អន្តរជាតិ
«​បា​ឡែ​ន​ខៀវ​»​មិនមែនជា​ប្រភេទ​ត្រី តែ​ជា​ពពួក​ថនិកសត្វ​
17, Feb 2019 , 7:49 pm        
រូបភាព
​គេ​ហៅ​បា​ឡែ​ន​ខៀវ ថា​ជា​ត្រី ដោយសារ​វា​មាន​ព្រុយ និង​កន្ទុយ​ស្រដៀង​ត្រី​ដែល​មនុស្ស​យកមក​បរិ​ភោគ​។ ប៉ុន្តែ​តាមពិតទៅ​បា​ឡែ​ន​ខៀវ​មិនមែនជា​សត្វ​ត្រី​នោះទេ​។ ដោយឡែក វា​ជា​ប្រភេទ​ថនិកសត្វ​ទៅវិញ​ទេ​។ ថនិកសត្វ​គឺជា​ភាវរស់​ដែល ដកដង្ហើម​ប្រើ​សួត និង​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ​។ ក្នុងនោះ​មានដូចជា​មនុស្ស សេះ គោ ឆ្មា ផ្សោត ដំរី​ជាដើម​។ បា​ឡែ​ន​ខៀវ​ក៏​ប្រើប្រាស់​សួត និង​ង​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ​ដែរ​។ ពេល​បង្កើតកូន វា​មិន​ពង​ដូច​សត្វ​ត្រី​នោះទេ​។



​នេះ​គឺជា​ចំ​ណុចខ្លី​របស់​គេហទំព័រ onekindplanet.org ដែល​បង្ហាញ​ពី​ភាព​អស្ចារ្យ​របស់​បា​ឡែ​ន​ខៀវ​ដែលមាន​ឈ្មោះ​វិទ្យាសាស្ត្រ Balaenoptera musculus៖

​ទី​១៖ សព្វថ្ងៃ​វា​ជា​សត្វ​ដែលមាន​ទំហំ​ធំជាងគេ​បង្អស់ ទាំង​ក្នុង​ទឹក និង​លើដី​។​

​ទី​២៖ ទោះបី​វា​ធំ​ដូចនេះ​មែន តែ​វា​ស៊ី​តែ​សត្វ​ល្អិ​តូចៗ​ហៅថា Krill ។ វា​ស៊ី​សត្វ​ទាំងនេះ​ដោយ​បើក​មាត់​យ៉ាង​ធំ ស្រូប​ចូល​ជាមួយ​ទឹកកក​សមុទ្រ​។ ក្នុង​មួយថ្ងៃ វា​អាច​ស៊ី​ចំណី​បាន​ជាង​បី​តោន​។

​ទី​៣៖ ជាធម្មតា វា​ហែល​បានតែ​ប្រហែល ៨​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ប៉ុណ្ណោះ​។ ប៉ុន្តែ​ពេល​ប្រញាប់ វា​អាច​ហែល​ដល់​ទៅ​៣០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។

ទី​៤៖ វា​អាច​មុជ​ដល់​ជម្រៅ​៥០០​ម៉ែត្រ​។

ទី​៥៖ ម្តងម្កាល វា​តែង​ងើប​មក​ខាងលើ​ដើម្បី​ដកដង្ហើម​។

ទី​៦៖ បា​ឡែ​ន​ខៀវ​បង្កើតកូន​៣​ឆ្នាំ​ម្តង​។ ភាគច្រើន វា​ពពោះ​ម្តង​បានតែ​កូន​មួយ​។ ការ​ពពោះ​ត្រូវការ​ពេល​ពី​ចន្លោះ​ពី​១១​ទៅ​១២​ខែ​។

ទី​៧៖ កូន​របស់​វា​កើតមក​ភ្លាម​មាន​ទម្ងន់​ជិត​បី​តោន និង​មាន​ប្រវែង​ប្រមាណ​ប្រាំបី​ម៉ែត្រ​។

ទី​៨៖ ក្នុង​ឆ្នាំ​ដំបូង កូន​របស់​វា​បៅ​ទឹកដោះ​ជាង​៦០០​លីត្រ​ជា​រៀងរាល់ថ្ងៃ​។

ទី​៩៖ ពេល​ពេញវ័យ បា​ឡែ​ន​ខៀវ​មាន​ទម្ងន់​ជាង​១៤០​តោន ប្រវែង​២៥​ម៉ែត្រ និង​អាយុ​រស់នៅ​ពី​៨០​ទៅ​៩០​ឆ្នាំ ស្រដៀង​មនុស្ស​ដែរ​។

ទី​១០៖ បេះដូង​របស់​វា​មាន​ទំហំ​ប្រហែល​នឹង​ម៉ូតូ​កង់​បី​ឥណ្ឌា​ដែល​មនុស្ស​ជិះ​សព្វថ្ងៃ​៕


Tag:
 បាឡែនខៀវ
© រក្សាសិទ្ធិដោយ thmeythmey.com