កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Klopp ចង់ឲ្យ Liverpool ផ្ដួល Bayern Munich ដើម្បីសងការឈឺចាប់ខ្លួននៅ Bundesliga លោក-Jurgen-Klopp-នាសន្និសីតកាសែតមុនជំនួប-Livepool-និង-Bayern-Munich
× លោក Jurgen Klopp ប្ដេជ្ញាដឹកនាំ Liverpool ផ្ដួល Bayern Munich ក្នុងក្របខណ្ឌ UEFA Champions League ដើម្បីសងការឈឺចាប់ខ្លួនកាលនៅ Bundesliga។ ការឈឺចាប់របស់លោក Klopp កើតមានក្នុងចិត្ត នៅពេលលោកដឹកនាំ Borussia Dortmund ដែលមានការប្រកួតប្រជែងជាមួយក្រុម Bayern Munichនេះ។
លោក Klopp បានកប់ចោលបំណងរបស់ខ្លួនក្នុងការដណ្តើមពាន Bundesliga ជាមួយ Bayern Munich នៅក្រោយការចាកចេញពី Borussia Dortmund ម្ល៉េះ ។ ប៉ុន្តែរឿងរ៉ាវកប់ទុកក្នុងចិត្តនេះ បានលេចឡើងជាថ្មី នៅពេលដែលក្រុម Liverpool ក្រោមការដឹកនាំរបស់លោក ត្រូវប្រកួតតទល់ជាមួយក្រុម Bayern Munich ក្នុងក្របខណ្ឌកំពូលអឺរ៉ុបនៅយប់នេះ។ លោកចង់ឲ្យ Liverpool បង្ហាញថា ខ្លួនជាអ្នកប្រយុទ្ធដ៏អស្ចារ្យ តាមរយៈការផ្តួលក្រុមយក្សអាល្លឺម៉ង់នេះក្នុងក្របខណ្ឌមួយនេះ។
មូលហេតុដែលលោក Klopp លើកឡើងបែបនេះ ដោយសារតែក្រុម Bayern Munich បានបន្សល់ការឈឺចាប់សម្រាប់លោក នៅគ្រាដែលលោកដឹកនាំក្រុម Borussia Dortmund។ រឿងដែលគួរឲ្យឈឺចាប់នោះ គឺ Dortmund ស្ទើតែលើកពានក្នុងស្រុកមួយនេះ៥រដូវកាលជាប់គ្នាទៅហើយ មុនអ្នកចាត់ការទូទៅសញ្ជាតិអាល្លឺម៉ង់រូបនេះផ្លាស់ទៅដឹកនាំ Liverpool ប៉ុន្តែត្រូវ Bayern រារាំង។
Dortmund ក៏ធ្លាប់ចាញ់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ក្រោមថ្វីជើងរបស់គូប្រជែងចាស់ Bayern នេះម្តងដែរក្នុងឆ្នាំ ២០១៣ ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះក្រុមម្ចាស់ជើងឯកលីគកំពូលអាល្លឺម៉ង២៨សម័យបានឆក់យកកីឡាករល្អៗពីលោក Klopp ម្តងមួយៗថែមទៀត ដែលរួមមាន Mario Goetze, Mats Hummels និង Robert Lewandowski ជាដើម។
«វាមិនមែនជារឿងបុគ្គលនោះទេ ហើយក៏មិនមែនជារឿងអវិជ្ជមានជាមួយ Bayern នោះដែរ ប៉ុន្តែនៅពេលយើងលេងជាមួយពួកគេ ឬនៅពេលពួកគេទិញកីឡាកររបស់យើង តើខ្ញុំអាចសប្បាយចិត្តបានកម្រិតណា»។ Klopp រៀបរាប់បែបនេះក្នុងសន្និសីតសារព័ត៌មាននៅថ្ងៃទី១៨ ខែកុម្ភៈ ហើយលោកបានជំរុញក្រុមរបស់ខ្លួនធ្វើយ៉ាងណាផ្តួលគូប្រជែងមួយនេះឲ្យបាន។
Klopp រម្លឹកទៀតថា៖«នោះមិនមែនជាការល្អសម្រាប់យើងនៅ Dortmund ទេ ប៉ុន្តែយើងមិនអាចធ្វើអ្វីបានដ្បិតវាជាផ្នែកមួយនៃអាជីវកម្មបាល់ទាត់។ ខ្ញុំមិនសប្បាយចិត្តទេនៅពេលនោះ តែវាជារឿងយូរមកហើយ»។
Bayern បានគ្រងជើងឯកពានរង្វាន់ Bundesliga រយៈពេល ៦ រដូវកាលជាប់គ្នា ក្រោយពី Dortmund ដែលស្ថិតក្រោមការដឹកនាំរបស់ Klopp បានឈ្នះពានកំពូលអាល្លឺម៉ង់នេះពីររដូវកាលពោលគឺ ២០១០-២០១១ និង ២០១១-២០១២ ។
ហង្សក្រហមនឹងត្រូវបើកទ្វារកីឡដ្ឋាន Anfield ដើម្បីទទួលភ្ញៀវ Bayern Munich សម្រាប់ជំនួបជើងទី១ វគ្គ១៦ក្រុមចុងក្រោយពាន Champions League នៅរាត្រីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង៣:០០នាទីទៀបភ្លឺ [ម៉ោងនៅកម្ពុជា]។ ក្រៅពីការជួបគ្នារវាង Liverpool និង Bayern Munich ក៏មានការប្រកួតគ្នាមួយគូទៀតផងដែរគឺ Lyon នឹងទទួលក្រុម Barcelona នៅវគ្គ១៦ក្រុមចុងនៅម៉ោងដំណាលគ្នា៕
Tag:
បាល់ទាត់
UEFA Champions League
Jurgen Klopp
© រក្សាសិទ្ធិដោយ thmeythmey.com