សង្គមអន្តរជាតិ​
អន្តរជាតិ
Save the Children៖ សង្គ្រាម​សម្លាប់​កុមារ​ជិត​៣០០​នាក់​ក្នុង​មួយថ្ងៃៗ​
16, Feb 2019 , 9:59 pm        
រូបភាព
ដោយ:
​យ៉ាងហោចណាស់​កុមារ​ចំនួន​១០​ម៉ឺន​នាក់​ស្លាប់​ជា​រៀងរាល់ឆ្នាំ ស្មើនឹង​ប្រមាណ​២៧១​នាក់​ក្នុង​មួយថ្ងៃ ដោយសារតែ​ជម្លោះ​ប្រដាប់អាវុធ​និង​ឥទ្ធិពល​របស់​វា ពោលគឺ​រាប់​ចាប់ពី​ភាពអត់ឃ្លាន និង​កង្វះ​ការឧបត្ថម្ភ​ជាដើម​។ នេះ​បើតាម​ការប្រកាស​របស់​មូលនិធិ​សង្គ្រោះ​កុមារ​អន្តរជាតិ (Save the Children International) នៅ​ថ្ងៃទី​១៥ ខែកុម្ភៈ​។​

 
​នៅក្នុង​ប្រទេស​រងគ្រោះ​ខ្លាំង​បំផុត​ចំនួន ១០ អង្គការក្រៅរដ្ឋាភិបាល​អន្តរជាតិ​នេះ ប៉ាន់​ស្មានថា កុមារ​ចំនួន​៥៥​ម៉ឺន​នាក់​បាន​ស្លាប់​ដោយសារតែ​សង្គ្រាម​ចន្លោះ​ពី​ឆ្នាំ ២០១៣ និង ២០១៧​។ ពួកគេ​បាត់បង់​ជីវិត​ដោយសារ​សង្គ្រាម​និង​ឥទ្ធិពល​របស់​វា ក្នុងចំណោម​នោះ​រួមមាន ភាពអត់ឃ្លាន​, ការបំផ្លិចបំផ្លាញ​ដល់​មន្ទីរពេទ្យ និង​ហេដ្ឋារចនាសម្ព័ន្ធ​, កង្វះខាត​ការថែទាំ​សុខភាព និង​អនាម័យ​, និង​កង្វះខាត​ការឧបត្ថម្ភ​ជាដើម​។ 
 
​យោងតាម​ការចុះផ្សាយរ​បស់​ទីភ្នាក់ងារ​ព័ត៌មាន AFP លោកស្រី Helle Thorning-Schmidt នាយក​ប្រតិបត្តិការ​មូលនិធិ​សង្គ្រោះ​កុមារ​អន្តរជាតិ បានបញ្ជាក់​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​៖«​ស្ទើ​តែ​ម្នាក់​ក្នុងចំណោម​កុមារ​៥​នាក់​កំពុង​រស់នៅក្នុង​តំបន់​ដែល​រង​ផលប៉ះពាល់​ដោយ​ជម្លោះ​។ ចំនួន​នេះ​គឺ​ច្រើនជាង​ពេលណាៗ​ទាំងអស់​ក្នុង​រយៈពេល​២០​ឆ្នាំ​ចុង​ក្រោយនេះ​»​។​
 
«​ចំនួន​កុមារ​ដែល​ត្រូវបាន​សម្លាប់ ឬ​ធ្វើ​ឲ្យ​រងរបួស​បាន​កើនឡើង​ជាង​៣​ដង ហើយ​យើង​មើលឃើញ​បញ្ហា​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយទៀត​គឺ កំណើន​នៃ​ការប្រើប្រាស់​ជំនួយ​ទៅជា​អាវុធ​នៃ​សង្គ្រាម​»​។ លោកស្រី Helle និយាយ​បែបនេះ​នៅឯ​សន្និសីទ​សន្តិសុខ Munich ប្រទេស​អាល្លឺម៉ង់ ក្រោយពី​បញ្ចេញ​របាយការណ៍​ខាងលើ​រួច​។​
 
​បើតាម​សារព័ត៌មាន​ដដែល មូលនិធិ Save the Children បាន​បញ្ជាក់ថា ការសិក្សា​មួយ​ដែល​ខ្លួន​បានទទួល​ការអនុញ្ញាត​ពី​វិទ្យាស្ថាន​ស្រាវជ្រាវ​សន្តិភាព Oslo  រកឃើញថា កុមារ​ប្រមាណ​៤២០​លាន​នាក់​រស់នៅ​តំបន់​ដែល​ទទួលរង​ផលប៉ះពាល់​ពី​ជម្លោះ​ក្នុង​ឆ្នាំ​២០១៧​។ តួលេខ​នេះ​គឺ​ស្មើនឹង​១៨​ភាគរយ​នៃ​កុមារ​ទាំងអស់​នៅ​ទូទាំង​ពិភពលោក និង​កើនឡើង​ចំនួន​៣០​លាន​នាក់​ពី​ឆ្នាំ​២០១៦​។​
 
​ប្រទេស​ដែល​រងគ្រោះ​ខ្លាំង​បំផុត​ដោយសារ​សង្គ្រាម​គឺមាន​ដូចជា អា​ហ្វ​ហ្គា​នី​ស្ថាន​, អាហ្វ្រិក​កណ្តាល​, សាធារណៈរដ្ឋ​ប្រជា​ធិ​បេ​តេ​យ្យ​កុង​ហ្កោ​, អ៊ីរ៉ង់​, ម៉ាលី​, នី​ហ្សេ​រី​យ៉ា​, សូ​ម៉ាលី​, ស៊ូដង់​ខាងត្បូង​, ស៊ី​រី និង​យេ​ម៉ែន​។ 
 
​មូលនិធិ​ដដែល​នេះ ក៏បាន​ដាក់ចេញ​នូវ​ដំណោះស្រាយ​មួយចំនួន​ដើម្បី​ជួយ​ការពារ​កុមារ រួមមាន ការកំណត់​អាយុ​តិច​បំផុត​ត្រឹម​១៨​ឆ្នាំ​សម្រាប់​ការជ្រើសរើស​យោធា ដើម្បី​បញ្ចៀស​ការប្រើប្រាស់​អាវុធ​ជាតិ​ផ្ទុះ​នៅក្នុង​តំបន់​ទីប្រជុំជន​នានា​៕​
 
 
 
 

Tag:
 របាយការណ៍​
  កុមារ​
  សង្គ្រាម
© រក្សាសិទ្ធិដោយ thmeythmey.com