ជាតិ
សេដ្ឋកិច្ច
សម្ដេច​បញ្ជា​ក្រសួងកសិកម្ម​ឲ្យ​ណែនាំ​កសិករ​«​កុំ​ដាំ​ដុះ​អ្វី ជ្រួល​តាម​ទីផ្សារ​មួយពេល​»
21, Feb 2019 , 9:14 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រសួងកសិកម្ម​ត្រូវ​ណែនាំ​ដល់​កសិករ ឲ្យ​ពួកគាត់​ចៀសវាង​ដាំ​ដុះ​ដំណាំ ដោយ​ជ្រួល​តាម​ទីផ្សារ​មួយគ្រា ដោយ​ចោល​មុខ​ដំណាំ​ពីមួយ​ទៅមួយ​ឥត​ច្បាស់លាស់​។ នេះ​បើតាម​ការលើកឡើង​រប​ស់​ប្រមុខ​រដ្ឋាភិបាល​សម្ដេច ហ៊ុន សែន ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​នៅ​ស្រុក​អង្គស្នួល​ខេត្តកណ្ដាល នៅ​ថ្ងៃទី​២០​ខែកុម្ភៈ​នេះ​។​



​សូម​ស្ដាប់​ប្រសាសន៍​សម្ដេច ហ៊ុន សែន ខាងក្រោម​នេះ​៖


 
 
«​យើង​ធ្វើ (​កសិកម្ម​) គឺមាន​គោលដៅ​បម្រើ​ឲ្យ​សេចក្ដីត្រូវការ​តាម​សេដ្ឋកិច្ច​ទីផ្សារ ប៉ុន្តែ​ការនាំគ្នា​ផ្អើល​តាម​សេដ្ឋកិច្ច​ផ្សារ​ហួសហេតុ​ពេក ក៏​វា​មិន​នាំមក​នូវ​ការលូតលាស់​សេដ្ឋកិច្ច​ដែរ​។ ឧទាហរណ៍ ឃើញ​កៅស៊ូ​ឡើងថ្លៃ នាំគ្នា​ដាំ​កៅស៊ូ​។ ដល់ពេល​កៅស៊ូ​ចុះថ្លៃ ស្វាយចន្ទី​ឡើងថ្លៃ ដាំ​ស្វាយចន្ទី​វិញ​ម្ដង ដល់ពេល​ម្រេច​ឡើងថ្លៃ​ស្វាយចន្ទី​ចុះថ្លៃ កាប់​ស្វាយចន្ទី​ចោល​ដាំ​ម្រេច​វិញ​។ ដូចនេះ​ការធ្វើ​បែបនេះ​មិន​ទទួលបាន​ផល​ទេ​»​។ សម្ដេច ហ៊ុន សែន បាន​ថ្លែង​បែបនេះ​។​
 
​សម្ដេចនាយក​រដ្ឋមន្ត្រី​បានស្នើ​ឲ្យ​ក្រសួងកសិកម្ម ត្រូវ​ពន្យល់​ណែនាំ​ពី​បញ្ហា​ទីផ្សារ និង​ផ្ដល់​បច្ចេកទេស​ដល់​កសិក​រ​។ ប្រមុខ​រដ្ឋាភិបាល​ណែនាំ​ដូច្នេះ​ថា​៖«​សុំ​ឲ្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ធ្វើការ​ចង្អុល​ណែនាំ​ដល់​ប្រជាកសិករ កុំ​ឲ្យ​លុះ​ទៅ​ទាម​ចរន្ត​ទីផ្សារ​តាម​ដំណាក់កាល​។ ហើយក៏​ត្រូវមាន​ការគាំទ្រ​ផ្នែក​បច្ចេកទេស​ដល់​កសិក​រ​របស់​យើង​»​។​
 
​សម្ដេច​បាន​លើក​ឧទាហរណ៍​អ្នក​ដាំ​កៅស៊ូ​របស់​ថៃ ដែល​ពេល​កៅស៊ូ​ធ្លាក់​ថ្លៃ គេ​មិនទាន់​ចៀរ​ជ័រកៅស៊ូ​ទេ ហើយ​មិន​ផ្លាស់ប្ដូរ​ទៅ​ដាំ​ដំណាំ​ផ្សេង​ដែរ គឺ​រង់ចាំ​ប្រមូល​ផល​ក្នុងពេល​កៅស៊ូ​ឡើងថ្លៃ​៕

Tag:
 ទីផ្សារ​កសិកម្ម​
  ដាំ​ដុះ​
  កសិករ
© រក្សាសិទ្ធិដោយ thmeythmey.com