ជាតិ
នយោបាយជាតិ
ករណីលោក កឹម សុខា៖ កម្ពុជាប្រាប់ទូតអាមេរិកឲ្យគោរពអនុសញ្ញាក្រុងវីយ៉ែនឆ្នាំ១៩៦១ លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ។ រូបថត AFP
× ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តាមរយៈអ្នកនាំពាក្យរបស់ខ្លួន បានចេញសេចក្តីថ្លែងការណ៍ឆ្លើយតបទៅនឹងសារដែលបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ពាក់ព័ន្ធនឹងករណីលោក កឹម សុខា។ នៅថ្ងៃទី១៥ ខែកុម្ភៈ ស្ថានទូតអាមេរិក បានសរសេរថា អតីតប្រធានបក្សប្រឆាំងជាមនុស្សស្អាត ហើយត្រូវបានឃុំខ្លួនដោយអយុត្តិធម៌។ មួយថ្ងៃក្រោយមក ការបរទេសខ្មែរ បានក្រើនរំលឹកទូតអាមេរិកអំពីអនុសញ្ញាទីក្រុងវីយ៉ែនឆ្នាំ១៩៦១ស្តីពីទំនាក់ទំនងការទូត ជាពិសេស ត្រង់ចំណុច ការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋណាមួយ។
ត្រូវបង្ខំចិត្តក្រើនរំលឹកដល់ស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញ អំពីមាត្រា៤១នៃអនុសញ្ញាទីក្រុងវីយែនឆ្នាំ១៩៦១ ស្តីពីទំនាក់ទំនងការទូត ដែលជាពិសេសតម្រូវឱ្យស្ថានទូតសហរដ្ឋអាមេរិក គោរពច្បាប់និងបទប្បញ្ញត្តិនានា និងមិនត្រូវជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាឡើយ។
«គាត់ [លោក កឹម សុខា] ជាមនុស្សស្អាតស្អំ ដែលត្រូវបានឃុំខ្លួនដោយអយុត្តិធម៌ ក្រោមការចោទប្រកាន់មិនពិត។ មិនមានភស្តុតាងណាមួយប្រឆាំងនឹងគាត់ឡើយ ហើយក៏មិនទាន់ការកំណត់បើកសវនាការកាត់ទោសគាត់ដែរ។ គ្មានភស្តុតាង គ្មានសវនាការកាត់ទោស គ្មានយុត្តិធម៌»។ នេះជាសំណេររបស់ស្ថានទូតអាមេរិកនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន។
ដោយភ្ជាប់ជាមួយ Hashtag ជាភាសាអង់គ្លេស #thefullpictureKH ស្ថានទូតអាមេរិក បានចោទសួរនៅលើបណ្តាញសង្គមរបស់ខ្លួនថា៖ «តើអ្នកកំពុងមើលឃើញរូបភាពរួមទេ?»
នៅល្ងាចថ្ងៃទី១៦ ខែកុម្ភៈ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រតិកម្មតបថា ស្ថានទូតអាមេរិកអត្ថាធិប្បាយតែមួយជ្រុងលើរឿងក្តីលោក កឹម សុខា ដែលបង្ហាញនូវចេតនាបំភាន់សាធារណៈមតិ។
ក្រសួងការបរទេស បានវាយតម្លៃថា៖ «កាយវិការនេះថា មិនមានលក្ខណៈការទូត និងមិនគោរពចំពោះអធិបតេយ្យភាពរបស់កម្ពុជា។ ក្រសួងការបរទេស ត្រូវបង្ខំចិត្តក្រើនរំលឹកដល់ស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញ អំពីមាត្រា៤១នៃអនុសញ្ញាទីក្រុងវីយែនឆ្នាំ១៩៦១ ស្តីពីទំនាក់ទំនងការទូត ដែលជាពិសេសតម្រូវឱ្យស្ថានទូតសហរដ្ឋអាមេរិក គោរពច្បាប់និងបទប្បញ្ញត្តិនានា និងមិនត្រូវជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាឡើយ»។
ជាមួយគ្នានេះ ក្រសួងការបរទេស បានរិះគន់ស្ថានទូតអាមេរិក ដែលធ្វើឲ្យប៉ះពាល់កិច្ចប្រឹងប្រែងក្នុងការធ្វើឲ្យប្រសើរឡើងវិញនូវទំនាក់ទំនងទ្វេភាគី ដោយបន្ថែមថា៖ «ទន្ទឹមនឹងការទាមទារឱ្យស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញ បញ្ឈប់ជាបន្ទាន់នូវសកម្មភាពដែលមានហេតុផលនយោបាយ និងគ្មានការទូតនេះ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ សូមបញ្ជាក់ឡើងវិញពីការប្តេជ្ញារបស់កម្ពុជាក្នុងការលើកកម្ពស់នីតិរដ្ឋ និងថែរក្សាសន្តិភាព ស្ថិរភាព និងសណ្ដាប់ធ្នាប់សាធារណៈ ដែលប្រជាជនកម្ពុជាកំពុងទទួលបាននាពេលបច្ចុប្បន្ន»៕
Tag:
កឹម សុខា
ទូតអាមេរិក
ការបរទេស
© រក្សាសិទ្ធិដោយ thmeythmey.com