អន្តរជាតិ
ភរិយា​លោក មហា​ធៀ​៖«​ប្រជាជាតិ​ម៉ាឡេស៊ី​លួច​ស្វាមី​ពី​ខ្ញុំ​»
18, Feb 2019 , 10:49 am        
រូបភាព
ដោយ:
​ការវិលត្រឡប់​របស់​លោក មហា​ធៀ មហាម៉ាត់​ចូលក្នុង​នយោបាយ​ជាថ្មី​ធ្វើ​ឲ្យ​លោក​មមាញឹក​ពេក​ក្រៃ​។ អ្នកស្រី Siti Hasmah ភរិយា​របស់​លោកនាយ​ក​រដ្ឋមន្ត្រី​ម៉ា​ឡេ​រូបនេះ​និយាយថា ការ​ប្រឡូក​នយោបាយ​របស់​ស្វាមី​ខ្លួន​ឡើងវិញ​មិន​ខុសពី ប្រជាជាតិ​ម៉ាឡេស៊ី​លួច​ស្វាមី​ពី​អ្នកស្រី​ឡើយ​។​

 
​អ្នកស្រី Siti ដែល​រៀបការ​ជាមួយ​លោក​មហា​ធៀ​អស់​រយៈពេល ៦៣​ឆ្នាំ​ហើយ​នោះ ហាក់​មិន​ពេញចិត្ត​ឡើយ​ពេលដែល​ស្វាមី​អ្នកស្រី​ត្រូវ​ចូលទៅ​ដឹក​ប្រទេស​ម្តងទៀត ក្រោយពី​លោក​បានធ្វើ​ការងារ​នេះ​អស់​រយៈពេល​ជាង ២២​ឆ្នាំ ពោលគឺ​ចាប់ពី​ឆ្នាំ​១៩៨១ ដល់​ឆ្នាំ​២០០៣​។  
 
​ឆ្លើយ​នៅក្នុង​បទ​សម្ភាស​ផ្តាច់មុខ​មួយ​ជាមួយ​សារព័ត៌មាន Malaysian Reserve ក្នុង​សប្តាហ៍​នេះ អ្នកស្រី Siti និយាយថា​៖«​ខ្ញុំ​មិនបាន​ប្រគល់​គាត់​ត្រឡប់​ទៅវិញ​នោះទេ ប៉ុន្តែ​ពួកគេ​បាន​លួច​គាត់​ពី​ខ្ញុំ​។ នៅពេល​ខ្ញុំ​ដឹងថា​ស្វាមី​ខ្ញុំ​ឈ្នះ​ការបោះឆ្នោត​ក្លាយជា​នាយករដ្ឋមន្ត្រី​ជាថ្មី​។ ខ្ញុំ​សួរ​គាត់ ហើយ​គាត់​ឆ្លើយតប​វិញ​ថា គណបក្ស​បួន​តែងតាំង​គាត់​ដោយ​ឯកច្ឆ័ន្ទ​។ ហើយ​គាត់​គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅពី​ទទួលយក​វា​។ គាត់​យល់ឃើញថា​វា​គឺជា​ទំនួល​ខុសត្រូវ​»​។ 
 
​បន្ថែម​ពីនេះ អ្នកស្រី Siti Hasmah ជឿជាក់ថា លោក​មហា​ធៀ នឹង​ប្រគល់​តំណែង​កំពូល​នេះ​ទៅ​ឲ្យ​អ្នក​បន្តវេន មុន​អាណត្តិ​របស់លោក​បញ្ចប់​។ យោងតាម​សារព័ត៌មាន Malaysiakini អ្នកស្រី និយាយថា ស្វាមី​អ្នកស្រី​ចាត់ទុក​តំណែង​ជា​នាយករដ្ឋមន្ត្រី​ទី​ប្រាំពីរ​របស់​ម៉ាឡេស៊ី​ដែល​លោក មហា​ធៀ កំពុងកាន់ ជា​ការងារ​បណ្តោះអាសន្ន​ប៉ុណ្ណោះ​។ អ្នកស្រី​បន្ថែមថា នៅពេល​បញ្ហា​ត្រូវបាន​ដោះស្រាយ ហើយ​ប្រទេស​ដើរ​លើ​គន្លង​ត្រឹមត្រូវ​វិញ​នោះ លោក​មហា​ធៀ​នឹង​លាលែង​ពី​តំណែង​។​
 
​ទោះបីជា​ស្វាមី​អ្នកស្រី គឺ​លោក​មហា​ធៀ ត្រូវបាន​គេ​ចាត់ទុកថា​ជា «​បិតា​នៃ​ម៉ាឡេស៊ី​សម័យ​ទំនើប​» ក៏ដោយ​ក្តី អ្នកស្រី Siti បាន​និយាយ​ដោយ​ឥត​លាក់លាម​ថា អ្នកស្រី​មិន​ចូលចិត្ត​នយោបាយ​នោះទេ​។ ត្រង់ចំណុច​នេះ​លោកស្រី​ថា​៖«​នយោបាយ​គឺជា​រឿង​ដែល​លើសពី​ការយល់ដឹង​របស់ខ្ញុំ​។ ខ្ញុំ​ដឹងថា​អ្នក​អាចធ្វើ​អ្វី​បាន​ច្រើន អ្នក​អាចមាន​អំណាច​។ អ្នក​អាចធ្វើ​រឿងនេះ ឬ​រឿង​នោះ​ក្នុង​នយោបាយ​។ ប៉ុន្តែ​ខ្ញុំ​មិន​ចូលចិត្ត​នយោបាយ​ឡើយ​។ ពេលខ្លះ​វា​ស្មោកគ្រោគ​»៕ 
 

Tag:
 ម៉ាឡេស៊ី​
  មហា​ធៀ មហាម៉ាត់
© រក្សាសិទ្ធិដោយ thmeythmey.com