ONE Championship
កីឡាជាតិ
ជាតិ
ខុន ស៊ី​ចាន់ ប្តេជ្ញា​ផ្តួល​ជើង​ខ្លាំង MMA ក្នុង​ព្រឹត្តិការណ៍ ONE: Call to Greatness នៅ​សិង្ហ​បុរី​
20, Feb 2019 , 2:13 pm        
រូបភាព
ខុន​ ស៊ីចាន់ ដែលឈ្នះការប្រកួតនៅ ONE Championship នៅឆ្នាំ២០១៦
ខុន​ ស៊ីចាន់ ដែលឈ្នះការប្រកួតនៅ ONE Championship នៅឆ្នាំ២០១៦
​អត្ថបទ​៖ Matias Andres
 
​កីឡាករ​ប្រដាល់​កម្ពុជា ខុន ស៊ី​ចាន់ តាំងចិត្ត​ថា​នឹង​បញ្ចេញ​ឲ្យ​អស់ពី​សមត្ថភាព​ដើម្បី​ផ្តួល​ដៃគូ​របស់គេ​សម្រាប់​ការប្រកួត​ក្នុង​សង្វៀន​នៅ​សិង្ហ​បុរី នា​ថ្ងៃ​សុក្រ ទី​២២ ខែកុម្ភៈ​នេះ​។ 
 
​ជើងឯក​កម្ពុជា Khmer Warrior Challenge (KWC) នឹងត្រូវ​ប៉ះ​កីឡាករ​ឥណ្ឌូណេស៊ី Rudy Agustian ក្នុងការ​ប្រកួត​គុន​ចម្រុះ (MMA) នៃ​ព្រឹត្តិការណ៍ ONE: CALL TO GREATNESS​។ 
 
​ខុន ស៊ី​ចាន់ មិនបាន​ឡើង​ប្រកួត​ក្នុង​ទ្រុង​អស់​រយៈពេល​ជាង​១​ឆ្នាំ​ទៅហើយ​ប៉ុន្តែ​រូបគេ​នៅតែមាន​ស្មារតី​ល្អ និង​ទំនុកចិត្ត​ខ្ពស់ ដោយ​សារបាន​ហ្វឹកហាត់​ត្រៀម​ជាមួយ​គ្រូបង្វឹក​ជំនាញៗ ក៏ដូចជា​ជាមួយ​កីឡាករ​លំដាប់​ខ្ពស់​របស់​កម្ពុជា​ផងដែរ​។ 
 
​ស៊ី​ចាន់ និយាយ​មុនពេល​ទៅ​ប្រកួត​ថា​៖ «​ជិត​ដល់​ថ្ងៃ​ទៅ​ប្រកួត​នៅ​សិង្ហ​បុរី ខ្ញុំ​ត្រៀមខ្លួន​អស់ហើយ ទាំង​ការហាត់​បច្ចេកទេស និង​កម្លាំង​។ ខ្ញុំ​ត្រៀមខ្លួន​ប្រឹង​ឲ្យ​អស់ពី​សមត្ថភាព អត់​ខ្លាច​គេ​ទេ​»​។ 
 
​ស៊ី​ចាន់ ដែលមាន​ស្រុកកំណើត​នៅ​ខេត្ត​ឧ​ត្ត​មានជ័យ បានមក​បោះជុំរុំ​ហ្វឹកហាត់​ប្រដាល់​នៅ​រាជធានី​ភ្នំពេញ​ជាមួយ​គ្រូបង្វឹក​ជនជាតិ​ស្កុ​តឡែ​ន​លោក Alan Mccune​។ 


លោក​ Alan Mccune
 
​ខណៈដែល​ត្រូវ​ប៉ះ​ជើង​ខ្លាំង​ខាង MMA ស៊ី​ចាន់ រៀបរាប់ថា​ខ្លួន​ប្រឹងប្រែង​ហាត់​ក្បាច់​សេរី​ជាពិសេស​គឺ​ក្បាច់គុន​ចម្រុះ​តែម្តង​។ «​រាល់ថ្ងៃ ខ្ញុំ​ខំ​ហាត់​ខ្លាំងជាងគេ​គឺ​ក្បាច់​សេរី ខ្ញុំ​ចេះ​ច្រើន​ហើយ តែ​ប៉ះ​គូ​វាយ​លើក​នេះ​គឺ​គេ​ល្អ MMA អីចឹង​ខ្ញុំ​ហាត់​MMA​ការពារ​ហើយ គឺ​ខ្ញុំ​នឹង​វាយ​សេរី​ច្រើនជាង ដើម្បី​កុំ​ឲ្យ​គេ​ចូល​ប្រើ​ក្បាច់​MMA​បាន​»​។​
 
​ពីក្រោយ​ការ​ហាត់រៀន​បន្ថែម​ពីលើ​ក្បាច់​ចាប់​ក្លេរ គឺមាន​លោក Fernando Salvador គ្រូបង្វឹក​ម្នាក់ទៀត​ដែលមាន​ប្រវត្តិ​ជា​ជើង​ខ្លាំង ជី​ជី​តស៊ូ ម្ចាស់​ខ្សែក្រវាត់​ខ្មៅ​។ Salvador មានបទពិសោធន៍​ជា​គ្រូបង្វឹក​ក្បាច់​ក្លេរ​ជិត ៣០​ឆ្នាំ​មកហើយ​។ ក្រៅពីនោះ ស៊ី​ចាន់ បាន​កម្លាំង​ចិត្តខ្លាំង​ថែមទៀត ព្រោះ​ទើប​ទទួលបាន​សមាជិក​កូនប្រុស​ម្នាក់ទៀត​ក្នុង​គ្រួសារ​។ 
 
«​ឥឡូវ​កូន​ពីរ​ហើយ អ៊ីចឹង​ខ្ញុំ​ត្រូវ​ទៅ​វាយ​ដើម្បី​យកប្រាក់​មក​ចិញ្ចឹម​ប្រពន្ធ​កូន ព្រោះ​ប្រភព​ចំណូល​បានតែ​តាម​ហ្នឹង​ទេ​! នៅពេលដែល​ខ្ញុំ​ចេញ​វាយ​ម្តងៗ ប្រពន្ធ​ខ្ញុំ​ជំរុញ​ឲ្យ​ខ្ញុំ​ខំ​វាយ​រហូត​»​។​
 
​រីឯ​ដៃគូរ​របស់ ស៊ី​ចាន់ កីឡាករ Agustian សព្វថ្ងៃ​មាន​ប្រវត្តិ​ឈ្នះ​២​ដង​ជាប់​គ្នា នៅក្នុង​ទ្រុង​ធំ ONE Championship​។ ទោះ​យ៉ាងនេះ​ក្តី ស៊ី​ចាន់ មិន​ព្រួយបារម្ភ​ថា​គេ​មានប្រៀប​ជាង​ឡើយ​។ ផ្ទុយទៅវិញ ស៊ី​ចាន់ ស្វាគមន៍​ជានិច្ច​ហើយ​ចាត់ទុកថា​នេះ​ជា​ឱកាសល្អ​មួយ​ដើម្បី​បង្ហាញ​ពិភពលោក​ពី​ភាពខ្លាំង​របស់​ក្បាច់គុន​បុរាណ​ខ្មែរ​។​
 
​ស៊ី​ចាន់ បន្តថា​៖ «​ខ្ញុំ​ធ្លាប់​វាយ​បាន​ច្រើនដង​ដែរ គ្រាន់តែ​លើក​នេះ​ប៉ះ​ដៃគូ​ខ្លាំង ប៉ុន្តែ​ខ្ញុំ​អត់​មាន​អារម្មណ៍​ភ័យខ្លាច​អី​ទេ គឺ​ខ្ញុំ​មានតែ​ប្តេជ្ញា​ខំប្រឹង​យកឈ្នះ​ការប្រកួត​នេះ​ប៉ុណ្ណោះ​»​។ 
 
​ការប្រកួត​រវាង ស៊ី​ចាន់ និង Agustian នឹង​ចាប់ផ្តើម​ក្នុង​ព្រឹត្តិការណ៍ ONE: Call to Greatness បន្ទាប់មក នឹងមាន​កីឡាករ​ចំនូល​ថ្មី​កម្ពុជា​ម្នាក់ទៀត​គឺ គង់ សំបូរ មកពី​ក្លិប «​អាណាចក្រ​ប្រយុទ្ធ​»​។ កីឡាករ​កម្ពុជា​ពីររូប​នេះ នឹង​បញ្ចេញស្នាដៃ​ប្រកួត​តំណាង​ឲ្យ​ប្រទេសជាតិ​ខ្លួន​។ 
 
«​សូម​ឲ្យ​បងប្អូន​ជួយ​គាំទ្រ​កីឡាករ​ពេល​ប្រកួត ទោះ​ចាញ់​ឈ្នះក្តី​សូមកុំ​ស្តីបន្ទោស​យើង​អី កីឡា​តែងតែមាន​ឈ្នះ​មាន​ចាញ់ សូម​បងប្អូន​ជួយ​ឲ្យ​ពរជ័យ​ដល់​ការប្រកួត​លើក​នេះ​ផង​»​។ គង់ សំបូរ សំណូមពរ​ដល់​អ្នកគាំទ្រ​កម្ពុជា​ដូច្នេះ​៕
 

Tag:
 ខុន ស៊ី​ចាន់​
  គង់ សំបូរ​
© រក្សាសិទ្ធិដោយ thmeythmey.com