ONE Championship
កីឡាជាតិ
ជាតិ
អ្នក​វាយ​ក្នុង​ទ្រុង Onyedikachi នឹង​បង្ហាញមុខ​នៅ​ព្រឹត្តិការណ៍ ONE Warrior Series 4 នៅ​សិង្ហ​បុរី​
19, Feb 2019 , 12:19 am        
រូបភាព
កីឡាករ Emmanuel Onyedikachi (ឈ) នាការប្រកួតកន្លងមក
កីឡាករ Emmanuel Onyedikachi (ឈ) នាការប្រកួតកន្លងមក
ដោយ​៖ Matias Andres
 
​អ្នក​ប្រយុទ្ធ​ក្នុង​ទ្រុង​ជនជាតិ​នី​ហ្សេ​រី​យ៉ា Emmanuel Onyedikachi ដែលមាន​ឈ្មោះ​បោះ​សំឡេង​ខ្លាំង​លើស​ង្វៀន ONE Championship នឹង​បង្ហាញខ្លួន​ម្តងទៀត​ក្នុង​ព្រឹត្តិការណ៍ ONE Warrior Series 4 ថ្ងៃទី​២៨ ខែកុម្ភៈ នៅ​សិង្ហ​បុរី​។

 
​កីឡាករ​វ័យ ៣២​ឆ្នាំ​ដែល​សព្វថ្ងៃ​មាន​ទីលំនៅ​ក្នុង​រាជធានី​ភ្នំពេញ នឹងត្រូវ​តទល់​ជាមួយ​កីឡាករ Devon Morris ដែលជា​ជំនួប​ដ៏​ធំ​មួយ​
​ក្នុង​សង្វៀន​ធំ​ប្រចាំ​តំបន់​អាស៊ាន​នេះ​។​
 
Onyedikachi និយាយ​ពី​ចំនុចខ្លាំង​របស់​គូប្រកួត​ថា​៖ «Morris គេ​មានបទពិសោធន៍​ច្រើន​គ្រាន់បើ​ដែរ តែ​សម្រាប់​ខ្ញុំ​គឺ​ចូលចិត្ត​អ៊ីចឹង​។ ខ្ញុំ​ពេញចិត្ត​តទល់​ជាមួយ​អ្នកខ្លាំងៗ​បែបនេះ​។ ខ្ញុំ​ជឿថា​ខ្ញុំ​អាច​ឈ្នះ​ប្រកួត​នោ​ហ ហើយ​មិន​បណ្តោយ​ឲ្យ​ឈ្នះ​ត្រឹម​ពិន្ទុ​ឡើយ​»​។​
 
​រីឯ Morris គឺជា​កីឡាករ​តំណាង​ក្លិប Phuket Top Team ដែល​បច្ចុប្បន្ន​រូបគេ​មាន​ប្រវត្តិ​ឈ្នះ ៧​ដង ក្នុងនោះ​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​ត្រឹម​ទឹក​ទី​១៦​លើក និង​ឈ្នះ​ពិន្ទុ​មួយ​លើក​។ 


 
​បើ​ទោះ​មាន​ប្រវត្តិ​ប្រកួត​ល្អ​យ៉ាងនេះ​ក្តី ប៉ុន្តែ​អ្នកលេង​គុន​ចម្រុះ​នី​ហ្សេ​រី​យ៉ា​មកពី​ក្លិប​ប្រដាល់​អាជីព «​សិល្បៈ​» ដែលមាន ចាន់ រតនា ជា​គ្រូ​នោះ ថា​រូបគេ​មិន​ញញើត​នឹង​សាក​ថ្វីដៃ​ជាមួយ​គ្រប់​គូប្រកួត​ខ្លាំងៗ​បែបនេះ​ឡើយ​។​
 
Onyedikachi ប្រាប់​ពី​អារម្មណ៍​នៅមុន​ការប្រកួត​នៅ​សិង្ហ​បុរី​ថា​៖ «​វា​ជាការ​ប្រកួត​ដ៏​ពិបាក​មួយទៀត​របស់ខ្ញុំ ព្រោះ​ត្រូវ​ប្រឈមមុខ​ជាមួយ​គូប្រកួត​ដែលមាន​កម្លាំង​ប្រហែល​គ្នា​។ អាច​និយាយថា ដូច​គោព្រៃ​ប៉ះ​គោព្រៃ​អ៊ីចឹង វា​ច្បាស់​ជា​ផ្អើល​សង្វៀន​មិន​ខាន​»​។​
 
Emmanuel Onyedikachi រហូតមកដល់​ពេលនេះ​មានកំណត់​ត្រា​ឈ្នះ ៣​ដង​ជាប់ៗ​គ្នា ហើយ​ចាប់​ល្បី​ខ្លាំង​ពេល​ផ្តួល​ជើង​ខ្លាំង​ឥណ្ឌា Sandeep Kumar Dahiya ក្នុង​ទឹក​ទី​១​។ 
 
​ក្រៅពី​រវល់​ហ្វឹកហាត់​ពង្រឹងកម្លាំង​បន្ថែម អ្នក​ប្រដាល់​នី​ហ្សេ​រី​យ៉ា​រូបនេះ ក៏មាន​ភាព​មមាញឹក​ខ្លាំង​ក្នុង​ជីវិត​ក្រៅ​សង្វៀន​ផងដែរ​។ គាត់​បាន​កសាង​គ្រួសារ​ផ្ទាល់ខ្លួន ដោយ​ទើបបាន​រៀប​អាពាហ៍ពិពាហ៍​ថ្មីថ្មោង ហើយ​បន្តិចទៀត​ជិត​ក្លាយជា​ឪពុក​គេ​ផងដែរ​។​
 
​មួយរយៈ​ចុងក្រោយ​នេះ មានរឿង​ជាច្រើន​បាន​កើតឡើង​ក្នុង​ជីវិត​របស់គេ​ផងដែរ ដែល​ធ្វើ​ឲ្យ Onyedikachi ក្លាយជា​មនុស្ស​ផ្លាស់ប្តូរ​ខុសពី​មុន​សឹង​ទាំងស្រុង​។ បុរស​ម្ន​កា់​នេះ នឹង​ក្លាយជា​ឪពុក​គេ​ហើយ ដូច្នេះ​វារឹតតែ​ធ្វើ​ឲ្យ​គេ​កាន់តែ​ឆាបឆួល​ក្នុងការ​ពង្រឹង​អាជីព​ថែមទៀត​។​
 
​សព្វថ្ងៃ​ក្រៅពី​អាជីព​ប្រដាល់ Onyedikachi ក៏​ជា​ឯកអគ្គរាជទូត​តំណាង​ឲ្យ​អង្គការក្រៅរដ្ឋាភិបាល​មួយ​ឈ្មោះថា Awareness Cambodia​។ អ្នក​ប្រដាល់​រូបនេះ នឹង​បោះជំហាន​ដើរចូល​ទ្រុង​ប្រយុទ្ធ​ម្តងទៀត ដោយមាន​ការគាំទ្រ​ពេញទំហឹង​ពី​ក្មេងៗ និង​បុគ្គលិក​នៅ​អង្គ​ការដែល​គោរព​រាប់អាន​ខ្លួន រួមជាមួយ​គ្រួសារ​របស់គាត់​ផងដែរ​។​


 
«​ពេល​ខ្ញុំ​ដើរចូល​ទ្រុង ខ្ញុំ​ដឹងថា​ខ្ញុំ​វាយ​ដើម្បី​គ្រួសារ​។ ខ្ញុំ​មិន​វាយ​សម្រាប់តែ​ខ្លួនឯង​ទៀត​ទេ តែ​គឺ​វាយ​ដើម្បី​កុមារ​ក្រីក្រ​ទាំងនោះ សម្រាប់​គ្រួសារ និង​សម្រាប់​កូន​របស់ខ្ញុំ​ដែរ​»​។ 
 
Emmanuel រៀបរាប់​ពី​ជីវិត​ដ៏​លំបាក​វេទនា​ពេលមកដល់​កម្ពុជា​ដំបូង ប៉ុន្តែ​គាត់​ចង់យក​ឱកាស​នេះ​បង្ហាញ​ដល់​ជនរួមជាតិ​កម្ពុជា​ទាំងអស់​ថា អ្នកណា​ក៏​អាច​ផ្លាស់​ប្តូរជីវិត​ខ្លួនឯង​បានដែរ បើសិន​យើង​ចេះ​ខិតខំ​តាំងចិត្ត ហើយ​ចេះ​បណ្តុះ​ស្មារតី​វិជ្ជមាន​ជានិច្ច​។ 
 
Onyedikachi រំលឹក​ឃ្លា​ដែល​គាត់​ចូលចិត្ត​ដូច្នេះ​ថា​៖«​គ្រាន់តែ​ពេល​ខ្ញុំ​គិតថា​ពិភពលោក​ទាំងមូល​កំពុង​លេងសើច​នឹង​ខ្ញុំ ស្រាប់តែ​អ្វីៗ​ក៏​ចាប់ផ្តើម​ផ្លាស់ប្តូរ​ទាំងស្រុង​។ ខ្ញុំ​ជឿថា​ឆ្នាំ ២០១៩ ជា​ឆ្នាំ​ពិសេស​បំផុត​របស់ខ្ញុំ​»៕ 
 

Tag:
 ONE Championship
  Emmanuel Onyedikachi
© រក្សាសិទ្ធិដោយ thmeythmey.com