ជាតិ
សេដ្ឋកិច្ច
កម្ពុជា នឹងមាន​ជើងហោះហើរ​ត្រង់​ពី​ហ្វីលីពីន និង​ឥណ្ឌូណេស៊ី នា​ឆ្នាំ​២០១៩​នេះ
17, Feb 2019 , 8:29 am        
រូបភាព
​កម្ពុជា​នឹងមាន​ជើងហោះហើរ​ត្រង់​ជាមួយ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ពី​រប​ន្តែ​ម​ទៀត​ក្នុង​ឆ្នាំ​២០១៩​នេះ គឺ​ប្រទេស​ហ្វីលីពីន និង​ឥណ្ឌូណេស៊ី ខណៈ​នៅសល់តែ​ព្រុយ​ណេ​មួយទៀត​ប៉ុណ្ណោះ​។


 
​លោក គុជ បញ្ញា​សា អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ បាន​និយាយថា កម្ពុជា និង​ហ្វីលីពីន នឹងមាន​ជើងហោះហើ​ត្រង់​នៅ​ដើម ខែមេសា​ខាងមុខនេះ​។ «​ការហោះ​ត្រង់​រវាង​ទីក្រុង​ម៉ានីល​-​ទីក្រុង​ភ្នំពេញ ដែល​នឹង​ដំណើរការ​ចាប់ពី​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០១៩ នឹង​ជំរុញ​លំហូរ​ភ្ញៀវទេសចរ​កាន់តែ​ប្រសើរ​បន្ថែមទៀត​ចូល មក​ទស្សនា​កម្ពុជា​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក គុជ បញ្ញា​សា នៅលើ​ហ្វេ​ស​ប៊ុ​ក​ក្រសួងទេសចរណ៍​។​
 
​ទាក់ទង​នឹង​ចំណុច​ខាងលើនេះ គណៈប្រតិភូ​កម្ពុជា​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍​ហ្វីលីពីន រួមទាំង​ក្រុមហ៊ុន​ឯកជន និង​ប្រតិបត្តិ​ករ​ទេសចរណ៍​ជាច្រើន ដើម្បី​សហការ​ជំរុញ​ទេសចរណ៍​កម្ពុជា​ទៅកាន់​ទីផ្សារ​ហ្វីលីពីន និង​ជំរុញ​ការ​ទស្សនា​ទៅវិញទៅមក (two-way visit) រវាង​ប្រទេស​ទាំងពីរ កម្ពុជា​-​ហ្វីលីពីន​។​
 
​កាលពី​ថ្ងៃទី​៧ ខែកុម្ភៈ​ឆ្នាំ​២០១៩ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ដែល​បាន​ជួបពិភាក្សា​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍​ឥណ្ឌូណេស៊ី CITILINK បាន​និយាយថា ប្រទេស​ឥណ្ឌូណេស៊ី​បានសម្រេច​បើក​ឲ្យ​មានការ​ហោះហើរ​ឡើងវិញ​ជាមួយ​កម្ពុជា ក្នុង​ឆមាស​ទី​២ ឆ្នាំ​២០១៩​នេះ​។ 
 
​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​និយាយថា​៖«​ដោយសារ​ការខិតខំ​ចរចា​រវាង​ភាគី​ទាំងពីរ ពិសេស ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​២ ទើប​នាពេលខាងមុខ នឹងមាន​ការហោះហើរ​ត្រង់​ពី​ឥណ្ឌូណេស៊ី​មកកាន់​កម្ពុជា​ឡើងវិញ បន្ទាប់ពី​ខកខាន​អស់​ជិត​កន្លះ​សតវត្សរ៍​»​។ 
 
​បច្ចុប្បន្ន​ភ្ញៀវទេសចរ​ឥណ្ឌូណេស៊ី​មក​ទស្សនា​ក្នុងប្រទេស​កម្ពុជា​ជិត ៥​ម៉ឺន​នាក់​ក្នុង​មួយឆ្នាំ​តែប៉ុណ្ណោះ​។ 
 
​កាលពី​ឆ្នាំ ២០១៨ ទេសចរណ៍​ឥណ្ឌូណេស៊ី​ប្រហែល ៤៧ ២៥៦ នាក់ បានមក​ទស្សនា​ប្រទេស​កម្ពុជា  ដែល​កើនឡើង ៩ ភាគរយ​ធៀប​នឹង​ឆ្នាំ ២០១៧​។ ទេសចរណ៍​ហ្វីលីពីន បានមក​ទស្សនា​កម្ពុជា មាន​ចំនួន​សរុប ៧៦ ០២៤ នាក់ កាលពី​ឆ្នាំ ២០១៨ ធ្លាក់ចុះ ១៤ ភាគរយ​ធៀប​នឹង ៨៨ ៩០៦ នាក់​កាលពី​ឆ្នាំ ២០១៧​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ក្រសួងទេសចរណ៍​។ ក្នុងចំណោម​ប្រទេស​សមាជិក​អាស៊ាន នៅតែ​ប្រទេស​ប្រ៊ុយណេ​មួយទៀត​ទេ ដែល​មិនទាន់មាន​ការហោះហើរ​ត្រង់​មក​កម្ពុជា​៕
 

Tag:
 ថោង ខុន​
 ​អាកាសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com