ONE Championship
កីឡាជាតិ
ជាតិ
ម្ចាស់​ក្លិប KFG ថា គង់ សំបូរ នឹងធ្វើ​ឲ្យ​កក្រើក ONE Championship នៅ​សិង្ហ​បុរី​
21, Feb 2019 , 9:19 am        
រូបភាព
ដោយ៖ Matias Andres
 
​ក្រោយ​ទទួលបាន​ផ្លែផ្កា​ច្រើន​ពី​អាជីព​ប្រដាល់សេរី​នៅក្នុង​ស្រុក​កីឡាករ គង់ សំបូរ ដែល​សព្វថ្ងៃ​ហ្វឹកហាត់​នៅ​ក្លិប «​អាណាចក្រ​ប្រយុទ្ធ​» ទទួលបាន​ឱកាស​ដើម្បី​បញ្ចេញស្នាដៃ​នៅ​សង្វៀន​ពិភពលោក ONE Championship នៅ​ថ្ងៃទី​២២ ខែកុម្ភៈ​ខាងមុខ​។

 
​គង់ សំបូរ បានធ្វើ​ដំណើរ​ទៅដល់​សិង្ហ​បុរី​ហើយ ក្នុងនោះ​ក៏មាន​ស្ថាបនិក​ក្លិប KFG លោក Kwok Leung Tsang និង​លោកគ្រូ​បង្វឹក ជា រិ​ទ្ធ ដើម្បី​ត្រៀម​សម្រាប់​ការប្រកួត​ជាមួយ​ដៃគូ​កីឡាករ​ចិន Zhang Chenlong នា​ជំនួប kickboxing ក្នុង​ទម្ងន់ ៦៥​គីឡូក្រាម​។ 
 
​លោក Kwok Leung ម្ចាស់​ក្លិប KFG រៀបរាប់ថា​៖«​នេះ​ជា​បទពិសោធន៍​ដ៏​អស្ចារ្យ​សម្រាប់​គាត់​។ នេះ​ជា​លើកទីមួយ​របស់​សំបូរ​ដែល​បាន​ទៅ​ប្រកួត​នៅ​សិង្ហ​បុរី​»​។​
 
​អ្នក​ប្រដាល់​កម្ពុជា វ័យ​២៣​ឆ្នាំ ដែលមាន​ស្រុកកំណើត​នៅ​ខេត្តសៀមរាប​រូបនេះ ដំបូង​ឡើយ​ត្រូវបាន​គេ​ដាក់​ឲ្យ​ប្រកួត​ក្នុង​តារាង​គូ​បឋម ប៉ុន្តែ​ត្រូវ​ដូរ​ឲ្យ​ប្រកួត​ក្នុង​តារាង​គូ​សំខាន់​វិញ ដែល​រិត​តែ​ទាក់ទាញ​ចំណាប់អារម្មណ៍​ទស្សនិកជន​ទូទាំង​ពិភពលោក​កាន់តែខ្លាំង​ថែមទៀត​។ 
 
​មុន​ការប្រកួត​ខាងមុខនេះ ក្រុមការងារ​ទាំងមូល​បាន​សិក្សា​ស្នៀត​ត្រៀម​ទប់ទល់​គូប្រកួត​ភាគី​ចិន​យ៉ាង​ហ្មត់ចត់ ហើយ​បង្ហើប​ថា​មាន​គម្រោង​ធ្វើ​ឲ្យ​ជនរួមជាតិ​ភ្ញាក់ផ្អើល​តែម្តង​។ 
 
Kwok Leung ពន្យល់ថា​៖ «​បើសិន​ប្រៀបធៀប​គុន​ខ្មែរ​ទូទៅ ជាមួយ kickboxing វា​ខុសគ្នា​ខ្លាំង​ខាង​ល្បឿន​ទាត់​។ យើង​នឹង​បង្កើនល្បឿន​ចូល​ពី​ស្នៀត​មួយ​ទៅមួយ​ទៀត​ឲ្យ​រហ័ស បន្ត​ចូល​រហូត​ដៃគូ​អត់​មានឱកាស កាត់បន្ថយ​ការ​ចាំ និង​កាត់បន្ថយ​ការរង​»​។ 
 
​សំបូរ និង​ក្រុម​ទាំងមូល​ទទួលស្គាល់ថា Zhang ជា​កីឡាករ​ល្អ​ម្នាក់ ជាពិសេស​មាន​គេ​សរសើរ​ច្រើន​នៅក្នុង​ស្ថាប័ន​ប្រដាល់​ដូចជា GLORY Kickboxing ជាដើម​។ ទោះ​យ៉ាងនោះ​ក្តី ពួកគេ​ទទួល​ស្វា​គន​ម៍​ជានិច្ច​នូវ​ការប្រកួត​លើកដំបូង​នេះ ហើយ​សន្យាថា​នឹងធ្វើ​ឲ្យ​បាន​ប្រសើរ​ផងដែរ​។​
 
«Zhang ជា​អ្នក​ប្រដាល់​យ៉ាង​កម្រោល និង​ចូល​មិនចេះ​ថយ​។ អ្នកទស្សនា​គេ​ចូលចិត្ត​អ្នក​ប្រយុទ្ធ​បែបនេះ ហើយ​នោះ​គឺ​អ្វីដែល​យើង​នឹង​បង្ហាញ​»​។ 
 
​កម្ពុជា កំពុងមាន​សន្ទុះ​ខាង​ចលនា​អ្នក​ស្នេហា​វិស័យ​ក្បាច់គុន​ច្រើន​សម្បើម​ណាស់​ក្នុង​រយៈពេល​ចុងក្រោយ​។ អំឡុងពេល​ឆ្លង​ឆ្នាំ​២០១៨ ចូល​២០១៩ កម្ពុជា​បានទទួល​ការកោតសរសើរ​ខ្ពស់​នៅ​សង្វៀន​នា​ព្រឹត្តិការណ៍ ONE: DESTINY OF CHAMPIONS ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី​។ រីឯ​ថ្មីៗ​នេះដែរ នៅ ស្រី​ពៅ ក៏បាន​បំបាក់​តារា​ប្រដាល់​ដ៏​ល្បី Rika Ishige នៅ​ក្រុង​បាងកក រឹតតែ​ធ្វើ​ឲ្យ​ពិភពលោក​មានការ​ភ្ញាក់ផ្អើល​ខ្លាំង​។​
 
Kwok Leung ពោលថា​៖ «​កម្ពុជា​កំពុង​ឡើង​កូដ​ហើយ ឥឡូវ​មាន​កីឡាករ​ច្រើនណាស់​ក្នុង​ស្ថាប័ន ONE​។ វា​ល្អ​ម្យ៉ាង ហើយក៏​រំភើប​ពេល​ឃើញបែបនេះ​ដែរ​»​។​
 
​ដោយមាន​វត្តមាន​កីឡាករ​កម្ពុជា គង់ សំបូរ និង ខុន ស៊ី​ចាន់ នឹង​ប្រកួត​នៅឯ​កីឡដ្ឋាន​ក្នុងប្រទេស​សិង្ហ​បុរី​នេះ កម្ពុជា​ប្រាកដជា​អាច​បង្ហាញ​ពិភពលោក​កាន់តែច្បាស់​ទៀត​ពី​ភាពខ្លាំង​ខ្លា​របស់​គុន​ខ្មែរ និង​កីឡាករ​កម្ពុជា​។​
 
​ម្ចាស់​ក្លិប KFG បញ្ជាក់ថា​៖ «​យើង​មកនេះ​ដើម្បី​តំណាង​ឲ្យ​កម្ពុជា ហើយ​យើង​នឹង​ប្រកួត​ឲ្យ​កក្រើក​សង្វៀន​តែម្តង​»៕
 
 

Tag:
 ONE Championship
  គង់ សំបូរ
© រក្សាសិទ្ធិដោយ thmeythmey.com