អន្តរជាតិ
សមាជិកសភាព្រមានថា លោក ត្រាំ ព្យាយាមពន្លឿនការផ្ទេរ«បច្ចេកវិទ្យានុយក្លេអ៊ែរ»ឲ្យអារ៉ាប៊ីសាអូឌីត
× សមាជិកសភាអាមេរិកកំពុងបន្តស៊ើបអង្កេតករណី ប្រធានាធិបតី ដូណាល់ ត្រាំ ដែលកំពុងប្រញាប់ប្រញាល់លក់បច្ចេកវិទ្យានុយក្លេអ៊ែរទៅឲ្យរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតដើម្បីបំពេញចិត្តក្រុមហ៊ុនមួយចំនួនដែលជាអ្នកគាំទ្រលោកផងនោះ។ ក្រៅពីមានទំនាស់ផលប្រយោជន៍ តំណាងរាស្ត្រទាំងនោះក៏ព្រមានដែរថា ទង្វើនេះអាចនឹងបើកទ្វារឲ្យអារ៉ាប៊ីសាអូឌីតប្រើប្រាស់បច្ចេកវិទ្យាទាំងនោះដើម្បីផលិតអាវុធនុយក្លេអ៊ែរផងដែរនៅពេលអនាគត។
ការស៊ើបអង្កេតករណីពាក់ព័ន្ធនឹងប្រធានាធិបតីនេះធ្វើឡើងតាំងពីខែមុន ដោយគណៈកម្មការទទួលបន្ទុកទង្វើខុសឆ្គង និងកែទម្រង់ប្រចាំនៅសភាតំណាងរាស្ត្រ និងមានតំណាងរាស្ត្របក្សប្រជាធិបតេយ្យ Elijah Cummings ជាអ្នកដឹកនាំផ្ទាល់ផង។ គណៈកម្មការនេះព្រមានថា លទ្ធភាពដែលប្រធានាធិបតីនឹងលក់បច្ចេកវិទ្យានុយក្លេអ៊ែរឲ្យអារ៉ាប៊ីសាអូឌីតមានច្រើន។
បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP សកម្មភាពរបស់លោក ត្រាំ អាចធ្វើឡើងក្នុងគោលដៅបំពេញចិត្តក្រុមហ៊ុនធំៗដែលជាអ្នកគាំទ្រខ្លួនកន្លងមក ដ្បិតក្រុមហ៊ុនទាំងនេះនឹងទទួលបានផលចំណេញច្រើនកប់ក្តោង។ ប៉ុន្តែគណៈកម្មការខាងលើបានអះអាងថា ទំនាស់ផលប្រយោជន៍អាចកើតឡើង ហើយអាចពាក់ព័ន្ធនឹងករណីបទឧក្រិដ្ឋថែមទៀតផង។
ប្រធានាគណៈកម្មការ Elijah Cummings បានទាមទារឯកសារនានាដែលពាក់ព័ន្ធនឹនឹងជំនួបរវាងកូនប្រសារលោក ត្រាំ លោក Jared Kushner ជាមួយរជ្ជទាយាទអារ៉ាប៊ីសាអូឌី Mohammed bin Salman កន្លងមកផង។
របាយការណ៍បឋមរបស់គណៈកម្មការខាងលើបង្ហាញថា ប្រយោជន៍ពាណិជ្ជកម្មរបស់ភាគីឯកជនបានជំរុញយ៉ាងខ្លាំងឲ្យមានការផ្ទេរបច្ចេកវិទ្យានេះ។ «ក្រុមហ៊ុនឯកជនមួយចំនួនត្រៀមទទួលប្រយោជន៍រាប់ពាន់លានដុល្លារតាមរយៈការចុះកិច្ចព្រមព្រៀងដែលពាក់ព័ន្ធការសាងសង់ និងដំណើរការរោងចក្រនុយក្លេអ៊ែរនៅអារ៉ាប៊ីសាអូឌីត។ ហើយម្យ៉ាងទៀត ក្រុមហ៊ុនទាំងនេហក៏បន្តមានទំនាក់ទំនងជិតស្និទ្ធជាមួយប្រធានាធិបតី ត្រាំនិងរដ្ឋបាលរបស់លោកផងមកដល់ឥឡូវ»។របាយការណ៍នោះបញ្ជាក់ដូច្នេះ។
យ៉ាងណាក៏ដោយ អាមេរិកមិនផ្ទេរបច្ចេកវិទ្យាទាំងនោះដោយស្របច្បាប់ទៅឲ្យអារ៉ាប់ប៊ីសាអូឌីតឡើយ បើសិនជាសម្រេចបានកិច្ចព្រមព្រៀងស្របតាមច្បាប់គ្រប់គ្រងថាមពលអាតូមិកអាមេរិកឆ្នាំ ១៩៥៤ដែលកំណត់ពីការធានាការប្រើប្រាស់ថាមពលនុយក្លេអ៊ែរ៊ស៊ីវិលនោះ។
ក្រៅពីទំនាស់ផលប្រយោជន៍នេះ គណៈកម្មការខាងលើបានបង្ហាញក្តីបារម្ភផងដែរថា អារ៉ាប៊ីសាអូឌីតដែលជាសម្ព័ន្ធមិត្តអាមេរិក និងជាប្រទេសមួយក្នុងចំណោមប្រទេសនាំចេញប្រេងច្រើនជាងគេលើលោកនេះនឹងអាចយកបច្ចេកវិទ្យានុយក្លេអ៊ែរអាមេរិកទៅប្រើប្រាស់ដើម្បីផលិតអាវុធនុយក្លេអ៊ែរផង ដើម្បីប្រឆាំងនឹងអ៊ីរ៉ង់៕
Tag:
ដូណាល់ ត្រាំ
អារ៉ាប៊ីសាអូឌីត
បច្ចេកវិទ្យានុយក្លេអ៊ែរ
© រក្សាសិទ្ធិដោយ thmeythmey.com