ជាតិ
អាជ្ញាធរថៃយកត្រាក់ទ័របម្រុងឈូសឆាយដំឡូងកសិករខ្មែរនៅព្រំដែន
× សមត្ថកិច្ចថៃបានយកត្រាក់ទ័របម្រុងឈូសឆាយដំឡូងមីរបស់កសិករខ្មែរ នៅតំបន់បន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ ប្រទេសថៃ។ នេះបើយោងតាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបានជាតិ។
សមត្ថកិច្ចការពារព្រំដែនថៃកងរយលេខ១២៦ ដែលមានគ្នាប្រមាណ ២៩នាក់ បានយកត្រាក់ទ័រ១គ្រឿង បម្រុងឈូសកំទេចចោលដំណាំដំឡូងមីររបស់កសិករកម្ពុជាពីរគ្រួសារ ដោយលើកហេតុផលថាបានដាំដំឡូងមី លើដីបន្ទាត់ព្រំដែន មិនទាន់មានភាពច្បាស់លាស់។ ខាងភាពីថៃទាមទារកសិករខ្មែរដកដំឡូងមីចោលជម្រៅ១៥០ម៉ែត្រ និងប្រវែង៥៥០ម៉ែត្រតាមផ្លូវក្រាលគ្រូសក្រហម កសាងអតីតកងទ័ពប៉ារ៉ា កាលនៅជំរុំ។
ករណីជម្លោះនេះកើតឡើងកាលពីរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ចន្លោះបង្គោលសីម៉ាលេខ៤២និង៤៣ ក្នុងភូមិល្បើកស្វាយ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ឈមទឹកដីថៃភូមិណងយ៉ាកែវ ឃុំគោកធ្យូង ស្រុកគោកធ្យូង ខេត្តស្រះកែវ ប្រទសថៃ។
ក្រោយពីអាជ្ញាធរទាំងពីរបានចរចាគ្នាក៏ឯកភាពគ្នាឲ្យពលរដ្ឋខ្មែរទាំង២គ្រួសារដកដំណាំដំឡូងមីររបស់ពួកគេត្រឹមជម្រៅ៥០ម៉ែត្រ និងបណ្តោយ៥៥០ម៉ែត្រវិញ។
ពលរដ្ឋខ្មែរទាំងពីរគ្រួសារ រស់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយពួកគាត់ដាំដុះដំឡូងមីលើផ្ទៃដីប្រមាណ៦ហិតា។
កសិករបានអះអាងថា ពួកគេបានដាំដុះដំឡូងមីនៅតំបន់នោះយូរមកហើយ ទើបតែដើមខែកុម្ភៈ ឆ្នាំ២០១៩នេះទេ ដែលអជ្ញាធរថៃមកឲ្យពួកគេដកដំឡូងមីនោះចោល។ ពួកគាត់បន្តថា ពួកគាត់បានចងការប្រាក់ពីធនាគារ បើតម្រូវឲ្យដកដំឡូងបែបនោះពួកគេប្រឈមនឹងការខាតបង គ្មានប្រាក់សងធនាគារ ខណៈដំឡូងនៅមើមតូចៗមិនទាន់ដាក់ម្សៅ។
អគ្គស្នងការដ្ឋាននគរបានជាតិ បានស្រង់សម្តីកសិករថាមិនគួសោះដាំដុះលើដីខ្មែរត្រូវអាជ្ញាធរថៃមកហាមឃាត់ទៅវិញ៕
© រក្សាសិទ្ធិដោយ thmeythmey.com