ជាតិ
សិល្បះ
មហោស្រព​គី​ហ្សូ​ណា​ជប៉ុន​នឹង​ប្រារព្ធ​ធ្វើ​ពីថ្ងៃ​ទី​២១ ដល់​ថ្ងៃទី​២៤ ខែកុម្ភៈ​
18, Feb 2019 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ ស្ថានទូត​ជប៉ុន រួមសហការ​ជាមួយ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន (CJCC) និង​មជ្ឈមណ្ឌល​អាស៊ី​នៃ​មូលនិធិ​ជប៉ុន នឹង​រៀបចំ​មហោស្រព​គី​ហ្សូ​ណា​ជប៉ុន​-​កម្ពុជា​លើក​ទី​៨ ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ CJCC​។



​មហោស្រព​គី​ហ្សូ​ណា​ជប៉ុន​-​កម្ពុជា បានរៀបចំ​ឡើងជា​រៀងរាល់ឆ្នាំ​ចាប់ពី​ឆ្នាំ​២០១២ ក្នុង​គោលបំណង​បង្ហាញ​ពី​វប្បធម៌​បុរាណ​- ទំនើប​របស់​ជប៉ុន និង​កម្ពុជា ក៏ដូចជា​ការផ្លាស់ប្ដូរ​វប្បធម៌​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​ផងដែរ​។ ប្រធានបទ​មហោស្រព​គី​ហ្សូ​ណា​ឆ្នាំនេះ​គឺ « Experience Together »​។

មហោស្រព​គី​ហ្សូ​ណា​រយៈពេល​៤​ថ្ងៃនោះ មានការ​សម្ដែង​របាំ​ប្រពៃណី​ខ្មែរ ល្ខោនខោល​វត្ត​ស្វាយ​អណ្ដែត​។ ការសម្ដែង​បែប​ប្រពៃណី​និង​ទំនើប​ដោយ​ក្រុម MINYO GIRLS និង​ក្រុម Area Rock Styler សិក្ខាសាលា​ស្ដីពី​តន្ត្រីបុរាណ​ជប៉ុន JSR ការប្រគំ​តន្ត្រី​ក្លា​ស៊ិ​កដោយ Worldship Orchestra និង​ក្រុម​តន្ត្រី​យុវជន​អង្គរ សិក្ខាសាលា​របាំ​ដោយ​ក្រុម Area Rock Styler​។ ការសាកល្បង​កីឡា​យុទ្ធសិល្ប៍​ជប៉ុន និង​កម្ពុជា (​កីឡា​កា​រ៉ា​តេ​ដូ អៃ​គី​ដូ ខេន​ដូ និង​ក្បាច់គុន​ល្បុ​ក​ត្តោ​) ។ បន្ថែម​ពី​នោះ​ក៏មាន​ការបង្ហាញ​ពិសេស​របស់​ល្ខោនបាសាក់ ល្ខោនខោល​វត្ត​ស្វាយ​អណ្ដែត និង​ល្ខោនបាសាក់​រឿង​ព្រះ​ស៊ី​សុវណ្ណ​ផងដែរ​។

ក្រៅពី​ការសម្ដែង មហោស្រព​នៅមាន​សកម្ម​ភាពជា​ច្រើន​ទៀត ដូចជា​ការ​គូរ​មុខ​ទម្រង់​សិល្បៈ​ល្ខោនបាសាក់ សិក្ខាសាលា​ស្ដីពី​ការអភិរក្ស​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ដោយ​ក្រុម​រដ្ឋាភិបាល​ជប៉ុន​លើ​ការថែរក្សា​តំបន់​អង្គរ​។ ការសាកល្បង​ស្លៀក​ក្បិន​ខ្មែរ និង​ពាក់​យូ​កាតា​ជប៉ុន​។ ការសាកល្បង​ពិធី​លៀង​តែ​ជប៉ុន សា​ដូ សិល្បៈ​បត់​ប្រដា​ស អូ​រី​ហ្គា​មី តុបតែង​ផ្កា អ៊ឹ​កេ​បា​ណា ការសរសេរ​អក្សរ​ផ្ចង់ ស្យូ​ដូ ជាដើម​។​

អ្នកចូលរួម​ត្រូវបាន​សំណូមពរ​ឱ្យ​ពាក់​អាវយឺត ដើម្បី​ងាយស្រួល​ចូលរួម​សកម្មភាព​នានា​៕


Tag:
 ភ្នំពេញ​
  ស្ថានទូត​ជប៉ុន​
  មហោស្រព​គី​ហ្សូ​ណា​ជប៉ុន​
  សិល្បៈ​
  ល្ខោនខោល​
© រក្សាសិទ្ធិដោយ thmeythmey.com