ជាតិ
សម្ដេច ហ៊ុន សែន អំពាវនាវ​កុំ​ឲ្យ​ពលរដ្ឋ​ធ្វើស្រែ​ប្រាំង​ជា​លើក​ទី​២
20, Feb 2019 , 7:39 pm        
រូបភាព
​ភ្នំពេញ​៖  ពី​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​រោងចក្រ នៅ​ខេត្តកណ្ដាល នា​ព្រឹក​ថ្ងៃទី​២០ កុម្ភៈ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​កុំ​ឲ្យ​ប្រជាពលរដ្ឋ ធ្វើស្រែ​ជា​លើក​ទី​២ ដោយសារ​បញ្ហា​រាំងស្ងួត នាពេលខាងមុខ​។​


 
​សម្ដេច ហ៊ុន សែន ដែល​ទទួលបាន​ព័ត៌មាន​ពី​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​និយាយថា បញ្ហា​រាំងស្ងួត​នៅក្នុង​រដូវប្រាំង​ឆ្នាំនេះ នឹងធ្វើ​ឲ្យ​កម្ពុជា​ខ្វះ​ទឹក​ប្រើប្រាស់ ដូច្នេះ​ប្រជាកសិករ​ដែល​ធ្វើស្រែ​ប្រាំង​នោះ ក៏​មិនអាច​ទទួលបាន​ផល​ល្អ​ដែរ​។ ហេតុ​ដូច្នេះហើយ ប្រជាពលរដ្ឋ​មិនត្រូវ​ធ្វើស្រែ​ប្រាំង​ឡើយ ដើម្បី​កុំ​ឲ្យ​ជួប​ផលប៉ះពាល់​។​
 
​ក្រៅពី​លើកឡើង​បែបនេះហើយ សម្ដេច ហ៊ុន សែន ក៏​បញ្ជា​ឲ្យ​អជ្ញាធរ​គ្រប់​ជាន់ថ្នាក់ ដោះស្រាយ​នូវ​បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់ និង​កន្លែង​ដែល​ប្រឈម​ការខ្វះ​ទឹក ដោយ​ត្រូវ​រក​គ្រប់​វិធី​ដោះស្រាយ ដូចជា​ការជីក​អណ្ដូង និង​ស្វែងរក​ប្រភពទឹក​ជូន​ប្រជាពលរដ្ឋ​ជាដើម​។ បើតាម​សម្ដេច ហ៊ុន សែន រាល់​ក​ន្លែ​ណា​មាន​ការខ្វះ​ទឹក​ប្រើប្រាស់ អាជ្ញាធរ​ត្រូវ​ដឹក​ទឹក​ជួន​ប្រជាពលរដ្ឋ​ជាបន្ទាន់ ដោយ​មិន​ទុក​ឲ្យ​មាន​បញ្ហា​ប្រឈម​ធ្ងន់ធ្ងរ​នោះទេ​។​
 
​នៅ​រដូវប្រាំង​ចាប់ពី​ខែមេសា ដល់​ខែឧសភា ឆ្នាំ​២០១៩ កម្ពុជា​នឹងមាន​បាតុភូត «​អែល​នី​ណូ​» ដែល​បណ្តាល​ឲ្យ​អាកាសធាតុ​ក្តៅ​ហួតហែង សីតុណ្ហភាព​អាច​នឹង​ហក់​ឡើងដល់​៤០ ទៅ​៤២​អង្សា និង​មាន​ភ្លៀង​កក់ខែ លាយឡំ​នឹង​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​ច្រើន ដែលជា​មូលហេតុ​នាំ​ឲ្យ​ប្រជាកសិករ​ប្រមូល​ផលដំណាំ​បាន​តិចជាង​រាល់​ឆ្នាំ​ផងដែរ​។​
 
​បើតាម​ការ​ព្យាករ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម កម្ពុជា​នឹង​ទទួលរង​ឥទ្ធិពល​«​អែល​នី​ណូ​» ដែល​អាច​ឲ្យ​ការ​បង្កបង្កើនផល​ស្រូវប្រាំង បានតែ​មួយដង​ប៉ុណ្ណោះ បើទោះជា​ទឹក​នៅតាម​អាង​ដែល​បាន​រក្សាទុក ឬ​ទីកន្លែង​ដែលមាន​បឹង ព្រែកក្តី ក៏​មិនអាច​ផ្គត់ផ្គង់​ដំណាំ​ស្រូវ​គ្រប់គ្រាន់​ឡើយ​៕
 

Tag:
 ហ៊ុន សែន​
  កសិកម្ម​
  ស្រែប្រាំង
© រក្សាសិទ្ធិដោយ thmeythmey.com