អន្តរជាតិ
កូរ៉េខាងត្បូង​នឹងដាក់​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ 5G លឿន​ជាង 4G លើស​៤០​ដង នៅ​ខែក្រោយ​
20, Feb 2019 , 5:06 pm        
រូបភាព
ដោយ:
​កូរ៉េខាងត្បូង នឹង​ក្លាយជា​ប្រទេស​ទីមួយ​លើ​ពិភពលោក​ដែល​ចាប់ផ្តើម​ដំណើរការ​បណ្តាញ​ទូរគមនាគមន៍​អ៊ីនធឺណិត​ជំនាន់​ទី​ប្រាំ (5G) នៅ​ខែមីនា​ខាងមុខ​។ នេះ​បើតាម​ការបញ្ជាក់​របស់​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​លោក Hong Nam-ki នៅ​ថ្ងៃ​ពុធ​ទី​២០ ខែកុម្ភៈ​។

 
​ការប្រកាស​របស់លោក Hong Nam-ki គឺធ្វើឡើង​នៅក្នុង​ជំនួប​មួយ​ក្នុង​ទីក្រុង​សេ​អ៊ូ​ល​ជាមួយ​មន្ត្រីជាន់ខ្ពស់​កូរ៉េខាងត្បូង​។ យោងតាម​សារព័ត៌មាន Yonhap លោក Hong បាន​និយាយទៀតថា ក្រុមហ៊ុន​ផ្តល់​សេវា​ទូរ​សព្ទ​ចល័ត​ឈានមុខ​របស់​កូរ៉េខាងត្បូង  KT Corp និង​ក្រុមហ៊ុន​ប្រកួតប្រជែង​ក្នុងស្រុក​ពីរ​ផ្សេងទៀត រួមមាន SK Telecom និង LG Uplus នឹង​វិនិយោគ​លុយ​ប្រមាណ ២,៦៦​ពាន់​លាន​ដុល្លារ​បន្ថែមទៀត​លើ​ប្រព័ន្ធ​បច្ចេកវិទ្យា 5G ក្នុង​ឆ្នាំ​២០១៩​នេះ​។​
 
 អំឡុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវរងា​ក្នុង​ទីក្រុង Pyeongchang កូរ៉េខាងត្បូង កាលពី​ឆ្នាំ​២០១៨ ការដាក់​សាកល្បង​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ 5G ត្រូវបាន​ធ្វើឡើង​ដោយ​ក្រុមហ៊ុន KT Corp ។ សម្រាប់​ការ​ការសាកល្បង​នេះ គេ​ចាត់ទុក​វា​ជាការ​សាកល្បង​ដំបូងបង្អស់​លើ​ពិភពលោក​។ 
 
​សម្រាប់​ប្រព័ន្ធ 5G ការបញ្ចូល និង​ទាញ​ទិន្នន័យ​មាន​ល្បឿន​លឿន​ជាង​ប្រព័ន្ធ​បច្ចេកវិទ្យា 4G ចន្លោះ​ពី ៤០ ទៅ ៥០ ដង​ឯណោះ​។ ប្រព័ន្ធ​នេះ​ត្រូវបាន​គេ​រំពឹងថា​នឹង​បើកឱកាស​ក្នុង​ការធ្វើ​ជំនួញ​កាន់តែ​ធំ​បន្ថែមទៀត​សម្រាប់​វិស័យ​សេវាកម្ម​ទូរគមនាគមន៍​។ 
 
​ទន្ទឹមនឹង​គ្នា​នេះ ប្រព័ន្ធ​ទូរ​សព្ទ​ទំនើប​ចុង​ក្រោយនេះ ក៏​ជួយ​សម្រួល​ដល់​ការប្រាស្រ័យ​ទាក់ទង​រវាង​អ្នកប្រើប្រាស់​ឲ្យ​កាន់តែ​ល្អប្រសើរ​ជាង​មុន រួមទាំង​បើកចំហ​ទីផ្សារ​ឲ្យ​កាន់តែ​ធំ​ទូលាយ​សម្រាប់​អាជីវកម្ម​ឧបករណ៍​អេឡិចត្រូនិក និង​សេវ​កម្ម​ផងដែរ​៕

Tag:
 កូរ៉េខាងត្បូង​
  បច្ចេកវិទ្យា​
  ប្រព័ន្ធ 5G
© រក្សាសិទ្ធិដោយ thmeythmey.com