កីឡាអន្តរជាតិ
អន្តរជាតិ
Allegri ថា Ronaldo ផ្តល់​ប្រយោជន៍​ដល់ Juventus នៅ UCL តែ​គ្រូ AT-Madrid ថា​មិន​ខ្វល់​ពី​Ronaldo​ឡើយ​
20, Feb 2019 , 8:59 pm        
រូបភាព
Juventus នឹងត្រូវ​ធ្វើដំណើ​ទៅ​ជួប Atletico Madrid ក្នុងការ​ប្រកួត​ជើង​ទី​១ វគ្គ​១៦​ក្រុម​ចុងក្រោយ ពាន UEFA Champions League នៅ​រាត្រី​ថ្ងៃទី​២០ ខែកុម្ភៈ​នេះ​។ នៅមុន​ការប្រកួត លោក Massimiliano Allegri អ្នកចាត់ការ​ទូទៅ​ក្រុម​សេះបង្កង់​អួតថា Cristiano Ronaldo បានផ្តល់​អត្ថប្រយោជន៍​ច្រើន​សម្រាប់​ក្រុម​លោក​ក្នុង​ក្របខណ្ឌ​កំពូល​អឺរ៉ុប​នេះ ខណៈ​គ្រូ AT-Madrid លោក Diego Simeone ថា​មិន​ខ្វល់​ពី Ronaldo ឡើយ​។​


 
Ronaldo បានសម្រេច​ចាកចេញ​ពី​ទឹកដី​អេ​ស្ប៉ា​ញ​ទៅ Juventus ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​កាលពី​ខែកក្កដា​កន្លងទៅ ក្រោយ​ជួយ Real Madrid ឈ្នះ Champions League ៣​លើក​ជាប់​។ សម្រាប់​ការបង្ហាញ​ខ្លួន​នៅ​អ៊ីតាលី Serie A រដូវ​កាល​នេះ ខ្សែប្រយុទ្ធ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់ វ័យ​៣៤​ឆ្នាំ​នៅតែ​បង្ហាញ​ភាពខ្លាំង​របស់ខ្លួន​ដដែល​ដោយ​អាច​ស៊ុត​បាល់​បញ្ចូល​ទី​បាន​១៩​គ្រាប់​ក្នុងការ​បង្ហាញខ្លួន ២៤​លើក​។​
 
​មានការ​លើកឡើងថា វត្តមាន​របស់ Ronaldo នឹង​ជួយ​ម្ចាស់​ជើងឯក​លី​គ​កំពូល​អ៊ីតាលី​ក្លាយជា​ម្ចាស់​ពាន Champions League រដូវ​កាល ២០១៨-១៩ នេះ​ខណៈដែល Juventus អាចឈាន​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ពីរលើក​ក្នុង​រយៈពេល​ចុងក្រោយ​។​
 
Allegri អ្នកចាត់ការ​សញ្ជាតិ​អ៊ីតាលី ក៏បាន​អះអាង​ដែលថា វត្តមាន​របស់ Ronaldo ពិតជា​ផ្តល់ឱកាស​ឲ្យ Juventus ឈ្នះ​ពាន​នេះ​មែន ខណៈ​ក្រុម​លោក​ត្រូវ​ត្រៀមខ្លួន​តតាំង​ជាមួយ Atletico Madrid នៅ​ទឹកដី Wanda Metropolitano វេលា​ម៉ោង ៣:០០​នាទី​ទៀបភ្លឺ [​ម៉ោង​នៅ​កម្ពុជា​]​។​
 
​ដោយឡែក​លោក Diego Simeone ដែល​នឹងត្រូវ​ដឹកនាំ Atletico Madrid នៅ​ទឹកដី​ខ្លួន​នៅ​យប់​នេះ ក៏បាន​និយាយ​តិចតួច​ពី Ronaldo ផងដែរ​។ Simeone រៀបរាប់​ពី​ម្ចាស់​ពាន Ballon d'Or ៥​សម័យ​ក្នុង​សន្និសីទកាសែត​ថា​លោក​មិន​ខ្វល់​ពី​វត្តមាន​របស់ Ronaldo ឡើយ ហើយ​លោក​ផ្តោត​តែ​លើ​សមាសភាព​កីឡាករ​ខ្លួន​ប៉ុណ្ណោះ ដែល​ក្នុងនោះ​រួមមាន Antoine Griezmann, Alvaro] Morata, Diego Costa, Koke, Saul Niguez ដែល​សុទ្ធសឹង​ជា​កីឡាករ​សំខាន់​សម្រាប់​ជំនួប​នេះ​។​
 
​ក្នុងការ​ប្រកួត​វគ្គ​១៦​ក្រុម ជើង​ទី​១ នា​រាត្រី​នេះ​ក៏មាន​ការជួបគ្នា​រវាង​ម្ចាស់ផ្ទះ Schalke 04 និង Manchester City ផងដែរ នៅ​ម៉ោង​ដំណាលគ្នា​នេះ​៕
 

Tag:
 បាល់ទាត់​
  UEFA Champions League
  Cristiano Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com