អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោកស្រី ស៊ូ​ជី ចុះ​ជួប​ប្រជាពលរដ្ឋ​តាម​តំបន់ ក្រោយ​មាន​បណ្តឹង​ប្រឆាំង​មន្ត្រី​ពុករលួយ​និង​បក្សពួកនិយម​ច្រើន​
17, Feb 2019 , 9:12 pm        
រូបភាព
ដោយ:
​លោកស្រី​ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា អ៊ុង​សាន ស៊ូ​ជី បាន​ព្រមាន​ចាត់​វិធាន​ម៉ឺងម៉ាត់​បំផុត​ទៅលើ​មន្ត្រី​រដ្ឋាភិបាល ឬ​មន្ត្រី​សាធារណៈ ដែល​ប្រព្រឹត្ត​ខុស ជាពិសេស​នោះ​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​។ លោកស្រី ក៏បាន​ក្រើនរម្លឹក​ឲ្យ​មន្ត្រី​សាធារណៈ​ទាំងអស់​គោរព​តាម​បញ្ជា និង​បំពេញការងារ​ដោយ​សុចរិត​ភាព​។​



​នា​ដំណើរ​ចុះសួរសុខទុក្ខ​ប្រជាជន​តាម​មូលដ្ឋាន​នៅ​ថ្ងៃ​១៤ កុម្ភៈ​កន្លងទៅ លោកស្រី​ទីប្រឹក្សា​រដ្ឋ អ៊ុង​សាន ស៊ូ​ជី ទទួលបាន​ទាំង​ការស្វាគមន៍​ផង និង​ការតវ៉ា​ផង​ពាក់ព័ន្ធ​នឹង​ការដឹកនាំ​រដ្ឋាភិបាលរ​បស់​បក្ស​កាន់អំណាច ដែលមាន​លោកស្រី ជា​ប្រមុខ​។

តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន The Irrawaddy បន្ថែម​ពី​ការដាក់​ញ្ញ​តិ​ផ្លូវ​ការប្តឹង​មន្ត្រី​កាន់អំណាច​ជាន់ខ្ពស់​នៅតាម​តំបន់ មាន​ប្រជាជន​ជាច្រើន​នាក់ បាន​ស្រែក​ខ្លាំងៗ​ឲ្យ​លោកស្រី អ៊ុង​សាន ស៊ូ​ជី ដក​មន្ត្រី​ក្នុង​តំបន់​របស់​ពួកគេ​ចេញ ដោយ​ចោទថា មន្ត្រី​ខ្វះ​សមត្ថភាព​ដឹកនាំ បាន​ប្រព្រឹត្ត​អំពើពុករលួយ និង​បក្សពួកនិយម​ខ្លាំង​។​

តប​នឹង​បណ្តឹង​នោះ លោកស្រី​ទីប្រឹក្សា​រដ្ឋ បាន​សន្យា​ដោះស្រាយ​បញ្ហា​ទាំងនោះ​តាម​ជំហាន ហើយ​វត្តមាន​របស់លោក​ស្រី ក្នុង​កម្មវិធី​ចុះ​មូលដ្ឋាន ក៏​ដើម្បី​យល់ដឹង​ពី​ស្ថានភាព​ជាក់ស្តែង និង​ពង្រឹង​មន្ត្រី​រដ្ឋាភិបាល​តាម​តំបន់​ឲ្យ​មាន​វិន័យ​។

តាម​ប្រភពព័ត៌មាន លោកស្រី មិនទាន់​បន្ទោស​មន្ត្រីរ​បស់​លោកស្រី​នៅឡើយ​នោះទេ ក៏ប៉ុន្តែ​លោកស្រី បាន​ក្រើនរម្លឹក​តួនាទី​របស់​មន្ត្រី ដោយ​ធានា​ពី​ផលប្រយោជន៍​របស់​ប្រជាជន និង​ស្មោះត្រង់​ចំពោះ​ប្រជាជន​។ លោកស្រី ក៏បាន​ព្រមាន​ចាត់​វិធាន​ដោយ​មិន​យោគយល់​ដល់​មន្ត្រី​គ្រប់រូប ដែល​ហ៊ាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​សាធារណៈ​។​

អ្វីដែល​គួរ​ឲ្យ​សម្គាល់ លោកស្រី ហាក់ដូចជា​មិន​ចង់​ឲ្យ​ប្រជាជន​ទាមទារ​ចំណាត់ការ​របស់​រដ្ឋាភិបាល​លឿន​ពេក ពោលគឺ លោកស្រី បាន​ព្យាយាម​គូសបញ្ជាក់​ឲ្យ​ប្រជាជន​ដឹង​លឺថា កិច្ចការ​អាទិភាព និង​ជា​អ្វីដែល​រដ្ឋាភិបាល​កំពុង​តែ​ខិតខំ​ព្យាយាម​គឺ ការផ្សះផ្សារ​ជាតិ និង​ធានា​សន្តិភាព​៕


Tag:
 មី​យ៉ាន់​ម៉ា​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com