អន្តរជាតិ
UN ៖ រាល់​ឆ្នាំ​ប្រជាជន​៦០០​លាន​នាក់​ធ្លាក់ខ្លួន​ឈឺ និង​ជាង​៤០​ម៉ឺន​នាក់​ស្លាប់​ព្រោះ​អាហារ​គីមី និង​គ្មាន​អនាម័យ​
17, Feb 2019 , 10:19 pm        
រូបភាព
ដោយ:
ភ្នាក់ងារ​ជំនាញ​ចំណីអាហារ​របស់​អង្គការសហប្រជាជាតិ បាន​សម្តែង​ការព្រួយបារម្ភ​ចំពោះ​បញ្ហា​សន្តិសុខ និង​សុវត្ថិភាព​ចំណីអាហារ ដែល​បង្កដោយ​អាហារ​ផ្ទុក​សារធាតុ​គីមី និង​គ្មាន​អនាម័យ​។ ភ្នាក់ងារ​ជំនាញ ក៏បាន​ទទូច​ឲ្យ​មេដឹកនាំ​ពិភពលោក​ទាំងអស់​បង្ហា​ញ​ពី​ការទទួលខុសត្រូវ​លើ​បញ្ហា​នេះ ដោយ​មិនត្រូវ​ដាក់បន្ទុក​ទៅ​អ្នកណា​ឡើយ​។​



​តាម​របាយការណ៍​ក្នុង​សន្និសីទ​សុវត្ថិភាព​ចំណីអាហារ​អន្តរជាតិ របស់​អង្គការសហប្រជាជាតិ​នៅ​ថ្ងៃ​១២ កុម្ភៈ រៀងរាល់ឆ្នាំ មាន​ប្រជាជន​ពិភពលោក​ជាង ៦០០ លាន​នាក់ បាន​ធ្លាក់ខ្លួន​មាន​ជំងឺ និង ៤២ ម៉ឺន​នាក់  បាន​ស្លាប់ ដោយសារតែ​អាហារ ដែល​ផ្ទុក​បាក់តេរី​,​វីរុស និង​សារ​ធាតុគីមី​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​មជ្ឈមណ្ឌល​ព័ត៌មាន​អង្គការសហប្រជាជាតិ​។​
​អគ្គនាយក​របស់​អង្គការ​ចំណីអាហារ និង​កសិកម្ម​នៃ​អង្គការសហប្រជាជាតិ លោក José Graziano da Silva បាន​មានមតិ​ក្នុង​សន្និសីទ​ដែលមាន​អ្នកចូលរួម​ពី​តំណាង​ប្រទេស​ប្រមាណ​១៣០ នោះ​ថា ការធានា​ពី​ចំណីអាហារ គឺជា​ការទទួលខុសត្រូវ​ទាំងអស់គ្នា ហើយ​មេដឹកនាំ​ពិភពលោក ក៏​ត្រូវតែ​ធ្វើការ​រួមគ្នា​ដើម្បី​បង្កើន​សុវត្ថិភាព​ចំណីអាហារ​ទាំង​ក្នុង​ក្របខណ្ឌ​ជាតិ និង​អន្តរជាតិ​។​
​លោក​អគ្គនាយក បាន​បន្ថែមថា សន្តិសុខ​ចំណីអាហារ នឹងមិន​អាចមាន​នោះទេ បើ​ចំណីអាហារ​គ្មាន​សុវត្ថិភាព​នោះ​។ លោក បាន​គូសបញ្ជាក់ និង​សង្កត់ធ្ងន់ថា ចំណីអាហារ​ដែល​គ្មាន​សុវត្ថិភាព បាន​បំផ្លាញ​ប្រព័ន្ធ​ថែទាំ​សុខភាព សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និង​ផលិតភាព​ការងារ​ជាដើម​។
​នា​សន្និសីទ​ដដែល​នោះ អគ្គនាយក Tedros Adhanom នៃ​អង្គការ​សុខភាព​ពិភពលោក ដែលជា​ភ្នាក់ងារ​ជំនាញ​របស់​អង្គការសហប្រជាជាតិ​ផងដែរ​នោះ បាន​អះអាង អាហារ គួរ​ជា​ប្រភព​នៃ​ភាព​រីករាយ មិនមែនជា​ប្រភព​នៃ​ជំងឺ ឬ​ការស្លាប់​នោះទេ​។ ខណៈ​បង្ហាញ​ពី​ការខកចិត្ត​ពី​ការ​មិនសូវ​យកចិត្ត​ទុក​របស់​មេដឹកនាំ​មួយចំនួន​លើ​បញ្ហា​នេះ  តំណាង​ភ្នាក់ងារ​ជំនាញ​រូបនេះ បាន​ទទូច​ឲ្យ​មានការ​ធានា​ពី​ការវិនិយោគ​លើ​ផ្នែក​នេះ​ដោយ​ត្រូវធ្វើឡើង​ឲ្យ​បាន​សមស្រប​តាម​បទដ្ឋាន មានការ​ពិសោធ និង​តាមដាន​ឲ្យ​ល្អិតល្អន់​៕


Tag:
 កុមារ
  UN
© រក្សាសិទ្ធិដោយ thmeythmey.com