កីឡាជាតិ
ជាតិ
AFF U22៖ កម្ពុជារំពឹងផ្តួលមីយ៉ាន់ម៉ាដើម្បីកក់កៅអីទៅវគ្គ១/២ផ្តាច់ព្រ័ត្រ គ្រូបង្វឹក U22 កម្ពុជា លោក Felix Dalmas ឈរបញ្ជាការប្រកួតទាំងដៃកាន់ឈើច្រត់។ រូបថត FFC
× ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអាយុក្រោម២២ឆ្នាំកម្ពុជា (U22) ត្រូវតទល់ជាមួយមីយ៉ាន់ម៉ានាវេលាម៉ោង៦ និង៣០នាទីល្ងាចថ្ងៃពុធនេះ សម្រាប់ការប្រកួតលើកទីពីរក្នុងពូល B បន្ទាប់ពីពួកគេបានយកឈ្នះម៉ាឡេស៊ី ១-០ កាលពីថ្ងៃចន្ទ។ ជំនួបពូលដដែលនៅពហុកីឡដ្ឋានជាតិ ឥណ្ឌូណេស៊ី ប៉ះ ម៉ាឡេស៊ី នាវេលាម៉ោង៣ និង៣០នាទី។
កម្ពុជា បានបើកឆាកជាមួយនឹងជ័យជម្នះ ១-០ លើម៉ាឡេស៊ី តាមរយៈការស៊ុតបាល់ពិន័យពីចម្ងាយរបស់ខ្សែការពារបឹងកេត សេត រ៉ស៊ីប ក្រោយការប្រកួតដំណើរការបានជាង១ម៉ោង។ សម្រាប់ជំនួបជាមួយមីយ៉ាន់ម៉ានៅល្ងាចនេះ ជ័យជម្នះនឹងនាំឲ្យយុវជនគោព្រៃ បានកៅអីទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយស្វ័យប្រវត្តិ។
មីយ៉ាន់ម៉ា ដែលជាម្ចាស់ចំណាត់ថ្នាក់លេខ៣កាលពីឆ្នាំ២០០៥ បើកឆាកពូល B ជាមួយនឹងលទ្ធផលស្មើ ១-១ ជាមួយឥណ្ឌូណេស៊ី។ ខ្សែបម្រើ Myat Kaung Khant រកបានគ្រាប់នាំមុខសម្រាប់មីយ៉ាន់ម៉ា តែខ្សែការពារ Rachmat Irianto តាមស្មើ ១-១ វិញ នៅក្នុងតង់ទីមួយដដែល។
សម្រាប់ជំនួបពូល A កាលពីម្សិលមិញ ថៃ និងវៀតណាម បន្តទទួលជ័យជម្នះរៀងៗខ្លួនដើម្បីកក់កៅអីទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ថៃបានយកឈ្នះហ្វីលីពីន ៣-០ មុនពេលវៀតណាម បំបាក់ទីម័រខាងកើត ៤-០។
វៀតណាមឈរលើតារាងពូល A បណ្តោះអាសន្ន ដោយសារមានសំណល់គ្រាប់បាល់លើសថៃមួយគ្រាប់ ខណៈ ហ្វីលីពីន និងទីម័រខាងកើត រង់ចាំជួបគ្នានាល្ងាចថ្ងៃទី២១ ខែកុម្ភៈ ដែលជាជំនួបបង្គ្រប់កិច្ចប៉ុណ្ណោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com