ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានគំរាមសហភាពអឺរ៉ុបថា អាមេរិកនឹងដាក់ព័ន្ធលើរថយន្តនាំចូលបើសិនជាមិនមានកិច្ចព្រមព្រៀងពាណិជ្ជកម្មណាមួយត្រូវបានបង្កើតឡើងរវាងអាមេរិកជាមួយសហភាពអឺរ៉ុបទេនេះ។ លោក ត្រាំ គំរាមដាក់ពន្ធជាថ្មីបន្ទាប់ពីទទួលបានរបាយការណ៍ថា រថយន្តនាំចូលពីអឺរ៉ុបនៅបន្តជាបញ្ហាគំរាមកំហែងសម្រាប់សន្តិសុខជាតិអាមេរិក។
ខណៈដែលការចរចាគ្នាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអឺរ៉ុបមិនទាន់ចាប់ផ្តើម ប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ បានចេញមុខគំរាមប្រទេសអឺរ៉ុបជាថ្មីថានឹងដាក់ពន្ធប្រឆាំងរថយន្តនាំចូលពីអឺរ៉ុបនៅពេលខាងមុខ។
លោក ត្រាំ បានគំរាមដាក់ពន្ធប្រឆាំងរថយន្តអឺរ៉ុបជាថ្មីនៅថ្ងៃពុធទី ២០ ខែកុម្ភៈ ដោយអះអាងថា វិធានការនេះត្រូវដាក់ចេញបើសិនជាអាមេរិកនិងអឺរ៉ុបគ្មានលទ្ធភាពបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មរួមគ្នាទេ។ បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ប្រធានាធិបតីអាមេរិកនិយាយបែបនេះ៖ «យើងកំពុងចរចាគ្នា។ ប្រសិនយើងមិនបង្កើតកិច្ចព្រមព្រៀងបានទេ យើងនឹងដាក់ពន្ធភា្លម»។
លោក ត្រាំ បន្តរិះគន់អឺរ៉ុបថា៖«យើងកំពុងព្យាយាមសម្រេចកិច្ចព្រមព្រៀង។ សហភាពអឺរ៉ុបរឹងទទឹងណាស់ក្នុងការបង្កើតកិច្ចព្រមព្រៀងជាមួយ។ ពួកគេតែងតែលំបាកខ្លាំងក្នុងការចរចាបែបនេះរាប់ឆ្នាំមកហើយ»។
ការឈានទៅគំរាមដាក់ពន្ធប្រឆាំងក្រុមហ៊ុនរថយន្តអឺរ៉ុប ធ្វើឡើងប្រហែលពីរថ្ងៃប៉ុណ្ណោះក្រោយក្រសួងពាណិជ្ជកម្មបញ្ចេញរបាយការណ៍មួយដែលបង្ហាញថា រថយន្តរបស់អឺរ៉ុបដែលនាំចូលនោះក្លាយជាបញ្ហាសន្តិសុខជាតិសម្រាប់សហរដ្ឋអាមេរិក។ កន្លងមក សេតវិមានអាមេរិកក៏ធ្លាប់ប្រើហេតុផលសន្តិសុខជាតិនេះដើម្បីដាក់ពន្ធលើដែកថែប និងអាលុយមីញ៉ូមនាំចូលដូចគ្នាដែរ។
គេព្យាករណ៍ថា របាយការណ៍ថ្មីពីក្រសួងជំនាញនេះនឹងអាចជំរុញឲ្យសេតវិមានដាក់ពន្ធក្នុងរយៈពេល ៩០ថ្ងៃខាងមុខទៀត។ ប៉ុន្តែយ៉ាងណាក៏ដោយ ព្រុចសែលបានព្រមានជាមុនថា ខ្លួននឹងដាក់វិធានការតបតវិញដែរប្រឆាំងនឹងក្រុងវ៉ាស៊ីនតោនភ្លាម។
ការគំរាមដាក់ពន្ធប្រឆាំងរដ្ឋអឺរ៉ុបត្រូវបានលោក ត្រាំ លើកឡើងច្រើនដង ហើយលោកក៏បានប្រកាស ដាក់ពន្ធ ២៥ ភាគរយលើរថយន្តនាំចូលពីអឺរ៉ុបជាពិសេសមកពីអាល្លឺម៉ង់ ដើម្បីការពារក្រុមហ៊ុនផលិតឡានក្នុងស្រុកផង។ ប៉ុន្តែក្រោយមក លោក ត្រាំ បានឯកភាពផ្អាកអនុវត្តចំណាត់ការនេះបន្ទាប់ពីជួបប្រធានគណៈកម្មការអឺរ៉ុបលោក Jean-Claude Juncker កាលពីខែកក្កដាឆ្នាំទៅ។
មកដល់ពេលបច្ចុប្បន្ន ភាគីទាំងពីរមិនទាន់ចាប់ផ្តើមដំណើរការចរចាគ្នាទេ ថ្វីបើមានការឯកភាពគ្នាទុកពេលចរចាក៏ដោយ។ គណៈកម្មការអឺរ៉ុបចាំបាច់ត្រូវសុំការយល់ព្រមពីបណ្តារដ្ឋសមាជិកជាមុនសិនលើការចរចាបង្កើតកិច្ចព្រមព្រៀងជាមួយអាមេរិកនេះ មុននឹងចាប់ផ្តើមការចរចាបាន។ ទីភ្នាក់ងារព័ត៌មាន AFP បានឲ្យដឹងថា រដ្ឋមន្ត្រីពាណិជ្ជកម្មអឺរ៉ុបនឹងជួបជុំគ្នានៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រសប្តាហ៍នេះដើម្បីពិនិត្យមើលលើសំណើរទាំងនេះដែរនៅរដ្ឋធានីប៊ុយការ៉េស ប្រទេស រូម៉ានី។
Washington already has used the national security argument to impose steep tariffs on steel and aluminum imports, drawing instant retaliation from the EU, Canada, Mexico and China.