កីឡាអន្តរជាតិ
អន្តរជាតិ
Mourinho បង្ហើបបំណងដឹកនាំក្រុមនៅបារាំង ក្រោយអង្គុយមើលការប្រកួត Lille និង Montpellier រូបភាពពី AFP
× លោក Jose Mourinho ថាលោកអាចនឹងក្លាយជាគ្រូបង្វឹកក្រុមកីឡាបាល់ទាត់នៃលីគកំពូលបារាំងបន្ទាប់ពីលោកបានទៅទស្សនាការប្រកួតរវាង Lille និង Montpellier ដែលបញ្ចប់ទៅក្នុងលទ្ធផល ០-០ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។ បុរសដែលមានរហស្សនាម Special One បានមើលឃើញខ្សែបម្រើសញ្ជាតិកូតឌីវ័រ Nicolas Pepe ថារូបគេនឹងក្លាយជាតារាបាល់ទាត់កំពូលម្នាក់។
ក្លិប Manchester United បានប្រកាសចែកផ្លូវជាមួយលោក Mourinho មុនកិច្ចសន្យាកាលពីថ្ងៃទី១៨ ខែធ្នូកន្លងទៅ ដោយយល់ព្រមបង់សំណងថ្លៃពលកម្មដែលនៅសល់ដល់អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ រួមទាំងបុគ្គលិករបស់គាត់ ចំនួន ២៥លានដុល្លារអាមេរិក។
ក្រោយចាកចេញពីទឹកដី Old Trafford លោក Mourinho បានទៅចូលរួមជាអ្នកប្រភាគកីឡាឲ្យទូរទស្សន៍ BEIN Sports ក្នុងប្រទេសកាតា។ លោកក៏ត្រូវបានឃើញអង្គុយជាមួយលោក Luis Campos ទីប្រឹក្សាក្លិប Lille អំឡុងការប្រកួតក្នុងទឹកដី នៅ Stade Pierre-Mauroy កាលពីថ្ងៃអាទិត្យផងដែរ។
«ខ្ញុំអាចក្លាយជាគ្រូបង្វឹកក្លិបនៅបារាំងថ្ងៃណាមួយ។ ខ្ញុំធ្លាប់ដឹកនាំក្រុមនៃលីគបាល់ទាត់កំពូលក្នុងប្រទេសបួនផ្សេងគ្នា ហើយមិនមាននរណាចូលចិត្តធ្វើបែបនេះដូចខ្ញុំ និងចង់ស្គាល់វប្បធម៌ក្រុមជាច្រើននោះទេ»។ Mourinho លើកឡើងដូច្នេះ។
អតីតអ្នកចាត់ការ Porto, Chelsea, Inter Milan, Real Madrid និង Man Utd រូបនេះបន្ថែមថា លោកចូលចិត្តរៀនគ្រប់ពេលដើម្បីធ្វើការនៅលីគផ្សេងគ្នា ដែលនេះបានធ្វើឲ្យលោកមានបទពិសោធមួយដ៏អស្ចារ្យក្នុងអាជីពជាអ្នកចាត់ការក្រុមរបស់លោក។
Nicolas Pepe (អាវក្រហម) ដែលទទួលបានការសរសើរពី Jose Mourinho
ប្រភពមួយបានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថាអ្នកចាត់ការវ័យ៥៦ឆ្នាំនេះបានទៅទស្សនាការប្រកួតរបស់ Lille ដើម្បីមើលកីឡាករពីររូបរួមមានខ្សែបម្រើ Pepe និងខ្សែបម្រើសញ្ជាតិប្រេស៊ីល Thiago Mendes។
ក្នុងចំណោមកីឡាករទាំងពីរលោក Mourinho បានសរសើរ Pepe វ័យ២៣ឆ្នាំ ថានឹងក្លាយជាកីឡាករលំដាប់កំពូលម្នាក់ ខណៈរូបគេជាអ្នករកគ្រាប់បាល់បញ្ចូលទីច្រើនជាងគេលំដាប់ទី៣នៅ Ligue 1 បារាំងចំនួន ១៦ គ្រាប់តាមពីក្រោយ Kylian Mbappe និង Neymar របស់ PSG និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមសម្រេចទី៨លើកនៅរដូវកាលនេះ៕
Tag:
បាល់ទាត់
Jose Mourinho
Nicolas Pepe
Lille
© រក្សាសិទ្ធិដោយ thmeythmey.com