ជាតិ
សង្គមជាតិ
សិល្បះ
ទម្រង់​សិល្បៈ​ខ្មែរ ក្នុង​ក្បួន​វប្បធម៌​ចម្រុះ «​ឈី​ង​ហ្គេ​» ប្រទេស​សិង្ហ​បុរី​
16, Feb 2019 , 3:22 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុម​សិល្បករ​-​សិល្បការិនី​ខ្មែរ បានបង្ហាញ​ជា​បន្តបន្ទាប់​នូវ​ទម្រង់​សិល្បៈ​ដ៏​ល្អ​ផូរផង់​របស់​ខ្មែរ ក្នុង​ព្រឹត្តិការណ៍​ក្បួន​ដង្ហែ​វប្បធម៌​ចម្រុះ «​ឈី​ង​ហ្គេ​» (Chingay Parade) នៅ​ប្រទេស​សិង្ហ​បុរី ពីថ្ងៃ​ទី​១៥ ដល់​ថ្ងៃទី​១៦ ខែកុម្ភៈ នេះ​។​




ក្រោម​ការដឹកនាំ​របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) រួមជាមួយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ទម្រង់​សិល្បៈ​ខ្មែរ រួមមាន របាំ​ម្ករ​,​ឈុត​ព្រះថោង​នាងនាគ​,​ឈុត​កូរ​សមុទ្រ​ទឹកដោះ​,​របាំ​ក្រមា និង​ក្បាច់​ក្រមា​នៃ​គុន​ល្បុក្កតោ និង​ក្បាច់​ផ្ការំដួល ត្រូវបាន​បង្ហាញ​ជា​បន្តបន្ទាប់​។ សិល្បៈ​ខ្មែរ ជា​ប្រភេទ​ម្រ​ង់​សិល្បៈ​ចម្រុះ​ក្រោម​ប្រធានបទ «​ភាព​សុខដុម​» (HARMONY) ដែល​តំណាង​ដល់​ទឹក ដី ភ្លើង និង​ខ្យល់ រួមទាំង​ការបង្ហាញ​អត្តសញ្ញាណ​ខ្មែរ​តាមរយៈ​ផ្ការំដួល និង​ការ​រចនា​ឈុត​សម្លៀកបំពាក់​ថ្មីៗ​។​



ព្រឹត្តិការណ៍​ក្បួន​ដង្ហែ «​ឈី​ង​ហ្គេ​» ជា​ក្បួនព្យុហយាត្រា សិល្បៈ​សម្តែង​ដ៏​ធំ​មួយ​នៅ​អាស៊ី ដែល​រៀបចំឡើង​ដោយ​សមាគម​ប្រជាជន​នៃ​សាធារណៈរដ្ឋ​សិង្ហ​បុរី ដែល​បាន​បង្កើតឡើង​តាំងពី​ឆ្នាំ​១៩៧៣ និង​ផ្តួចផ្តើម​ដោយ​អតីត​នាយក​ដ្ឋ​មន្ត្រី លី ក្វាន់​យូ ក្នុង​គោលបំណង​បង្ហាញ​ពី​ភាព​អស្ចារ្យ ភាពស្រស់​បំព្រង និង​ភាព​សម្បូរបែប​នៃ​វប្បធម៌​ចម្រុះ​។
 


លោកនាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី លី សៀន​ឡុង បាន​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​បើក​ក្បួន​ដង្ហែ ដោយ​លោក​ក៏បាន​ថតទូរ​សព្ទ​ផ្តិត​យក​ទិដ្ឋភាព​សម្តែង​របស់​ក្រុម​សិល្បករ​-​សិល្បការិនី​ផងដែរ​។ ក្រៅពី​កម្ពុជា និង​ម្ចាស់ផ្ទះ ព្រឹត្តិការណ៍​នេះ មានការ​ចូលរួម​ពី​បណ្តា​ប្រទេស​ផ្សេងទៀត​ផងដែរ ក្នុងនោះ​មាន​កូរ៉េខាងត្បូង ចិន ឥណ្ឌូណេស៊ី ជប៉ុន និង​ហ្វីលីពីន ជាដើម​។​

​ទស្សនា​ទិដ្ឋភាព​សំដែង​របស់​កម្ពុជា ដោយ​រូបភាព​ទាំងនេះ ផ្តល់​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​៖







































































© រក្សាសិទ្ធិដោយ thmeythmey.com