អន្តរជាតិ
វៀតណាម​ចង់​លុបចោល​ពន្ធ​លើ​គ្រឿងបន្លាស់​រថយន្ត​ផលិត​ក្នុងស្រុក​ដើម្បី​ប្រជែង​រថយន្ត​នាំចូល​
21, Feb 2019 , 8:39 am        
រូបភាព
រថយន្តកំពុងត្រូវបានដំឡើងដោ​យមនុស្សយន្តនៅក្នុងរោងចក្រ Huyndai Thanh Cong ប្រទេសវៀតណាម (រូបភាព៖ Vietnam News)
រថយន្តកំពុងត្រូវបានដំឡើងដោ​យមនុស្សយន្តនៅក្នុងរោងចក្រ Huyndai Thanh Cong ប្រទេសវៀតណាម (រូបភាព៖ Vietnam News)
ដោយ:
​ក្រសួង​ហិរញ្ញវត្ថុ​វៀតណាម បានស្នើ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​វិសោធនកម្ម​លើ​ច្បាប់​សំដៅ​លុបចោល​ពន្ធ​ពិសេស​លើ​គ្រឿង​បង្គំ និង​គ្រឿងបន្លាស់​របស់​រថយន្ត​ដែល​ផលិត​ក្នុងស្រុក​។ ការស្នើសុំ​នេះ​គឺ​ក្នុង​គោលដៅ​កាត់បន្ថយ​តម្លៃ​រថយន្ត​ដែល​ដំឡើង​នៅក្នុង​ស្រុក និង​ប្រជែង​ជាមួយ​រថយន្ត​ដែល​នាំចូល​។

 
​បញ្ជាក់​នៅក្នុង​ឯកសារ​ដែល​បាន​ផ្ញើ​ទៅកាន់​នាយករដ្ឋមន្ត្រី​វៀតណាម​កាលពី​ថ្មីៗ​នេះ ក្រសួង​ហិរញ្ញវត្ថុ​បានស្នើ​ឲ្យ​មានការ​លុបចោល​ពន្ធ​គ្រឿងបន្លាស់​រថយន្ត​ផលិត​ក្នុងស្រុក​។ ដើម្បី​លុបចោល​ពន្ធ​នេះ វា​ចាំបាច់​ត្រូវមាន​ការកែ​ច្បាប់​ស្តីពី​ពន្ធ​ពិសេស​នេះ​សិន​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Vietnam News នៅ​ថ្ងៃទី​២០ ខែកុម្ភៈ​។​
 
«​ដើម្បី​ជំរុញ​ឲ្យ​សហគ្រាស​បង្កើន​សង្វាក់​ផលិតកម្ម​ក្នុងស្រុក​, កាត់បន្ថយ​តម្លៃ​ផលិតផល និង​ពង្រឹង​ភាព​ប្រកួតប្រជែង​នៃ​ការផលិត​រថយន្ត​ក្នុងស្រុក​ប្រឆាំងនឹង​ការនាំ​ចូល​នោះ ក្រសួង​បានស្នើ​លុបចោល​ការយកពន្ធ​លើ​គ្រឿងបន្លាស់​រថយន្ត​ដែល​ផលិត​ក្នុងស្រុក​»​។ ក្រសួង​ហិរញ្ញវត្ថុ​វៀតណាម​បានបញ្ជាក់​បែបនេះ​នៅក្នុង​ឯកសារ​ខាងលើ​។​
 
​បើតាម Vietnam News  ក្រសួង​ហិរញ្ញវត្ថុ​វៀតណាម បាន​កត់សម្គាល់ថា ការលុបចោល​ពន្ធ​ប្រើប្រាស់​ពិសេស​នេះ​អាច​ល្មើស​ទៅនឹង​កិច្ចព្រមព្រៀង​ទូទៅ​ស្តីពី​ពាណិជ្ជកម្ម​និង​ពន្ធ​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO)​។ យ៉ាងណាមិញ ក្រសួង​បកស្រាយ​ថា ប្រទេស​មួយចំនួន​រួមមាន ឥណ្ឌូណេស៊ី និង​ថៃ បាន​អនុវត្ត​វិធានការ​នេះ​រួចរាល់​ហើយ​ដើម្បី​កាត់បន្ថយ​តម្លៃ​គ្រឿងបន្លាស់​ដែល​ផលិត​ក្នុងស្រុក ឬ​ផ្តល់​ការអនុគ្រោះ​ពន្ធ​លើ​រថយន្ត​ដែល​ដំឡើង​ក្នុងស្រុក នា​រយៈពេល​៣​ទៅ​៥​ឆ្នាំ​ខាងមុខ​។ 
 
​ទោះបីជា​យ៉ាងនេះ​ក្តី ក្រសួង​ហិរញ្ញវត្ថុ​បាន​ឲ្យ​ដឹង​ទៀតថា ខ្លួន​កំពុង​ស្រាវជ្រាវ​ចំពោះ​រឿងនេះ ដើម្បី​បញ្ជូន​ការស្នើសុំ​ផ្លូវការ​មួយ​ទៅកាន់​រដ្ឋាភិបាល​និង​រដ្ឋសភា​សម្រាប់​ធ្វើការ​ពិចារណា​។  
 
​ក្រុមហ៊ុន​ផលិត​រថយន្ត​មួយចំនួន​ដែល​តាំងទី​ក្នុងប្រទេស​មាន Trường Hải,  Toyota, Honda និង Mitsubishi សុទ្ធតែ​ជាប់ពន្ធ​ប្រើប្រាស់​ពិសេស​។  រថយន្ត​ដែលមាន​កៅអី​ចំនួន​៩ ឬ​តិចជាង​នេះ និង​ត្រូវ​ដំឡើង​ក្នុងស្រុក ត្រូវ​បង់ពន្ធ​ក្នុង​ចន្លោះ​ពី ៣៥ ទៅ ១៥០ ភាគរយ​។ 
 
​សូមបញ្ជាក់ថា ការប្រកួតប្រជែង​រវាង​ក្រុមហ៊ុន​ផលិត​រថយន្ត​ក្នុងស្រុក​វៀតណាម និង​អ្នក​នាំចូល កាន់តែ​មាន​ភាព​ក្តៅគគុក ក្រោយពី​ពន្ធ​លើ​ការ​នាំចូល​រថយន្ត​ពី​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន ត្រូវបាន​ទម្លាក់​ពី ៣០ ភាគរយ មក​ត្រឹម ០ ភាគរយ កាលពីដើមឆ្នាំ​២០១៨​កន្លងទៅ​៕
 

Tag:
 វៀតណាម​
  ពន្ធ​លើ​រថយន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com