អន្តរជាតិ
រកឃើញ​ករណី​«​ជំងឺ​គ្រុន​ជ្រូក​អាហ្វ្រិក​»​នៅ​វៀតណាម
20, Feb 2019 , 9:44 am        
រូបភាព
រូបភាពតំណាង (AFP)
រូបភាពតំណាង (AFP)
ដោយ:
​អាជ្ញាធរ​វៀតណាម បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១៩ ខែកុម្ភៈ​ថា ជំងឺ​គ្រុន​ជ្រូក​អាហ្វ្រិក​ត្រូវបាន​រកឃើញ​នៅក្នុង​កសិដ្ឋាន​ចំនួន​បី​ក្នុងប្រទេស​វៀតណាម​។ នេះ​ជា​ករណី​ទីមួយ​ដែល​អាជ្ញាធរ​ជំនាញ​បាន​ចេញមុខ​បញ្ជាក់​ពី​ជំងឺឆ្លង​ប្រភេទ​នេះ​ក្នុង​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។

 
​សត្វ​ជ្រូក​ទាំងអស់​នៅ​កសិដ្ឋាន​ចំនួន​បី​ដែល​ស្ថិតក្នុង​ខេត្ត Hung Yen និង ខេត្ត Thai Binh ភាគ​អាគ្នេយ៍​នៃ​ទីក្រុង​ហាណូយ​ត្រូវបាន​សម្លាប់ចោល ក្រោយពី​រកឃើញថា​សត្វ​ទាំងនោះ​ឆ្លង​ជំងឺ​គ្រុន​ជ្រូក​អាហ្វ្រិក​។ នេះ​បើតាម​ការបញ្ជាក់​របស់​នាយកដ្ឋាន​សុខភាព​សត្វ​វៀតណាម ក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​អង្គារ​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក Pham Van Dong ប្រធាន​នាយកដ្ឋាន​បសុសត្វ​វៀតណាម បាន​គូសបញ្ជាក់​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ក្នុង​ទីក្រុង​ហាណូយ​ថា​៖«​ជំងឺ​នេះ​មិនអាច​ឆ្លង​ដល់​មនុស្ស​ឡើយ​។ ដូច្នេះ​ប្រជាជន​និង​កសិករ​កុំ​ព្រួយបារម្ភ​ឲ្យ​សោះ​»​។ ជាមួយគ្នានេះដែរ លោក Dong ក៏បាន​ប្រាប់​ឲ្យ​ប្រជាជន​បន្ត​បរិភោគ​សាច់ជ្រូក​សម្រាប់​អាហារ​ប្រចាំថ្ងៃ​របស់​ពួកគេ ដ្បិត​សាច់ជ្រូក​គ្របដណ្តប់​ស្ទើរ ៧៥ ភាគរយ​នៃ​ការបរិភោគ​សាច់​សរុប​ក្នុងប្រទេស​វៀតណាម​។ 
 
​សូមបញ្ជាក់ថា ជំងឺ​គ្រុន​ជ្រូក​អាហ្វ្រិក ដែល​កើត​តែ​ចំពោះ​សត្វ​ជ្រូក​ប៉ុន្តែ​មិន​ប៉ះពាល់​ដល់​មនុស្ស បាន​រាលដាល​យ៉ាង​រហ័ស​ទៅកាន់​ប្រទេសជិតខាង​នៃ​ប្រទេស​ចិន ចាប់តាំងពី​ខែសីហា​មកម្ល៉េះ​។ ដោយហេតុថា សាច់ជ្រូក​ជា​អាហារ​ដ៏​ពេញនិយម​បំផុត​មួយ​នៅ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី អ្នកជំនាញ​អង្គការសហប្រជាជាតិ បាន​គូសបញ្ជាក់​កាលពី​ខែកញ្ញា​កន្លងទៅ​ថា វីរុស​ប្រភេទ​នេះ​បាន​ឆ្លង​រាលដាល​ទៅកាន់​ប្រទេស​ក្បែរ​ខាង​នៃ​ប្រទេស​ចិន និង​ទំនងជា​តាមរយៈ​ការ​ចរាចរណ៍​ផលិតផល​ដែលមាន​ផ្ទុក​សាច់ជ្រូក​កើត​ជំងឺ​។ 
 
​កាលពី​ថ្ងៃ​ចុង​សប្តាហ៍​មុន ភ្នាក់ងារ​ព័ត៌មាន​តៃវ៉ាន់ បាន​រាយការណ៍​ថា ក្រុមប្រឹក្សា​កសិកម្ម​ខ្លួន បាន​រកឃើញ​វីរុស​គ្រុន​ជ្រូក​អាហ្វ្រិក​នេះ​ក្នុង​នំ​សាំង​វ៉ិ​ច ដែល​នាំយក​ពី​ប្រទេស​វៀតណាម​ទៅកាន់​កោះ​តៃវ៉ាន់ កាលពី​ថ្ងៃទី​០៥​ខែកុម្ភៈ​។ ទាក់ទិន​នឹង​រឿងនេះ អាជ្ញាធរ​តៃវ៉ាន់ និង​វៀតណាម កំពុង​ដុតដៃដុតជើង ស្វែងរក​ប្រភពដើម​នៃ​សាច់ជ្រូក​ដែល​រកឃើញ​ក្នុង​នំ​សាំង​វិក​នោះ​៕
 

Tag:
 វៀតណាម​
  ជំងឺ​គ្រុន​ជ្រូក​អាហ្វ្រិក​
© រក្សាសិទ្ធិដោយ thmeythmey.com