ​លូតលាស់ និង​ជំងឺ​រលោក​ស្បែក​ផងដែរ​។

 
​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ណែនាំ​ឲ្យ​ពលរដ្ឋ ជាពិសេស​កុមារ និង​ជន​ចាស់ជរា​ត្រូវ​ពង្រឹង​ការប្រុងប្រយ័ត្ន​ខ្ពស់​លើ​បញ្ហា​ប៉ះពាល់​ដល់​សរសៃឈាម​ក្នុង​ខួរក្បាល​ដែល​អាច​បាត់​បង់ជីវិត​នៅពេលដែល​អាកាសធាតុ​ឡើង​ក្តៅ​ខ្លាំង ដោយ​ត្រូវ​ទទួលទាន​ទឹក​ឲ្យ​បាន​ញឹកញាប់ ដោយ​មិនត្រូវ​រង់ចាំ​ដល់ពេល​ស្រេកទឹក​នោះទេ​។ សម្រាប់​កុមារ មិនគួរ​ញ៉ាំ​វត្ថុ​រាវ​ដែលមាន​ជាតិ​ផ្អែម​ច្រើនពេក​នោះទេ ពីព្រោះ​សារធាតុ​នេះ​អាច​បង្ក​ឲ្យ​កុមារ​កាន់តែ​បាត់បង់​ជាតិ​ទឹក​ច្រើន និង​កុំ​ពិសា​ភេសជ្ជៈ​ត្រជាក់​ខ្លាំង​ដើម្បី​ជៀសវាង​ជំងឺ​រមួលក្រពើ​។  
 
«​សូម​ពលរដ្ឋ អនុវត្ត​វិធី​ការពារ ជាពិសេស​ត្រូវ​ពិសារ​ទឹក​ដែលមាន​ជាតិ​រ៉ែ​ឲ្យ​បាន​ញឹកញាប់ និង​ប្រើប្រាស់​ទឹកស្អាត ឬ​ទឹក​ឆ្អិន និង​អនុវត្ត​នូវ​អនាម័យ​ចំណីអាហារ​មាន​សុវត្ថិភាព ហើយ​ត្រូវ  ស្ថិតនៅក្រោម​ម្លប់ ឬ​ទីកន្លែង​ត្រជាក់​»​។ នេះ​ជាការ​លើកឡើង​របស់លោក​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​។​
 
​បើតាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល ជំងឺ​ដែល​ងាយ​នឹង​ឲ្យ​មនុស្ស​ជួបប្រទះ​ដែល​បណ្តាលមកពី​អាកាសធាតុ​កើនឡើង​កំដៅ នោះ​មានដូចជា ជំងឺ​បេះដូង សួត រាក ជំងឺ​ខ្វះ​ចំណីអាហារ  ជំងឺ​តានតឹង​ក្នុង​អារម្មណ៍​(​ស្ត្រេ​ស​) តប់ប្រមល់ ជំងឺ​រលោក​ស្បែក​ឡើង​ក្រហម អស់កម្លាំង​ខ្លាំង រមូល​ក្រពើ​, ប៉ះពាល់​ដល់​សរសៃឈាម​ខួរក្បាល ឈឺក្បាល វិលមុខ ដង្ហើមញាប់ និង​ថប់ៗ បាត់បង់​ស្មារតី សន្លប់ ឬ​បាត់​បង់ជីវិត​ជាដើម​។ 
 
​ដើម្បី​ការពារ និង​បង្ការ​ជំងឺ​ដែល​កើតមាន​នៅពេល​អាកាសធាតុ​កើនឡើង​កំដៅ​នេះ ក្រសួងសុខាភិបាល​បានចេញ​សេចក្តីណែនាំ​វិធានការ​ការពារ​ដល់​សាធារណជន ត្រូវ​ស្លៀកពាក់​សំលៀកបំពាក់​ស្តើងៗ ឬ​មាន​ពណ៌​ស្រាល និង​ស្លៀកពាក់​រលុង លាប​ឡេ​ការពារ​កំដៅថ្ងៃ ពាក់មួក ឬ​ឆ័​ត្រ វ៉ែនតា​ការពារ​កំដៅថ្ងៃ​។ លើសពីនេះ ត្រូវ​រក្សា​ទឹក​ទុក​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ និង​គ្រប​ឲ្យ​ជិត​ដើម្បី​បង្ការ​មូស​ខ្លា​ពង​ដាក់​ដែល​នាំ​ឲ្យ​មាន​ជំងឺគ្រុនឈាម​៕ 
 

Tag:
 ក្រសួងសុខាភិបាល​
 ​ជំងឺ​
 ​អាកាសធាតុ​
© រក្សាសិទ្ធិដោយ thmeythmey.com