គិតត្រឹមថ្ងៃទី២១ ខែកុម្ភៈ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ មានពេលមួយសប្ដាហ៍ទៀតមុនពេលជួបមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ដើម្បីជជែកពីការរំសាយនុយក្លេអ៊ែរ។ ប៉ុន្តែមុនជំនួបលើកទីពីរមកដល់ ហើយដែលទំនងជាជំនួបសំខាន់ជាងលើមុនផងនោះ លោក ត្រាំ បែរជានិយាយថា គ្មានកាលបរិច្ឆេទកំណត់ឡើយចំពោះការរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង។ ហេតុអ្វីលោក ត្រាំ មិនប្រញាប់ឲ្យកូរ៉េខាងជើងរំសាយនុយក្លេអ៊ែរ បើវាជាគោលដៅធំចម្បងរបស់លោកទៅហើយនោះ ឬលោកដឹងមុនថា ជំនួបនៅវៀតណាមនឹងគ្មានផ្លែផ្កា?
ជំនួបលើកទីពីររវាងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នឹងធ្វើឡើងនៅថ្ងៃទី២៧-២៨ ខែកុម្ភៈខាងមុខ ដោយមានវៀតណាមជាម្ចាស់ផ្ទះ។ ដូចជំនួបលើកទីមួយនៅសិង្ហបុរីដែរ គោលដៅសំខាន់ៗរបស់លោក ត្រាំ គឺសម្រេចឲ្យបានកិច្ចព្រមព្រៀងជាក់លាក់មួយដើម្បីបញ្ចុះបញ្ចូលឲ្យកូរ៉េខាងជើងបោះបង់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។
អ្វីគួរឲ្យចាប់អារម្មណ៍នោះ លោក ត្រាំ ហាក់ទម្លាក់ក្ដីរំពឹងរបស់ខ្លួនទៅវិញ។ នៅថ្ងៃអង្គារទី ១៩ ខែកុម្ភៈ លោក ត្រាំ បានប្រាប់អ្នកសារព័ត៌មានថា លោកពិតជាចង់ឲ្យកូរ៉េខាងជើងរំសាយអាវុធនុយក្លេអ៊ែរ ប៉ុន្តែលោកក៏មិនប្រញាប់ប្រញាល់ចង់ឃើញលទ្ធផលពេកដែរ ឲ្យតែកូរ៉េខាងជើងមិនសាកល្បងអាវុធទៀត។ មិនមែនជារឿងថ្មីដែលលោកនិយាយបែបនេះ ប៉ុន្តែការលើកឡើងម្ដងទៀតបែបនេះមុនជំនួបសប្ដាហ៍ក្រោយ អាចមានអត្ថន័យផ្សេងវិញ។
សម្ដីបែបនេះ អាចជាការគោះជួងជាមុនថា ជំនួបនៅវៀតណាមអាចមិនមានលទ្ធផលផ្លែផ្កាអ្វីឡើយ។ នាជំនួបប្រវត្តិសាស្ត្រលើកដំបូងនៅសិង្ហបុរីកាលពីខែមិថុនា ឆ្នាំ២០១៨ លោក ត្រាំ និងលោក គីម បានសម្រេចសេចក្តីថ្លែងការណ៍មួយដែលមិនមានកំណត់ចំណុចសំខាន់អ្វីសម្រាប់ការឈានទៅរំសាយអាវុធឡើយ។ វាមានតែពាក្យប្តេជ្ញាចិត្តរំសាយអាវុធរបស់កូរ៉េខាងជើងប៉ុណ្ណោះ។ តើត្រូវធ្វើនៅពេលណាឬប្រើប្រាស់យន្តការជាក់លាក់អ្វីនោះ គ្មានការកំណត់នោះឡើយ។
រំសាយនុយក្លេអ៊ែរ ជារឿងនិយាយស្រួលជាងធ្វើ
ជាការពិត ការលុបបំបាត់នុយក្លេអ៊ែរកូរ៉េខាងជើង មិនមែនជារឿងស្រួលឡើយ។ ក្រោយជំនួបនៅសិង្ហបុរី អាមេរិក និងកូរ៉េខាងជើងក៏ចាប់ផ្ដើមការចរចាដើម្បីអនុវត្តកិច្ចព្រមព្រៀងដ៏ទូលាយ ប៉ុន្តែរាប់សិបខែមកនេះ គ្មានលទ្ធផលអ្វីឡើយ។ រឿងគួរកត់សម្គាល់នោះ តាំងពីចុងឆ្នាំ២០១៧ រហូតដល់ពេលចរចា និងក្រោយមកទៀត កូរ៉េខាងជើងមិនបានសាកល្បងនុយក្លេអ៊ែរ ឬបាញ់មីស៊ីលអ្វីឡើយ។ ប្រធានាធិបតីអាមេរិកចាត់ទុកសកម្មភាពក្រុងព្យុងយ៉ាងបែបនេះជារឿងវិជ្ជមានទៅវិញ។
មិនសាកល្បងនុយក្លេអ៊ែរ ឬបាញ់មីស៊ីលបែបនេះ មិនមែនជារឿងថ្មីឡើយ។ ជាសរុប កូរ៉េខាងជើងសាកល្បងនុយក្លេអ៊ែរ៦ដង ប៉ុន្តែចន្លោះពេលធ្វើតេស្តនីមួយៗមានរយៈពេលយូរ។ ជាក់ស្ដែង ចន្លោះពេលការសាកល្បងលើកមួយ និងពីរមានគម្លាតប្រហែលបីឆ្នាំ ហើយរវាងលើកទីពីរ និងលើកទីបី មានដល់ទៅ៤ឆ្នាំផង។ ដូចនេះ ទឹកស្ងប់មិនមែនគ្មានត្រីឡើយ ហើយកូរ៉េខាងជើងឆ្លៀតឱកាសនេះដើម្បីបង្កើនសមត្ថភាពអាវុធរបស់ខ្លួនប៉ុណ្ណោះ។
បើតាមរបាយការណ៍ថ្មីនេះរបស់អង្គការសហប្រជាជាតិ កូរ៉េខាងជើងនៅតែមានសកម្មភាពពាក់ព័ន្ធកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ហើយប្រើប្រាស់ទីតាំងស៊ីវិលដើម្បីលាក់បំពួនអាវុធពីការវាយប្រហារដោយមិនដឹងមុនរបស់អាមេរិកទៅទៀត។ បានន័យថា កូរ៉េខាងជើងមិនមានបំណងបោះបង់អាវុធរបស់ខ្លួននៅពេលឆាប់ៗនេះឡើយ ទោះជាប្រមុខដឹកនាំវ័យក្មេង គីមជុងអ៊ុន សន្យាក្ដែងៗចំពោះមុខប្រធានាធិបតីអាមេរិកក្ដី។
ងាកទៅរឿងជំនួបវិញ លោក ត្រាំ អះអាងថា ជំនួបនៅវៀតណាមមិនមែនជាជំនួបចុងក្រោយឡើយ។ លោក ត្រាំ ទំនងចង់ប្រាប់ថា កុំរំពឹងខ្ពស់ពេកសម្រាប់ជំនួបលើកទីពីរនេះ។ ជំនួបនៅរដ្ឋធានីហាណូយ អាចនឹងមិនមានកិច្ចព្រមព្រៀងធំដុំឡើយ ក្រៅពីការប្រកាសបន្តការប្ដេជ្ញាចិត្តក្នុងការរំសាយនុយក្លេអ៊ែរ ឬការបន្តការអនុវត្តតាមអ្វីដែលឯកភាពគ្នានៅសិង្ហបុរី។
ចង់ឲ្យកូរ៉េខាងជើងរំសាយនុយក្លេអ៊ែរឲ្យបានលឿន ជារឿងមិនអាចទៅរួច?
កូរ៉េខាងជើងមានឆន្ទៈលុបបំបាត់នុយក្លេអ៊ែរជារឿងពិត។ នេះបើគ្រប់គ្នជឿតាមសម្ដីលោក គីម ។ ប៉ុន្តែរឿងរ៉ាវនៅពីក្រោយខ្នងនោះ គឺវាជារឿងមិនអាចទៅរួចឡើយបើលោក ត្រាំ ចង់បន្ថែមល្បឿនដល់ដំណើរការរំសាយនុយក្លេអ៊ែរនោះ។ អាចនិយាយបានថា មកទល់សព្វថ្ងៃ ទាំងអាមេរិក ទាំងកូរ៉េខាងជើងកំពុងដើរលើផ្លូវតែមួយក្នុងគោលដៅឆ្ពោះទៅកាន់ការរំសាយនុយក្លេអ៊ែររបស់កូរ៉េខាងជើង ប៉ុន្តែក្រុងព្យុងយ៉ាងមិនបានដើរលឿនដូចវ៉ាស៊ីនតោនឡើយ។
មូលហេតុសំខាន់ជាងគេ គឺនុយក្លេអ៊ែរជាខែលការពាររបបដឹកនាំត្រកូល គីម នៅកូរ៉េខាងជើង។ បើនិយាយឲ្យចំ គឺទុកការពារប្រឆាំងសកម្មភាពអរិភាពរបស់អាមេរិកដែលជាដៃគូចរចាផង។ បច្ចុប្បន្ន លោក គីម មិនទាន់មានមូលហេតុត្រឹមត្រូវ និងច្បាស់លាស់ដើម្បីទម្លាក់អាវុធរបស់ខ្លួន ហើយទុកឱកាសឲ្យអាមេរិកវាយប្រហារខ្លួនឡើយ។
ដូចឃើញស្រាប់ កូរ៉េខាងជើងតែងទាមទារនេះទាមទារនោះដើម្បីគោលដៅសំខាន់របស់ខ្លួន គឺរក្សាសុវត្ថិភាពរបបដឹកនាំរបស់ខ្លួន។ នាពេលកន្លងមក កូរ៉េខាងជើងចង់ឲ្យអាមេរិកចាត់វិធានការជាក់លាក់តបនឹងអ្វីដែលខ្លួនបានធ្វើក្នុងដំណើរការរំសាយនុយក្លេអ៊ែរ។ ការប្រកាសបញ្ចប់ជាផ្លូវការសង្គ្រាមកូរ៉េ និងសន្តិភាពអចិន្ត្រៃយ៍ ជារឿងស្ថិតក្នុងបញ្ជីដែលកូរ៉េខាងជើងត្រូវការ ប៉ុន្តែហាក់ស្ទាក់ស្ទើរនៅឡើយ ហើយចង់ឲ្យកូរ៉េខាងជើងធ្វើសកម្មភាពជាក់ស្ដែងឲ្យបានច្រើនទៀត៕