កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ AT-Madrid ស៊ី Juventus ២-០ រីឯ Man City វាយបក​យកឈ្នះ Schalke ៣-២
21, Feb 2019 , 11:03 am        
រូបភាព
Atletico Madrid បាន​យកឈ្នះ​ក្រុម​ភ្ញៀវ Juventus ដោយ​លទ្ធផល ២-០ នា​ការប្រកួត​ក្នុង​ក្របខណ្ឌ UEFA Champions League ជើង​ទី​១ វគ្គ​១៦​ក្រុម នៅ​រាត្រី​ថ្ងៃទី​២០ ខែកុម្ភៈ​។ រីឯ Manchester City បាន​វាយបក​យកឈ្នះ​ម្ចាស់ផ្ទះ Schalke 04 ក្នុង​លទ្ធផល ៣-២​។​


 
២​គ្រាប់​របស់​ក្រុម​ម្ចាស់ផ្ទះ AT-Madrid នៅឯ​កីឡដ្ឋាន Wanda Metropolitano សុទ្ធតែ​ធ្វើបាន​នៅ​តង់​ទី​ពីរ​ទាំងអស់ ដែល​សម្រេច​ទី​បាន​ដោយ​ខ្សែការពារ Jose Gimenez និង​ប្រធាន​ក្រុម Diego Godin​។ Juventus បើ​ទោះ​មានការ​គ្រប់គ្រង​បាល់​ច្រើនជាង​ក្តី ប៉ុន្តែ​មិនអាច​ធ្វើ​អ្វី​ក្រុម​របស់លោក Diego Simeone បានឡើយ បើ​ទោះ​ពួកគេ​មាន​ខ្សែប្រយុទ្ធ​ឆ្នើម Cristiano Ronaldo ក៏ដោយ​។ 


 
​ជ័យជម្នះ ២-០ លើ​ក្រុម​យក្ស​អ៊ីតាលី​នេះ បានធ្វើ​ឲ្យ​ក្រុម​ពី​អេ​ស្ប៉ា​ញ AT-Madrid មាន​ទំនុកចិត្ត​ខ្ពស់​នៅពេល​ត្រលប់​ទៅ​ទឹកដី Juventus សម្រាប់​ជំនួប​ជើង​ទី​២​។​


 
​ដោយឡែក​ការប្រកួត​មួយគូ​ទៀត ក្រុម​ពី​អង់គ្លេស Man City បាន​យកឈ្នះ​ក្រុម​ពី​អាល្លឺម៉ង់ Schalke 04 ដោយ​គ្រាប់​បាល់​វាយបក ៣-២​។ 
 
Sergio Aguero ជា​អ្នករក​គ្រាប់​បាល់​នាំមុខ​ឲ្យ​ក្រុម​លោក Pep Guardiola នៅ​នាទី​១៨ មុនពេល​ខ្សែបម្រើ Nabil Bentaleb ទទួលបាន​ឱកាស​ស៊ុត​បាល់​ពិន័យ​ប៉េ​ណា​ល់​ទី​២​គ្រាប់​ម្នាក់ឯង​ដើម្បី​ជួយ Schalke 04 នាំមុខ Man City ២-១ វិញ​មុន​បញ្ចប់​តង់​ទី​១​។​


 
​ចូលដល់​តង់​ទី​២ ខណៈ​ការប្រកួត​បាន​ឈានចូល​ដល់​នាទី​៨៥ ខ្សែបម្រើ Leroy Sane ដែល​ទើប​ប្តូរ​ចូល​ជំនួស Aguero នៅ​នាទី​៧៨ បាន​ទាត់​បាល់​ពិន័យ (Freekick) យ៉ាង​ល្អ​ដើម្បី​បំប៉ោង​សំណាញ់​ទី​ក្រុម​ចាស់​របស់គេ និង​ជា​គ្រាប់​បាល់​តាម​ស្មើ ២-២ ផងដែរ​។ ចូលដល់​នាទី​៩០​ទៅហើយ អ្នកចាំទី Ederson Moraes បំ​ផ្លោង​បាល់​ពី​ចម្ងាយ​ទៅ​ឲ្យ​ខ្សែបម្រើ Raheem Sterling ដើម្បី​សម្រេច​ទី​គ្រាប់​បាល់​ជ័យជម្នះ​។ ចប់​ការប្រកួត Man City ឈ្នះ Schalke 04 ដោយ​លទ្ធផល ៣-២​។​
 
​គ្រាប់​បាល់​ចំណេញ​ក្រៅ​ដី​៣​គ្រាប់ បានធ្វើ​ឲ្យ​ក្រុម​រហស្សនាម​មេឃ​ខៀវ​ក្លាយជា​ក្រុម​មានប្រៀប​ជាង​គូប្រជែង ដ្បិត​ត្រូវ​ដឹកនាំ​ការប្រកួត​នៅ​ជើង​ទី​២ នៅលើ​ទឹកដី​ខ្លួន ដែល​នឹង​ធ្វើឡើង​នៅ​រាត្រី​ថ្ងៃទី ១៣ ខែមីនា ឆ្នាំ​២០១៩៕

Tag:
 បាល់ទាត់​
  UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com