រដ្ឋ ១៦ ប្តឹងរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ជុំវិញការប្រកាសភាពអាសន្នជាតិដើម្បីសង់ជញ្ជាំងព្រំដែនភាគខាងត្បូង។ តំណាងរដ្ឋទាំង ១៦ បានចោទប្រកាន់ថា ប្រធានាធិបតីកំពុងរំលោភរដ្ឋធម្មនុញ្ញ ដើម្បីបង្កើនអំណាចផ្ទាល់ខ្លួន។
ដូចរំពឹងទុកបណ្តឹងប្រឆាំងនឹងការសម្រេចរបស់ប្រធានាធិបតី ត្រាំ ដែលប្រកាសរដ្ឋក្នុងភាពអាសន្នកាលពីសប្តាហ៍មុនកំពុងកើនឡើងជាលំដាប់។ បើតាមទីភ្នាក់ងារព័ត៌មាន AFP បច្ចុប្បន្នបណ្តឹងពីរដ្ឋមានរហូតដល់ ១៦ទៅហើយ។
កាលីហ្វ័រនីញ៉ា និងញូវយ៉កចាប់ផ្តើមដាក់ពាក្យប្តឹងទៅតុលាការសហព័ន្ធដំបូងគេដោយអះអាងថា ប្រធានាធិបតីកំពុងតែរំលោភអំណាច បំពានមាត្រាចែងក្នុងរដ្ឋធម្មនុញ្ញ។ មាត្រានោះចែងថា ស្ថាប័ននីតិបញ្ញត្តិជាស្ថាប័នចុងក្រោយដែលមានអំណាចសម្រេចផ្តល់ឬមិនផ្តល់ហិរញ្ញវត្ថុសាធារណៈសម្រាប់ប្រើប្រាស់ជាប្រយោជន៍រួម។
អគ្គរដ្ឋអាជ្ញាប្រចាំរដ្ឋកាលីហ្វ័រនីញ៉ា Xavier Becerra ដែលជាអ្នកតំណាងរៀបចំបណ្តឹងបានបញ្ជាក់ច្បាស់ថា រដ្ឋរបស់លោកសម្រេចប្តឹងដោយសម្អាងលើហេតុផលសំខាន់ផ្សេងទៀតដូចជាការហានិភ័យនៃការបាត់បង់ថវិកាសម្រាប់ប្រើប្រាស់គាំទ្រគម្រោងយោធា, ឆ្លើយតបនឹងគ្រោះមហន្តរាយ និងដោះស្រាយបញ្ហាសំខាន់ៗផ្សេងទៀតដែរ។
ក្រៅពីកាលីហ្វ័រនីញ៉ា និងញូវយ៉ក គេឃើញមានរដ្ឋ ១៤ ផ្សេងទៀតដែលដាក់ពាក្យប្តឹងដូចជា Colorado, Connecticut, Delaware, Hawaii, Illinois, Maine, Maryland, Michigan, Minnesota, Nevada, New Jersey, New Mexico, Oregon និង Virginia។
បើតាមទីភ្នាក់ងារព័ត៌មាន AFP បណ្តឹងរបស់រដ្ឋខាងលើបានអះអាងច្បាស់ៗថា ការប្រើប្រាស់ថវិកាសហព័ន្ធដើម្បីសង់ជញ្ជាំងព្រំដែនគឺផ្ទុយនឹងគោលបំណងរបស់សភា ហើយវាបំពានរដ្ឋធម្មនុញ្ញជាពិសេសមាត្រាដែលចែងពីនីតិវិធីក្នុងការអនុម័តច្បាប់ និងមាត្រាពាក់ព័ន្ធផង។
បណ្តឹងនោះចោទប្រកាន់បន្ថែមថា លោក ត្រាំ កំពុងបង្កើនឲ្យមានវិបត្តិធម្មនុញ្ញ តាមរយៈការសម្រេចរបស់ខ្លួននេះ ដ្បិតសភាបានសម្រេចច្បាស់លាស់ម្តងជាពីរដងហើយថា គ្មានថវិកាសម្រាប់ការសង់ជញ្ជាំងនេះឡើយ។
អ្វីដែលគួរឲ្យកត់សម្គាល់ ក្នុងបណ្តឹងដដែលនោះ រដ្ឋសាមីក៏បានប្តឹងក្រសួងសន្តិសុខមាតុភូមិផងដែរជុំវិញការបំពានលើច្បាប់ការពារបរិស្ថានជាតិ ដោយសារមិនអើពើនិងមិនបានសិក្សាលម្អិតឡើយពីផលប៉ះពាល់លើបរិស្ថានដែលបង្កឡើងដោយការសង់ជញ្ជាំងព្រំដែនជាពិសេសផលប៉ះពាល់លើរដ្ឋធំៗពីរមានកាលីហ្វ័រនីញ៉ា និងរដ្ឋ New Mexico។
ក្រៅពីមានបណ្តឹងពីរដ្ឋ សមាជិកព្រឹទ្ធសភាបក្សសាធារណរដ្ឋជាច្រើននាក់បានទិតៀនការសម្រេចចិត្តរបស់ប្រធានាធិបតីក្នុងការប្រកាសភាពអាសន្នជាតិ ដោយគេចាត់ទុកថា ប្រធានាធិបតីកំពុងបង្កើតស្ថានភាពគ្រោះថ្នាក់ និងរំលោភអំណាចនីតិប្រតិបត្តិផងដែរ។
អ្នករិះគន់ខ្លះបានវាយតម្លៃផងដែរចំពោះអនាគតខាងមុខនៅពេលដែលអាមេរិកមានប្រធានាធិបតីមកពីបក្សប្រជាធិបតេយ្យវិញម្តង។ ប្រធានាធិបតីថ្មីក៏ប្រហែលជានឹងប្រកាសដាក់រដ្ឋក្នុងភាពអាសន្នដូចគ្នាដើម្បីដោះស្រាយបញ្ហាធំៗដូចជាការគ្រប់គ្រងអាវុធ និងដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុផងដែរ។
យ៉ាងណាក៏ដោយចុះ លោក ត្រាំ បានបង្ហាញសុទិដ្ឋិនិយមកន្លងមក ដោយសន្មត់ជាមុនថា បណ្តឹងប្រឆាំងចំណាត់ការរបស់លោកនឹងមិនជោគជ័យទេនៅតុលាការកំពូល ហើយលោកនឹងនៅតែមានអំណាបន្តអនុវត្តគោលនយោបាយក្រោមច្បាប់ស្តីពីភាពអាសន្នជាតិដដែល៕