កីឡាអន្តរជាតិ
អន្តរជាតិ
ឥណ្ឌូណេស៊ី​ដាក់ពាក្យ​ដេញថ្លៃ​ធ្វើ​ម្ចាស់ផ្ទះ​កីឡា​អូឡាំពិក ២០៣២
20, Feb 2019 , 7:19 pm        
រូបភាព
ឥណ្ឌូណេស៊ី​បាន​ផ្ញើ​លិខិតស្នើ​ដេញថ្លៃ​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក និង​ប៉ា​រ៉ា​ឡាំ​ពិ​ក ឆ្នាំ​២០៣២ បន្ទាប់ពី​ទទួលបាន​ការសរសើរ​ក្នុងការ​ដឹកនាំ​ធ្វើ​ម្ចាស់ផ្ទះ​កីឡា​អាស៊ី Asian Games ឆ្នាំ​២០១៨ បញ្ចប់​ដោយ​ជោគជ័យ​។ នេះ​បើតាម​ការអះអាង​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ឥណ្ឌូណេស៊ី Antara បើ​ទោះ​ត្រូវ​ប្រជែង​ជាមួយ​ឥណ្ឌា និង​ការដេញថ្លៃ​រួមគ្នា​រវាង​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង​ក៏ដោយ​។​


 
​ឯកអគ្គរដ្ឋទូត​ឥណ្ឌូណេស៊ី​ប្រចាំ​ប្រទេស​ស្វី​សបាន​ផ្ញើលិខិត​របស់លោក​ប្រធានាធិបតី Joko Widodo ទៅកាន់​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ (IOC) កាលពី​សប្តាហ៍​មុន អំពី​ការស្នើ​ដេញថ្លៃ​សុំ​សិទ្ធិ​ធ្វើ​ម្ចាស់ផ្ទះ​កីឡា​នេះ​។​
 
​សារព័ត៌មាន​រដ្ឋ Antara បាន​ស្រង់​សំដី​ឯកអគ្គរដ្ឋទូត​លោក Muliaman D Hadad ថា IOC បានទទួល​ស្គាល់​សមត្ថ​ភាព​របស់​ឥណ្ឌូណេស៊ី​ក្នុងការ​ដឹកនាំ​កីឡា​អាស៊ី ឆ្នាំ ២០១៨ រួមទាំង​សរសើរ​ថា​នេះ​ជា​គ្រឹះ​ដ៏​រឹងមាំ​ដើម្បី​ជា​ស្ពាន​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ធំៗ​ផ្សេងទៀត​។​
 
​លោក​ប្រធានាធិបតី​ឥណ្ឌូណេស៊ី Joko Widodo បានបង្ហាញ​ពី​ចេតនា​បែបនេះ​តាំងពី​ក្រោយ​កិច្ចចរចា​ជាមួយ លោក Thomas Bach ប្រធាន IOC និង​លោក Sheikh Ahmad Al-Fahad Al-Sabah ប្រធាន​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី (OCA) នា​ខែកញ្ញា ឆ្នាំ​២០១៨​មក​ម្លេះ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។​
 
​ប្រសិនបើ​ប្រទេស​ដែលមាន​ប្រជាជន​ច្រើនជាងគេ​នៅ​អាស៊ី​អាស៊ាន​ទទួលបាន​ឱកាស​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវក្តៅ ឆ្នាំ​២០៣២ មែន​នោះ ឥណ្ឌូណេស៊ី នឹង​ក្លាយជា​ប្រទេស​អាស៊ី​ទី​៤ ដែល​ទទួលបាន​សិទ្ធិ បន្ទាប់ពី​ជប៉ុន ចិន និង​កូរ៉េខាងត្បូង​។​
 
​យ៉ាងណាក៏ដោយ IOC នឹង​ជ្រើសរើស​បេក្ខភាព​ម្ចាស់ផ្ទះ​កីឡា​អូឡាំពិក​ឆ្នាំ ២០៣២ នេះ​នៅក្នុង​ឆ្នាំ ២០២៥ ឯណោះ ស្របពេល ឥណ្ឌា ហើយនឹង​កូរ៉េខាងជើង​ជាមួយ​កូរ៉េខាងត្បូង ក៏​ប្រជែង​គ្នា​ដែរ​។​
 
​សូមបញ្ជាក់ថា ក្រុង​តូ​ក្យូ នឹង​ដឹកនាំ​ព្រឹត្តិការណ៍​កីឡា​លំដាប់​ទីមួយ​ពិភពលោក​នា​រដូវក្តៅ​ខាងមុខនេះ​នៅ​ឆ្នាំ ២០២០ ហើយ​ក្រុងប៉ារីស​ទទួលបាន​សិទ្ធិ​ឆ្នាំ ២០២៤ រីឯ​ក្រុង Los Angeles នឹង​ដឹកនាំ​ក្នុង​ឆ្នាំ​២០២៨៕
 

Tag:
 កីឡា​អូឡាំពិក​
  ឥណ្ឌូណេស៊ី​
  IOC
© រក្សាសិទ្ធិដោយ thmeythmey.com