ជាតិ
សង្គមជាតិ
អ្នករត់​ម៉ូតូ​កង់​បី​៖ អត់​សុខចិត្តទេ មើលងាយ​ខ្ញុំ ហេតុអ្វី​ឲ្យ​ឆ្កែ​ឡើង​ជិះ​មុន​មនុស្ស​?
21, Feb 2019 , 11:11 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ «​រឿង​ឆ្កែ​នេះ​!​សួរថា​ហៅ​(​ម៉ូតូ​កង់​បី​)​ខ្ញុំ​មក​ជិះ ឬ​ឲ្យ​ឆ្កែ​ជិះ​»? នេះ​ជាការ​សំនួរ​អម​ជាមួយ​សម្ដី​ខឹងសម្បារ​របស់​បុរស​អ្នករត់​ម៉ូតូ​កង់​បី​ម្នាក់ ទៅកាន់​អតិថិជន ដែល​បម្រុង​នាំ​ឆ្កែ​របស់ខ្លួន​ទៅកាន់​មន្ទី​រ​ពេទ្យ​។​




 

 
​តាមរយៈ​វីដេអូ​ឃ្លី​ប​ជាង​២​នាទី បុរស​ជា​អ្នករត់​ម៉ូតូ​កង់​បី បានបង្ហាញ​អារម្មណ៍​មិន​ពេញចិត្ត​ចំពោះ​អតិ​ជន ដែល​ឲ្យ​ឆ្កែ​ឡើង​ជិះ​ម៉ូតូ​កង់​បី​ខ្លួន​ឡើយ​។ នោះ​ក៏​ព្រោះតែ​បុរស​រត់​កង់​បី យល់ថា ការ​ឲ្យ​ឆ្កែ​ឡើង​ជិះ​កង់​បី​នេះ គឺជា​មើលងាយ​ដល់​ខ្លួន ដែលជា​អ្នករត់​សេវា​ដឹកជញ្ជូន​នេះ​។ «​ហៅ​(​ម៉ូតូ​)​កង់​បី​ខ្ញុំ​មក ឲ្យ​ឆ្កែ​ជិះ​អ៊ីចឹង​? ខ្ញុំ​មិនមែន​កង់​បី​ដឹក​ឆ្កែ​ទេ​ណា​! »​។ នេះ​ជាការ​អះអាង​របស់​អ្នករត់​កង់​បី​។​
 
«​ចុះ​ពូ​ឯង​អត់​សុខចិត្ត​កន្លែង​ណា​?» នេះ​ជា​សំនួរ​ចេញពី​មាត់​ស្ត្រី​អតិថិជន​ទៅកាន់​អ្នករត់​កង់​បី ដែល​អ្នករត់​កង់​បី​ឆ្លើយតប​វិញ​ភ្លាម​ថា «​ខ្ញុំ​អត់​សុខចិត្ត​ត្រង់​ថា រឿង​អី​មើលងាយ​ខ្ញុំ ឲ្យ​ឆ្កែ​ឡើងលើ​កង់​បី​ខ្ញុំ​មុន​(​ម្ចាស់​)​។ សួរថា​កង់​បី​ខ្ញុំ​នេះ ហៅ​មក​ឆ្កែ​ជិះ ឬ​ឲ្យ​មនុស្ស​ជិះ​? ហើយ​ឆ្កែ​អ្នក​ហៅ ឬ​មនុស្ស​អ្នក​ហៅ​(​កង់​បី​ជិះ​)​។ អស្ចារ្យ​អី កង់​បី​ខ្ញុំ​ទិញ​តម្លៃ​១០០០​ទៅ​២០០០​ណា​! អូន​ណា បង​ក៏​ជា​អ្នកធ្វើការ​ម្នាក់​ដែរ តែ​មិនមែន​មក​រត់​កង់​បី​នេះ មិន​ថោកទាប ដល់​ថ្នាក់​ប្រើ​ភាសា​ហ្នឹង​ទេ​»​។​
 
​តាមពិត​គោលបំណង​របស់​ស្ត្រី ដែល​ហៅ​ម៉ូតូ​កង់​បី​មក​ជិះ​នេះ គឺ​ដើម្បី​ដឹក​ខ្លួន និង​ឆ្កែ ទៅ​មន្ទីរពេទ្យ ចាក់​ថ្នាំ​បង្ការ​ជំងឺ ប៉ុន្តែ​ដោយសារ​សត្វ​ឆ្កែ បាន​ឡើងលើ​ម៉ូតូ​កង់​បី មុន​ម្ចាស់​នោះ ទើប​បង្ក​ឲ្យ​មាន​បញ្ហា​ទាស់សម្តី​នេះ​កើតឡើង​។ ប៉ុន្តែ​ដើម្បី​បញ្ចប់​បញ្ហា​នេះ ស្ត្រី​ជា​អតិ​ជន ក៏បាន​សម្រេច​ផ្ដល់​ថវិកា​៣០០០​រៀល ដល់​រត់​កង់​បី ឲ្យ​ត្រឡប់​ទៅវិញ ដោយ​មិនចាំបាច់​ដឹក​ខ្លួន និង​ឆ្កែ​ទៅ​ពេទ្យ​ឡើយ​។ ប៉ុន្តែ​បុរស​រត់​កង់​បី មិន​ព្រម​ទទួលយក​ថវិកា​នេះហើយ ថែមទាំង​នៅតែ​ទន្ទេញ​នូវ​ពាក្យសម្តី​ថា «​ឲ្យ​ឆ្កែ​ជិះ​កង់​បី​នេះ ជាការ​មើលងាយ​ខ្លួន​»​។​
 
​តែ​យ៉ាងណា​រឿងរ៉ាវ​នេះ មិនបាន​បង្ក​ជា​ជម្លោះ​ធ្ងន់ធ្ងរ​ទេ ក្រោយពី​អតិថិជន បាន​បិទ​ទ្វាររបង​ផ្ទះ ហើយ​ផ្ដាំ​ទៅ​អ្នករត់​ម៉ូតូ​កង់​បី​វិញ​ថា «​ចាំ​ខ្ញុំ​តេ​ទៅខាង​ក្រុមហ៊ុន របស់​ពូ​ឯង​។ សំខាន់​ខ្ញុំ​អត់​ចង់​មានរឿង​អ្វី​ជាមួយ​ពូ​ឯង​»៕ 

Tag:
 ​ម៉ូតូ​កង់​បី​
  សេដ្ឋកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com