កីឡាជាតិ
ជាតិ
ឡៅ ចិ​ត្រា សរសើរ Superlek ក្រោយ​ចាញ់​ពិន្ទុ​ក្នុង​ព្រឹត្តិការណ៍ ONE: Clash of Legends
19, Feb 2019 , 7:59 am        
រូបភាព
Superlek (ឆ្វេង) និង ឡៅ ចិត្រា ក្រោយចប់ការប្រកួត
Superlek (ឆ្វេង) និង ឡៅ ចិត្រា ក្រោយចប់ការប្រកួត
ដោយ៖ Matias Andres
 
​កីឡាករ​គុន​ខ្មែរ ឡៅ ចិ​ត្រា បាន​ចាញ់​កីឡាករ​មួយ​ថៃ Superlek Kiatmoo9 ដោយ​ពិន្ទុ​នា​ជំនួប​ក្នុង​ព្រឹត្តិការណ៍ ONE: Clash of Legends នៅ​ទីក្រុង​បាងកក នា​ល្ងាច​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៩​។​

 
​គ្រាន់តែ​ជួង​បន្លឺឡើង​ភ្លាម Superlek ស្ទុះ​ចូលទៅ​រក ចិ​ត្រា ហើយ​ទាត់​ជើង​ក្រោម ជាមួយនឹង​កណ្តាប់ដៃ​ផង​ដើម្បី​ដាក់​សម្ពាធ​ទៅ​ដៃគូ​របស់គេ​។ ជំនួប​បង្ហាញថា Superlek ពិតជា​សាក​សមជា​ម្ចាស់​ពានរង្វាន់​ពីរដង​ប្រចាំ Lumpinee Stadium Muay Thai World Champion ប្រាកដ​មែន​។ 
 
​ភាគី​ថៃ​បន្ត​វាយ​បណ្តាក់​លើ​ចិ​ត្រា ឥតឈប់ឈរ​ជាមួយ​ការប្រើ​ជើង​កាប់​ធ្ងន់ៗ និង​ដាល់​ចំៗ ទោះ​យ៉ាងនោះ​ក្តី ខាង​ភាគី​កម្ពុជា​នៅតែ​អាច​តស៊ូ​បាន​លួច​ចេញ​ដៃ និង​កាប់​កែង​ទៅលើ​គូប្រកួត​ដែរ​។​
 
​ក្រោយពី​ការប្រកួត​នោះ​ហើយ អ្នក​ប្រដាល់​កម្ពុជា វ័យ​១៩​ឆ្នាំ​ទទួលស្គាល់ថា Superlek ពិតជា​ខ្លាំង​គួរ​ឲ្យ​ញរ​ញើ​ត​ណាស់​។ តែ​ក៏​គួរ​ឲ្យ​សរសើរ ចិ​ត្រា ដែរ ដែល​រូបគេ​អាច​ទ្រាំ​ទប់ទល់​បាន​ទៅដល់​បី​ទឹក​ជាមួយ​ជើងឯក​កម្រិត​ពិភពលោក​ម្នាក់នេះ​។​
 
​ចិ​ត្រា រៀបរាប់​៖ «​មុននឹង​ការប្រកួត​ចាប់ផ្តើម ខ្ញុំ​គិតថា​ខ្ញុំ​នឹងធ្វើ​ឲ្យ​ល្អ ហើយ​កម្លាំង​ខ្ញុំ​មាន អី​ផ្សេង​ក៏មាន​អស់ហើយ​។ ប៉ុន្តែ​ដូច​ចាញ់​ក្បាច់​គេ​តែម្តង គាត់​រហ័ស​ល្អ​ណាស់​»​។​
 
​ចូលដល់​ទឹក​ទី​៣ ចិ​ត្រា ចាប់ផ្តើម​ប្រឹង​ខ្លាំង​អស់ពី​ខ្លួន​រិះរក​វិធី​ចូល​វាយ ដើម្បី​ធ្វើយ៉ាងណា​យកជ័យ​ជម្នះ​មក​មាតុភូមិ​ឲ្យ​បាន ប៉ុន្តែ​ដោយ​ភាពរហ័សរហួន​ខ្លាំង និង​ការ​សម្រុក​ក៏​ល្អ​ពី​ដៃគូ​នោះ បានធ្វើ​ឲ្យ​សភាព​ខ្លួនប្រាណ​គាត់​ទទួលរង​ភាពឈឺចាប់​ខ្លាំង​ពេល​ប្រកួត​។​
 
«​ដៃ​ខ្ញុំ​ឈឺ និយាយ​ទៅ​គេ​ទាត់​ធ្ងន់ ទាត់​ទៅ​ក្រឡក​ដល់​មុខតែ​ហ្មង​។ ក្នុង​ចិត្ត​គិតថា​ទ្រាំ ហើយ​ចង់​ចូល​វាយ​គេ​ឲ្យ​សន្លប់ តែ​ធ្វើទៅ​អត់​បាន​»
 
​បន្ទាប់ពី​ការប្រកួត​កម្មវិធី ONE Championship Super Series បានបញ្ចប់ ចិ​ត្រា ឃើញថា​មាន​ស្មារតី​ល្អ ដោយសារ​មានការ​សរសើរ​ពី​សមត្ថភាព​គាត់​ច្រើន ព្រោះថា​គាត់​អាច​ទ្រាំទ្រ​ទប់ទល់​ជាមួយ Superlek បាន​ដល់​ចប់​ទឹក​។​
 
​ចិ​ត្រា ដែលជា​កីឡាករ​តំណាង​ក្លិប Cambodian Top Team ទោះ​ត្រូវ​ចាញ់​ដោយ​ពិន្ទុ​ក្រោម​ដៃ Superlek ក្តី ក៏​រូបគេ​នៅតែ​គោរព​ស្ញប់ស្ញែង​ភាគី​ថៃ​នេះ​ដដែល​។​
 
«​លើកទីមួយ​ហើយ ដែល​ប៉ះ​គេ​ល្អ​អីចឹង​» ចិ​ត្រា និយាយ​ចប់ ហើយក៏​ថ្លែងអំណរគុណ​ដល់​អ្នកគាំទ្រ​នៅ​កម្ពុជា​ទាំងអស់​ដែល​បាន​ស្រលាញ់ និង​លើកទឹកចិត្ត​ក្រោយ​ការ​ការប្រកួត​ក្នុង​ស្ថាប័ន​ធំជាងគេ​លើ​ពិភពលោក​នេះ​៕
 
 

Tag:
 ONE Championship
  ឡៅ ចិ​ត្រា
© រក្សាសិទ្ធិដោយ thmeythmey.com