ជាតិ
ក្រសួងបរិស្ថានខ្ចីលុយ៥៥លានដុល្លារពីធនាគារពិភពលោក ដើម្បីពង្រឹងការគ្រប់គ្រងបរិស្ថាន និងសង្គម រូបពីហ្វេសប៊ុកក្រសួងបរិស្ថាន
× ក្រសួងបរិស្ថានបានរៀបចំគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិ» ក្នុងទំហំទឹកប្រាក់ចំនួន ៥៥ លានដុល្លាអាមេរិក ដែលជាកម្ចីរបស់ធនាគារពិភណលោក ដើម្បីបង្កើនប្រសិទ្ធភាព នៃការគ្រប់គ្រងធនធានធម្មជាតិ ជំរុញទេសចរណ៍ធម្មជាតិ និង សង្វាក់តម្លៃអនុផលព្រៃឈើ។
ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាន ដែលចេញផ្សាយកាលពីថ្ងៃទី១៣ ខែកុម្ភៈ បានបញ្ជាក់ថា គម្រោងទាំងនេះ នឹងផ្ដោតសំខាន់លើការគ្រប់គ្រងធនធានធម្មជាតិឲ្យមានប្រសិទ្ធភាពចំនួន៣សំខាន់ៗ សម្រាប់ការវិនិយោគលើការពិនិត្យតាមដាន និងរៀបចំផែនការតំបន់ទេសភាពប្រកបដោយនិរន្តរភាព, កសាងហេដ្ឋារចនាសម្ព័ន្ធដើម្បីសម្រួសដល់ទេសចរណ៍ធម្មជាតិ និងសង្វាក់តម្លៃអនុផលព្រៃឈើ, និងការគ្រប់គ្រងការពិនិត្យតាមដាន និងការវាយតម្លៃគម្រោង។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក នេត្រ ភក្រា្ត អ្នកនាំពាក្យក្រសួងបរិស្ថាន បាននិយាយថា គម្រោងនេះអនុវត្តទៅបានដោយសារកម្ចីរបស់ធនាគារពិភពលោក និង មូលនិធិបរិស្ថានពិភពលោក។ គម្រោងនេះនឹងអនុវត្តន៍នៅក្នុងឆមាសទី២ ដែលមានរយៈពេល ៥ឆ្នាំ នៅខេត្តគោលដៅចំនួន៧ រួមមាន ខេត្តកំពង់ស្ពឺ កោះកុង ពោធិ៍សាត់ បាត់ដំបង កំពង់ឆ្នាំង កំពង់ធំ និងសៀមរាប។ តែយ៉ាងណាលោក នេត្រ ភក្ត្រា មិនបានបញ្ជាក់លម្អិតលើចំនួនថវិកានោះឡើយ។
អ្នកនាំពាក្យរូបនេះ បាននិយាយថា៖«តាមគម្រោងរបស់យើង ប្រសិនជាអ្វីៗដំណើរការស្រប់តាមផែនការ គឺយើងនឹងចាប់អនុវត្តន៍នៅក្នុងឆមាសទី២ ក្នុងឆ្នាំ២០១៩»។
បើយោងតាមសេក្តីព្រាងថវិកាជាភាសារអង់គ្លេសរបស់ក្រសួង បានលម្អិតថា គម្រោងថវិកាទំហំ៥៥លានដុល្លារនេះ នឹងបែងចែកជា៣ សកម្មភាព។ ក្នុងនោះការវិនិយោគលើការពិនិត្យតាមដាន និងរៀបចំផែនការតំបន់ទេសភាពប្រកបដោយនិរន្តរភាព មានទំហំថវិកា ៧ លានដុល្លារ។ កសាងហេដ្ឋារចនាសម្ព័ន្ធដើម្បីសម្រួសដល់ទេសចរណ៍ធម្មជាតិ និងសង្វាក់តម្លៃអនុផលព្រៃឈើ ទំហំថវិកា ៤៥ លានដុល្លារ។ ការគ្រប់គ្រងការពិនិត្យតាមដាន និងការវាយតម្លៃគម្រោង ទំហំថវិកា ៣ លានដុល្លារ៕
Tag:
នេត្រ ភក្ត្រា
បរិស្ថាន
កម្ចី
© រក្សាសិទ្ធិដោយ thmeythmey.com