កីឡាជាតិ
ជាតិ
AFF U22៖ តើ​ថៃ ឬ វៀតណាម ដែល​ត្រូវ​ប៉ះ​កម្ពុជា នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​?
21, Feb 2019 , 9:53 am        
រូបភាព
ខ្សែប្រយុទ្ធវៀតណាម Tran Danh Trung (ស) និងខ្សែបម្រើថៃ TanpisitKhukhalamo។ រូបថត FFC
ខ្សែប្រយុទ្ធវៀតណាម Tran Danh Trung (ស) និងខ្សែបម្រើថៃ TanpisitKhukhalamo។ រូបថត FFC
ដោយ: ថ្មីៗ
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ​កម្ពុជា​ក្នុងនាម​ជា​ក្រុម​លេខ​១​ពូ​ល B កំពុង​អ៊ុត​មើល​ការប្រកួត​ចុងក្រោយ​នៅក្នុង​ពូ​ល A នៃ​ព្រឹត្តិការណ៍ AFF U22 Championship នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ រវាង​វៀតណាម និង​ថៃ​។ ក្រុមយុវជន​នៃ​ប្រទេសជិតខាង​ទាំងពីរ ប្រជែង​គ្នា​សម្រាប់​ចំណាត់ថ្នាក់​លេខ​១​ក្នុង​ពូ​ល A ខណៈ​ក្រុម​ដែល​បាន​លេខ​២ ត្រូវ​ឡើងទៅ​ជួប​យុវជន​គោព្រៃ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។​


 
 
​វៀតណាម បើកឆាក​ពូ​ល A ជាមួយនឹង​ជ័យជម្នះ ២-១ លើ​ហ្វីលីពីន និង​បន្ត​បំបាក់​ទី​ម័​រ​ខាងកើត ៤-០ រីឯ​ថៃ ស៊ី​ទី​ម័​រ​ខាងកើត ១-០ និង​យកឈ្នះ​ហ្វីលីពីន ៣-០ ។ យោងតាម​លទ្ធផល​ខាងលើ វៀតណាម​ឈរលើ​ចំណាត់ថ្នាក់​លេខ​១​បណ្តោះអាសន្ន ដោយមាន​សំណល់​គ្រាប់​បាល់​លើស​ថៃ​មួយ​គ្រាប់​។​
 
​សម្រាប់​ជំនួប​រវាង​វៀតណាម និង​ថៃ នា​វេលា​ម៉ោង​៣ និង​៣០​រសៀល​នា​ពហុ​កីឡដ្ឋាន​ជាតិ​នេះ លទ្ធផល​ស្មើនឹង​នាំ​វៀតណាម​ឈរ​លេខ​១​ក្នុង​ពូ​ល ប៉ុន្តែ​បើ​មាន​លទ្ធផល​ឈ្នះ​-​ចាញ់ ក្រុម​ដែល​ចាញ់ ឬ​លេខ​ពីរ​ក្នុង​ពូ​ល A នឹងត្រូវ​តទល់​ជាមួយ​កម្ពុជា​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នា​ថ្ងៃទី​២៤ ខែកុម្ភៈ រីឯ​ក្រុម​ឈ្នះ​រង់​ចាំមើល​ក្រុម​លេខ​ពីរ​ក្នុង​ពូ​ល B ដែល​អាចជា​ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ឬ​មី​យ៉ាន់​ម៉ា​។​
 
​ក្រោយ​ការប្រកួត​ពីរលើក​ក្នុង​ពូ​ល B កម្ពុជា​ធានាបាន​ចំណាត់ថ្នាក់​លេខ​១​ក្នុង​ពូ​ល តាមរយៈ​ជ័យជម្នះ ១-០ លើ​ម៉ាឡេស៊ី និង ២-០ លើ​មី​យ៉ាន់​ម៉ា និង​នៅសល់​ជំនួប​ចុងក្រោយ​ជាមួយ​ឥណ្ឌូណេស៊ី​។​
 
​ចំពោះ​ការប្រកួត​នៅថ្ងៃនេះ​ផងដែរ ក្រោយ​ជំនួប​រវាង​វៀតណាម និង​ថៃ នា​វេលា​ម៉ោង​៣ និង​៣០​នាទី ក្រុមទី​ម័​រ​ខាងកើត និង​ហ្វីលីពីន ដែល​បាន​ហាលអាវ​ទៅហើយនោះ ត្រូវ​ប៉ះគ្នា​នៅ​ម៉ោង​៦ និង​៣០​នាទី​ដើម្បី​បង្គ្រប់កិច្ច​នៅក្នុង​ពូ​ល A៕

Tag:
 AFF U22
© រក្សាសិទ្ធិដោយ thmeythmey.com