កីឡាជាតិ
ជាតិ
AFF U22៖ កម្ពុជា​ឡើងទៅ​វគ្គ​១/២​ផ្តាច់ព្រ័ត្រ ក្រោយ​ឈ្នះ​មី​យ៉ាន់​ម៉ា ២-០
20, Feb 2019 , 8:23 pm        
រូបភាព
​ខ្សែការពារ យ៉ើ សា​ហ្វី អបអរ​គ្រាប់​បាល់​បញ្ចូល​ទី​របស់ខ្លួន​។ រូបថត FFC
​ខ្សែការពារ យ៉ើ សា​ហ្វី អបអរ​គ្រាប់​បាល់​បញ្ចូល​ទី​របស់ខ្លួន​។ រូបថត FFC
ដោយ: រួបរួម
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ​របស់​កម្ពុជា បាន​យកឈ្នះ​មី​យ៉ាន់​ម៉ា ២-០ នា​ការប្រកួត​លើក​ទី​ពីរ​នៅក្នុង​ពូ​ល B នៃ​ពានរង្វាន់ AFF U22 Championship នា​ល្ងាច​ថ្ងៃ​ពុធ ទី​២០ ខែកុម្ភៈ នេះ​។ ជ័យជម្នះ​ពីរលើក​ជាប់​គ្នា​របស់​កម្ពុជា នាំ​ឲ្យ​ពួកគេ​ឡើងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ស្វ័យប្រវត្តិ​ក្នុងនាម​ជា​ក្រុម​ចំណាត់ថ្នាក់​លេខ​មួយ​ក្នុង​ពូ​ល បន្ទាប់ពី​ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី បញ្ចប់​ការប្រកួត​ក្នុង​លទ្ធផល​ស្មើ ២-២ ។​



​នៅ​នាទី​១៥ ខ្សែការពារ Soe Moe Kyaw បានធ្វើ​ឲ្យ ស៊ិន កក្កដា ដួល​នៅក្នុង​តំបន់​គ្រោះថ្នាក់ ប៉ុន្តែ​ឱកាស​នាំមុខ​របស់​កម្ពុជា បាន​ខកខាន ដោយសារ​អ្នកចាំទី Phone Thitsar Min របស់​ក្រុម​ភ្ញៀវ រារាំង​ការ​ទាត់​ប៉េ​ណា​ល់​ទី​របស់ អ៊ុក សុវណ្ណ បាន​យ៉ាង​ល្អ​។​

​ប៉ុន្តែ​ឈានដល់​នាទី​២៦ កម្ពុជា​នៅតែ​សម្រេច​ឱកាស​នាំមុខ​លើ​មី​យ៉ាន់​ម៉ា ដែល​សម្រេចបាន​ដោយ​ខ្សែការពារ យ៉ើ សា​ហ្វី​។ ដល់​នាទី​៥០ សា​ហ្វី ទម្លាក់​បាល់​យ៉ាង​ល្អ​ទៅ​ឲ្យ ស៊ិន សុ​ផា​ណាត់ ដើម្បី​ស៊ុត​បញ្ចូល​ទី​នាំមុខ​មី​យ៉ាន់​ម៉ា ២-០ និង​ជា​លទ្ធផល​នៃ​ជ័យជម្នះ​។​

​ជ័យជម្នះ​នេះ នាំ​ឲ្យ​កម្ពុជា​ទទួលបាន​៦​ពិន្ទុ​ពេញ ហើយ​ធានាបាន​ចំណាត់ថ្នាក់​លេខ​មួយ​ពូ​ល B ដែល​អាច​ជួប ថៃ ឬ វៀតណាម នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ ម៉ាឡេស៊ី ដែល​បាន​ចាញ់​កម្ពុជា ១-០ នៅ​ថ្ងៃ​បើកឆាក បាន​តាម​យក​ស្មើ​ឥណ្ឌូណេស៊ី ២-២ សម្រាប់​ការប្រកួត​ដំបូង​នៅថ្ងៃនេះ​។ ឥណ្ឌូណេស៊ី​ឈរ​លេខ​ពីរ​បណ្តោះអាសន្ន​នៅក្នុង​ពូ​ល ដោយមាន​២​ពិន្ទុ ខណៈ​ម៉ាឡេស៊ី និង​មី​យ៉ាន់​ម៉ា មាន​១​ពិន្ទុ​។​



ជម្រើស​ដំបូង​របស់ U22 កម្ពុជា​៖ ហ៊ុល គឹម​ហ៊ុយ (​អ្នកចាំទី​), សឿត បារាំង​, យ៉ើ សា​ហ្វី​, ស៊ិន សុ​ផា​ណាត់ (​អ៊​ន ចាន់​ប៉ូ​លីន​), អ៊ុក សុវណ្ណ​, ម៉ាត់ សា​ក់រវី (​ប្រាក់ ធី​វ៉ា​), ទេស សម្បត្តិ​, ស៊ិន កក្កដា​, ឃៀង ម៉េង​ហួរ​, អ៊ិន សូ​ដា​វីដ​, សៀង ច​ន្ធា​៕




Tag:
 AFF U22
© រក្សាសិទ្ធិដោយ thmeythmey.com