ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ដោយខ្លួនមានប្រវត្តិគេងតាមចិញ្ចើមផ្លូវ លោក ស្រ៊ុន ស្រ៊ន ជួលផ្ទះឱ្យនិស្សិតស្នាក់នៅ...
17, Feb 2019 ,
8:33 pm
រូបភាព
×
ដោយ:
ប៉ូ សាគុន
ភ្នំពេញ៖ ព្រោះតែធ្លាប់រងទុក្ខវេទនាជោគជាំ ពីការដើរគេងតាមផ្លូវអស់រយៈពេលជាង៣ឆ្នាំ បានជំរុញចិត្ត លោក ស្រ៊ុន ស្រ៊ន ជួលផ្ទះមួយល្វែងតម្លៃ៣៥០ដុល្លារ ឱ្យនិស្សិតស្នាក់នៅ ដើម្បីជួយសម្រាលទុក្ខលំបាករបស់ពួកគេ។ មិនមែនមនុស្សគ្រប់រូប ចេះតែអាចមកស្នាក់នៅផ្ទះនេះបានទេ តែក៏មិនសំដៅទៅលើអ្នកមាន ឬអ្នកក្រដែរ។ អ្នកដែលអាចមកស្នានៅផ្ទះនេះបាន ត្រូវមានលក្ខខណ្ឌ៣យ៉ាង ទី១ត្រូវតែជាអ្នករៀន ទី២ត្រូវតែចេះស្រឡាញ់អ្នកនៅជាមួយគ្នាឱ្យដូចបងប្អូន និងទី៣ ត្រូវតែចូលរួមធ្វើការងារសង្គម។
តទៅនេះសូមស្ដាប់បទយកការណ៍ ដែលរៀបរៀងដោយកញ្ញា ប៉ូ សាគុន ដូចតទៅ៖
ទោះបានដឹងច្បាស់ថា ការមករៀននៅភ្នំពេញជារឿងដ៏លំបាកបំផុត សម្រាប់ជនក្រក្រី តែក្ដីស្រឡាញ់ការសិក្សាខ្លាំង លោក ស្រ៊ុន ស្រ៊ន ប្ដេជ្ញាចិត្តថាស៊ូស្លាប់ព្រោះរៀន។ ដំណើរផ្សងព្រេងដូចរឿងនិទាន បុរសមកពីខេត្តកណ្ដាល នាស្រុកកោះធំរូបនេះ បានរៀបរាប់ពីដំណើរជីវិតលើដងវិថីថា៖«ខ្ញុំមិនមានបងប្អូននៅភ្នំពេញទេ។ ដូច្នេះដើរដេកតាមផ្លូវច្រើនកន្លែងណាស់»។
ថ្វីដ្បិតដំណើរជីវិតតោកយ៉ាកយ៉ាងណា តែបុរសជាកូនទី៩ ក្នុងចំណោមបងប្អូន១៤នាក់រូបនេះ នៅតែសង្វាតរៀន រហូតជាប់អាហារូបករណ៍៣ជំនាញ។ ដោយសារតែជីវភាពទាល់ក្រពេក អតីតសិស្សពូកែ ដែលរៀនជាប់លេខមួយរាល់ខែនៅថ្នាក់វិទ្យាល័យរូបនេះ បានបោះបង់ចោលអាហារូបករណ៍ពីរជំនាញ។ «ខ្ញុំប្រឡងជាប់អាហាររូបករណ៍បីជំនាញ មានគណិតវិទ្យា និងជាប់នៅសាលាភូមិន្ទ ព្រោះទាំងផ្នែកគណនេយ្យ។ រៀននៅភូមិន្ទបានមួយរយៈ ដល់ខ្ញុំទាល់ពេក ក៏រៀនតែគណនេយ្យមួយទៅ»។ លោក ស្រ៊ន បញ្ជាក់។
ដំណើរជីវិតមិនមែនលំបាក ត្រឹមសេចក្ដីតស៊ូធ្វើការ និងស្នាក់នៅទីសាធារណៈគ្រប់កន្លែង ដើម្បីតែការសិក្សាប៉ុណ្ណោះទេ តែពេលដែលរៀនចប់ បុរសរូបនេះ នៅតែទទួលរងទារុណកម្មការងារដោយត្រូវធ្វើការ ២៣ម៉ោងក្នុងមួយថ្ងៃ។ លោក អះអាង៖«គេប្រើយើង! មិនមានអ្នកណាចង់ធ្វើការគ្មានពេលសម្រាកទេ។ កាលនោះដឹងតែចង់បានការងារធ្វើ»។
មនុស្សគ្រប់គ្នាអាចមើលឃើញថា នេះជាទង្វើឆោតល្ងង់បំផុត ព្រោះតែចង់បានការងារធ្វើ ប៉ុន្តែផលនេះ បានផ្ដល់ឱ្យមកវិញនាពេលបច្ចុប្បន្ន។ ក្រោយពីបានទម្លុះឧបសគ្គ ដែលកម្រមានមនុស្សធម្មតាអាចឆ្លងផុត មកដល់បច្ចុប្បន្ន លោក ស្រ៊ុន ស្រ៊ន មានសមត្ថភាពធ្វើការជាមួយអង្គការអន្តរជាតិជាច្រើន។ លោក ស្រ៊ន បន្ថែម ៖«ខ្ញុំធ្វើការរាល់ថ្ងៃនេះ ជាមួយអង្គការអន្តរជាតិច្រើន ទាក់ទងការលើកកម្ពស់សិទ្ធ។ ហើយធ្វើការជាមួយស្ថានទូតមួយចំនួន»។
ឆ្លងផុតពីប្រាក់ខែ២៥ដុល្លារ និងធ្វើការយ៉ាងលំបាក បច្ចុប្បន្នលោក ស្រ៊ន មានប្រាក់ខែគោលប្រមាណ១៦០០ដុល្លារ។ យ៉ាងហោចណាស់ លោកទទួលបានចំណូលជាមធ្យមប្រមាណ ២ពាន់ដុល្លារក្នុងមួយខែ ឬអាចដល់៤ពាន់ ទៅ៥ពាន់ដុល្លារអាមេរិកក្នុងមួយខែ ពីការងារជាទីប្រឹក្សា នៅក្នុងអង្គការផ្សេងៗ។
នាងខ្ញុំសូមទាញអារម្មណ៍អស់លោកអ្នកស្ដាប់ មកស្វែងយល់អំពីការងារដែលលោក ស្រ៊ន ជួយនិស្សិតវិញម្ដង។ ផ្ទះស្នាក់ជារឿងដ៏សំខាន់មួយសម្រាប់ លោក ស្រ៊ន ក្នុងការសម្រាលបន្ទុករបស់និស្សិត។
អ្នកមាន និងអ្នកក្រ សុទ្ធតែអាចទៅរស់នៅក្នុងផ្ទះស្នាក់នោះបាន។ តែពួកគេត្រូវប្រកាន់៣ចំណុច ទី១. ត្រូវតែជាអ្នករៀន។ ទី២. ត្រូវតែចេះស្រឡាញ់គ្នាដូចបងប្អូន រវាងអ្នកនៅជាមូយគ្នា និងទី៣.ត្រូវតែចូលរួមក្នុងសកម្មភាពសង្គម។ លោក សង្កត់ធ្ងន់ដូច្នេះ៖«ផ្ទះដែលខ្ញុំជួលឱ្យនៅនេះ ខ្ញុំមិនដែលឱ្យគាត់រំឭកគុណទេ។ តែបើចង់សងគុណខ្ញុំ គ្រាន់តែធ្វើឱ្យខ្លួនឯងឯករាជ្យទៅបានហើយ។ ហើយនៅពេលដែលខ្ញុំអស់លទ្ធភាព គ្រាន់តែជួយជួលផ្ទះនេះឱ្យប្អូនៗជំនាន់ក្រោយគាត់បានរស់នៅបន្តទៅបានហើយ។ បើខ្ញុំជួយអ្នកក្រ នោះទៅមុខគេនៅតែឱ្យខ្ញុំជួយដដែល។ តែបើខ្ញុំជួយអ្នករៀន នោះទៅមុខគេនឹងចេះជួយខ្លួនឯង។ ខ្ញុំមិនអាណិតអ្នកក្រទេ ខ្ញុំអាណិតអ្នករៀន»។
មិនត្រឹមតែជួលផ្ទះឱ្យស្នាក់នៅប៉ុណ្ណោះទេ តែលោក ស្រ៊ុន ស្រ៊ន ថែមទាំងព្យាយាមរកការងារ និងផ្ដល់គំនិតបើកអាជីវកម្មដល់និស្សិត ដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់ការរៀនសូត្រថែមទៀតផង។ លោក ស្រ៊ន អះអាង ៖«ខ្ញុំបង្រៀនឱ្យគាត់ចេះបង្កើតមុខរបរតូចៗខ្លួនឯង ជួយផ្ដល់យោបល់ឱ្យគាត់ និងទិញសម្ភារខ្លះៗឱ្យគាត់»។
ងាកមកចាប់អារម្មណ៍និស្សិតដែលមកស្នាក់នៅក្នុងផ្ទះ ដែលលោក ស្រ៊ន បានជួលសម្រាប់ពួកគេវិញ។ ផ្ទះល្វែងដែលមានកម្ពស់៣ជាន់ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បានទទួលនិស្សិត និងអ្នករៀនឱ្យស្នាក់នៅជាង២០នាក់ នាពេលបច្ចុប្បន្ន។
នៅជាន់ផ្ទាល់ដី នៅផ្នែកខាងមុខ និងនៅស្តាំដៃ មានកង់ និងម៉ូតូសរុប៧គ្រឿង។ ចំណែកធុងទឹកកកធំពណ៌ក្រហម និងម៉ាស៊ីនព្រីន ព្រមទាំងមានក្រដាសឯកសារ និងធៀបការមួយចំនួន នៅផ្នែកខាងឆ្វេងដៃ។ ដើរចូលទៅក្នុងបន្តិច គឺជាផ្ទះបាយ។ ឆ្នាំងព្យួរនៅបង្អួច ហែហមដោយថង់ប្លាស្ទិក កញ្ច្រែងជ័រ ឆ្នាំងដាំបាយ និងគ្រឿងធ្វើម្ហូបសម្រាប់គ្រួសារធំមួយ។
ខ្ញុំធ្វើដំណើរបន្តរហូតដល់ជាន់ទី២ ដោយមានការនាំផ្លូវពីនិស្សិតជាបុរសម្នាក់។ នៅទីនេះជាបន្ទប់ផ្នែកខាងមុខ។ តុ កៅអី កំព្យូទ័រ ទូដាក់សៀវភៅ សំណុំឯកសារសិក្សាមួយចំនួន តម្រៀបគ្នាជាជួរ និងមានលំអដោយដើមរាសីបៃតងខ្ចីមួយថូ នៅចំពីមុខទ្វារចូល។ ចំណែកនៅខាងស្ដាំទ្វារចូលវិញ ធៀបការរាប់ពាន់សន្លឹក ទាំងបត់រួច និងមិនទាន់បត់ នៅរាត់រាយខ្លះ និងមានសណ្ដាប់ធ្នាប់ខ្លះ។
បុរសម្នាក់ក្នុងចំណោម២នាក់ ដែលកំពុងអង្គុយបត់ធៀបការ គឺលោក រស់ វិនា។ វិនា អាស្រ័យផ្ទះស្នាក់នេះ បាន៣ឆ្នាំមកហើយ។ ក្នុងវ័យ២៣ឆ្នាំ និស្សិតមកពីខេត្តព្រៃវែងរូបនេះ រៀនឆ្នាំទី៤ផ្នែករូបវិទ្យា។ ជីវភាពគ្រួសារមធ្យម វិនា ខំឆ្លៀតពេលទំនេរពីការសិក្សាបន្តិចបន្ទួច មកបត់ធៀបការដើម្បីបានចំណូលខ្លះ ផ្សំ នឹងប្រាក់បងស្រី ដែលធ្វើការរោងចក្រផ្ដល់ឱ្យមួយខែ៣០ដុល្លារ។ វិនា បន្ថែម៖«យើងជួយជាវិភាគទាន ដើម្បីសម្រាលបន្ទុកបង ស្រ៊ន ខ្លះ។ យើងសន្សំតែមួយថ្ងៃ៥០០រៀលទេ។ ប្រាក់ខ្ញុំ បានពីបងស្រីផ្ដល់ឱ្យមួយខែ ៣០ដុល្លារ ខ្ញុំចាយមិនអស់ផង»។
ចង្អុលដៃផ្ដិតទឹកស្អិតពណ៌ស យកទៅលាបលើធៀបការ ក្នុងកាយវិការមិនលឿនពេក យុវជនកូនពៅរូបនេះ ថាខ្លួនធ្វើការនេះ បានចំណូលប្រមាណ១៥០,០០០រៀល ក្នុងមួយសប្ដាហ៍។ ស្នាក់នៅទីនេះ វិនា មានការងារចាំបាច់ក្រៅពីការសិក្សា គឺជូនមិត្តរួមផ្ទះ ដែលមានពិការភាពទៅសាលា និងឌុបប្រឡប់មកវិញ។ «បិទធៀបនេះ មានតម្លៃផ្សេងគ្នា។ មួយសប្ដាហ៍បានប្រហែល១៥០,០០០រៀល។ ការងារមួយទៀត ជូនបងៗពិការភ្នែកទៅរៀន និងឌុបត្រឡប់មកវិញ»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក វិនា។
ការរស់នៅផ្ទះរួមគ្នា ជាមួយមនុស្សជាច្រើនទៀត មកពីខេត្តផ្សេងគ្នា ធ្វើឱ្យបុរសរាងមានសាច់បន្តិចរូបនេះ ចេះស្វែងយល់ពីការរស់នៅជាក្រុម រួមទាំងបានកាត់បន្ថយការចំណាយផង។
ងាកមកចាប់អារម្មណ៍យុវជនមួយរូបទៀត។ ឆោម មករា គឺជាយុវបុរសមានពិការភាពភ្នែកទាំងសងខាង។ អង្គុយលើកៅអីឫស្សី នារានហាលខាងមុខផ្ទះ ជាមួយមិត្តមានពិការភាពដូចគ្នាម្នាក់ និងមិត្តធម្មតាម្នាក់ ដែលនៅមិនឆ្ងាយពី វិនា ប៉ុន្មាននោះទេ។
មករា មានអាយុ២៥ឆ្នាំ មកពីខេត្តកំពង់ស្ពឺ។ ទើបតែមករស់នៅទីនេះបានប្រមាណ២ខែ បុរសកំព្រាទាំងឪពុក និងម្ដាយរូបនេះ ជានិស្សិតឆ្នាំទីមួយជំនាញអក្សរសាស្ត្រអង់គ្លេស ដែលទទួលបានអាហាររូបករណ៍។ បានស្គាល់ទីនេះតាមរយៈមិត្តភក្ដិ បុរសដែលមានបងប្អូន៣នាក់រូបនេះ ពេញចិត្តចំពោះការរស់នៅជាក្រុមនេះថា ដូចជាគ្រួសារធំមួយ ដែលតែងតែជួយគ្នាទៅវិញទៅមក។ និស្សិត ឆោម មករា ពន្យល់៖«នៅទីនេះជួយខ្ញុំបាន៩០ភារយ។ យើងស្រឡាញ់គ្នាដូចបងដូចប្អូនអីចឹង។ បាយម្ហូបអី គេចូលរួមគ្នាធ្វើ»។
នៅទីនេះ មករា គ្រាន់តែចំណាយលើថ្លៃធ្វើដំណើរទៅសាលា និងអាហារមួយពេល១៥០០រៀលប៉ុណ្ណោះ។ ចំពោះការសិក្សាវិញ និស្សិតវ័យ២៥ឆ្នាំរូបនេះ ត្រូវទិញសៀវភៅសម្រាប់មនុស្សភ្នែកភ្លឺ ហើយយកទៅប្រែសម្រួលជាអក្សរប្រេល (អក្សរស្ទាប) ដើម្បីអាចរៀនបាន។ ជាធម្មតា ការរៀនជាមួយអ្នកភ្នែកភ្លឺ គឺជារឿងពិបាកបន្តិចសម្រាប់អ្នកមានពិការភាពភ្នែក តែសម្រាប់យុវជន មកពីខេត្តកំពង់ស្ពឺរូបនេះ ថាខ្លួនអាចជម្នះបាន។ នេះជាការអះអាងរបស់និស្សិត មករា ៖«ខ្ញុំយកសៀវភៅភ្នែកភ្លឺហ្នឹង ទៅអង្គការដែលខ្ញុំធ្លាប់រៀន ឱ្យគេបោះពុម្ពអក្សរស្ទាបឱ្យ។ ការរៀនមានផលលំបាកដែរ ព្រោះយើងត្រូវរៀនជាមួយអ្នកភ្នែកភ្លឺ»។
កញ្ញា យ៉ា សុវ័ន ជានិស្សិតព្យួរការសិក្សាមួយរយៈ ដោយសារតែបញ្ហាសុខភាព និងវិបត្តិគ្រួសារ។ ប៉ុន្តែទោះមិនទាន់បន្តថ្នាក់បរិញ្ញាបត្រ តែ សុវ័ន នៅរៀនភាសាអង់គ្លេសក្រៅម៉ោង និងធ្វើការងារសង្គម ដែលជាហេតុនាំឱ្យនាងអាចបន្តស្នាក់នៅផ្ទះនេះបាន។ ចំពោះការជួយរំលែកការងារនៅក្នុងផ្ទះនេះវិញ សុវ័ន បញ្ជាក់ថា ការបោសសម្អាតមានវេនច្បាស់លាស់ ចំណែកការចំអិនម្ហូបអាហារវិញ អាស្រ័យលើអ្នកដែលទំនេរ។ នេះជាការបន្ថែមរបស់ សុវ័ន ៖«ទីនេះកំណត់ឱ្យត្រូវតែរៀន ទោះមិនរៀននៅសាកលវិទ្យាល័យក្ដី និងធ្វើការងារសង្គម។ វេនសម្អាតផ្ទះមានច្បាស់លាស់ តែធ្វើម្ហូបអាស្រ័យអ្នកទំនេរ»។
សម្រាប់អ្វីដែលនារីវ័យ២១ឆ្នាំ មកពីខេត្តព្រៃវែងដែលធ្លាប់រស់ក្នុងតំបន់គេមិនឱ្យតម្លៃស្ត្រី ក្នុងការសិក្សារៀនសូត្រនោះ ថានៅទីនេះបានបង្រៀននាងឱ្យចេះរឹងមាំ និងបានសិក្សាពីសង្គមច្រើន។ កញ្ញាបញ្ជាក់ ៖«ទីនេះបង្រៀនខ្ញុំឱ្យចេះធ្វើការជាក្រុម រស់ជាក្រុម ធ្វើការងារសង្គម ធ្វើឱ្យខ្ញុំរឹងមាំ និងអាចធ្វើខ្លួនជាអ្នកដឹកនាំបាន»។
ត្រឡប់មកលោក ស្រ៊ុន ស្រ៊ន វិញ។ ជួលផ្ទះឱ្យនិស្សិតស្នាក់នៅ គ្រាន់ជាផ្នែកមួយតែប៉ុណ្ណោះ តែអ្វីដែលសំខាន់ លោកចង់ឱ្យមនុស្សក្លាហាន ជម្នះឧបសគ្គគ្រប់យ៉ាងដើម្បីការសិក្សា។ លោកបានផ្ដល់ជាគំនិតថា៖«បើយើងត្រូវឆ្លងទន្លេ ហើយចាំថានឹងមានអ្នកណាមកជួយយើង នោះយើងនឹងមិនបានឆ្លងទៅទេ។ បើយើងមិនមានប្រាក់បង់ថ្លៃសាលា យើងបែរទៅធ្វើការ ថាមិនមានបញ្ហា តែឧបសគ្គមាននៅគ្រប់កន្លែង គេចទៅណាក៏មានដែរ។ ទីបំផុតយើងឆ្លងមិនផុតដដែលហ្នឹង»។
បុរសរូបនេះថា មនុស្សត្រូវតែចេះទទួលខុសត្រូវចំពោះខ្លួនឯង។ លោកបញ្ជាក់ដូច្នេះ៖«ជីវិតរបស់យើង យើងជាអ្នកទទួលខុសត្រូវ ប្រយ័ត្នចាញ់សត្វ និងរុក្ខជាតិ។ ចាបពេលវាដុះស្លាប វាហើរទៅរកចំណីខ្លួនឯង។ មាន់ញាស់បានពីរទៅបីថ្ងៃ វាចេះកាយរកចំណីខ្លួនឯង។ ដូច្នេះបើយើងមិនចេះទទួខុសត្រូវលើជីវិតខ្លួនឯង មិនស្មើសត្វផង»៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
6 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម