សង្គមអន្តរជាតិ​
អន្តរជាតិ
ការស្ទង់មតិ​៖​អាយុ​៣០​ឆ្នាំ​ជា​វ័យ​ល្អ​បំផុត​សម្រាប់​ការរៀប​ការ​របស់​ប្រជាជន​កូរ៉េខាងត្បូង
17, Feb 2019 , 6:39 pm        
រូបភាព
រូបភាព៖ Korea Bizwire
រូបភាព៖ Korea Bizwire
ដោយ:
បុរស​និង​ស្ត្រី​ដែល​មិនទាន់​រៀបការ​រួច​ក្នុងប្រទេស​កូរ៉េខាងត្បូង បានជ្រើសរើស​យកអាយុ ៣០​ឆ្នាំ គឺជា​វ័យ​ល្អ​បំផុត​សម្រាប់​ការរៀប​ការ​។ នេះ​បើ​យោងតាម​ការស្ទង់មតិ​ក្នុងស្រុក​ថ្មី​មួយ ចេញផ្សាយ​នៅ​ថ្ងៃ​អង្គារ​ទី ១២ ខែកុម្ភៈ​។ ការណ៍​នេះ​បាន​ឆ្លុះបញ្ចាំង​ពី​ការកើនឡើង​នៃ​ទំនោរ​ក្នុងការ​ពន្យារពេល​សម្រាប់​រៀបការ​នៅក្នុង​សង្គម​កូរ៉េខាងត្បូង ដែល​នឹងធ្វើ​ឲ្យ​អត្រាកំណើត​ធ្លាក់ចុះ​។



​យោងតាម​ការស្ទង់មតិ​របស់​វិទ្យាស្ថាន​កូរ៉េ​សម្រាប់​កិច្ចការ​សង្គម​និង​សុខភាព ប្រមាណ ៥៨,៧ ភាគរយ​នៃ​បុរស​នៅ​លីវ​បានចាត់ទុក​អាយុ ៣០ ឆ្នាំ​ថា​ជា​វ័យ​ល្អ​បំផុត​សម្រាប់​ការរៀប​ការ​។ ចំណែកឯ ២៨,៨ ភាគរយ​ផ្សេងទៀត​បានជ្រើសរើស​យក​អាយុ ៣៥ ឆ្នាំ ឬ​ចាស់​ជាង​នេះ​។

​ជាមួយគ្នានេះ ស្ត្រី​នៅ​លីវ​ប្រមាណ ៦២,៨ ភាគរយ​បានចាត់ទុក​អាយុ ៣០ ឆ្នាំ​ថា​ជា​វ័យ​ល្អ​បំផុត​សម្រាប់​ការរៀប​ការ ដែល​ច្រើនជាង​ភាគរយ​របស់​បុរស​។ រីឯ ស្ត្រី​នៅ​លីវ​ត្រឹមតែ ១៧,៤ ភាគរយ​ប៉ុណ្ណោះ​បានជ្រើសរើស​អាយុ ៣៥ ឆ្នាំ ឬ​ចាស់​ជាង​នេះ​ជា​វ័យ​ល្អ​បំផុត​សម្រាប់​ការរៀប​ការ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន Xinhua ។​

​លទ្ធផល​នេះ​គឺធ្វើឡើង​ដោយ​ផ្អែកលើ​ការស្ទង់មតិ​បុរស​នៅ​លីវ​ចំនួន ១១៤០ នាក់ និង​ស្ត្រី​នៅ​លីវ​ចំនួន ១៣២៤ នាក់​។ ការជ្រើសរើស​យកអាយុ​៣០​ឆ្នាំ​ជា​វ័យ​ល្អ​បំផុត​សម្រាប់​ការរៀប​ការ បាន​ឆ្លុះបញ្ចាំង​ពី​កំណើន​នៃ​ទំនោរ​ក្នុងការ​ពន្យារ​ការរៀប​ការ​ក្នុងសង្គម​កូរ៉េខាងត្បូង ដែល​អាចធ្វើ​ឲ្យ​អត្រាកំណើត​ប្រជាជន​ធ្លាក់ចុះ​។

​សូមបញ្ជាក់ថា វ័យ​ជា​មធ្យម​សម្រាប់​ការរៀប​ការ​ជា​លើកដំបូង​គឺ​នៅ​អាយុ ៣២,៨ ឆ្នាំ​សម្រាប់​បុរស និង​អាយុ ៣០,១ ឆ្នាំ​សម្រាប់​ស្ត្រី គិត​ត្រឹម​ឆ្នាំ ២០១៦​។ នេះ​បើ​យោង​ស្ថិតិ​របស់​រដ្ឋាភិបាល​កូរ៉េខាងត្បូង​។ ចំណែកឯ​ចំនួន​នៃ​ការ​រៀបការ​ក្នុងប្រទេស​កូរ៉េខាងត្បូង​វិញ​គឺ​ស្មើនឹង ២៨១ ៦០០ ក្នុង​ឆ្នាំ​២០១៦៕


© រក្សាសិទ្ធិដោយ thmeythmey.com