ជាតិ
សេដ្ឋកិច្ច
CDC សម្រេចឲ្យក្រុមហ៊ុន ៧ ដែលមានទុនជិត៦០លានដុលា្លរ បង្កើតរោងចក្រនៅកម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC
× ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានអនុញ្ញាតឱ្យក្រុមហ៊ុនថ្មីចំនួន៧ បង្កើតរោងចក្រផលិតផលផ្សេងៗ នៅក្នុងខេត្តព្រះសីហនុ កំពង់ស្ពឺ បន្ទាយមានជ័យ និងនៅភ្នំពេញ។ ក្រុមហ៊ុនទាំង៧នោះ មានទុនវិនិយោគសរុប ៥៨,៩លានដុល្លារ ដែលអាចផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋក្នុងប្រទេសបានជិត១ម៉ឺនកន្លែង។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់CDC។
បើតាមCDC ក្រុមហ៊ុនទាំង៧នេះ រួមមាន ក្រុមហ៊ុន YIMGJIA (CAMBODIA) ART SUPPLY MFG មានទឹកប្រាក់វិនិយោគជិត៦លានដុល្លារ ដែលគ្រោងបង្កើតរោងចក្រផលិតផ្ទាំងស៊ុមគំនូររូបថត និងសម្ភារសម្រាប់រចនាស៊ុមរូបថត នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ក្រុមហ៊ុន CNDEGRE INTERNATIONAL (KH) CO.,LTD និងក្រុមហ៊ុនJACKIE TSENG GARMENT (CAMBODIA) មានគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់-ប៉ាក់ និងផលិតកាបូបស្ពាយ នៅខេត្តកំពង់ស្ពឺ ជាមួយទុនវិនិយោគសរុបចំនួន៣៩,៥លានដុលា្លរ។ ដោយCNDEGRE INTERNATIONAL (KH) មានទុន៣៣,៨លានដុល្លារ និងក្រុមហ៊ុន JACKIE TSENG GARMENT (CAMBODIA) មានទុនវិនិយោគប្រមាណ ៥,៧លានដុល្លារ។
ក្រុមហ៊ុនBIG C SUPERCENTER (CAMBODIA) មានទុន៦,៨លានដុល្លារ គ្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម នៅទីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ដោយឡែក ក្រុមហ៊ុនHUABAOSUYE PLASTIC PRODUCTS (CAMBODIA) ក្រុមហ៊ុន ZHAOHUI FILTER និងក្រុមហ៊ុន NY SE NY SENG មានទុនវិនិយោគចំនួន៧,៧លានដុល្លារ គ្រោងបង្កើតរោងចក្រនៅរាជធានីភ្នំពេញ។ ក្រុមហ៊ុនHUABAOSUYE PLASTIC PRODUCTS បង្កើតរោងចក្រផលិតថង់យួរប្លាស្ទីកគ្រប់ប្រភេទ។ ក្រុមហ៊ុន ZHAOHUI FILTER បង្កើតរោងចក្រផលិតគ្រឿងបន្សំម៉ាស៊ីនបូមធូលី និងតម្រងម៉ាស៊ីនបន្សុទ្ធខ្យល់-ទឹក និងក្រុមហ៊ុន NY SE NY SENG បង្កើតរោងចក្រផ្គុំដំឡើងម៉ូតូ ដែលមានទីតាំងវិនិយោគនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ៕
© រក្សាសិទ្ធិដោយ thmeythmey.com