អន្តរជាតិ
សេវាកម្មដឹកជញ្ជូនពិសេសសម្រាប់សត្វចញ្ចឹម ត្រូវដាក់ឲ្យប្រើប្រាស់នៅសិង្ហបុរី
× ក្រុមហ៊ុន Grab នៅថ្ងៃទី២០ខែកុម្ភៈ បានដាក់ដំណើរការកម្មវិធីទូរសព្ទថ្មីមួយរបស់ខ្លួនឈ្មោះថា GrabPet ក្នុងប្រទេសសិង្ហបុរី។ ជាមួយកម្មវិធីថ្មីនេះ ម្ចាស់សត្វចញ្ចឹម នឹងទទួលបានភាពងាយស្រួលជាងមុន ក្នុងការដឹកជញ្ជូនសត្វជាទីស្រលាញ់របស់ពួកគេទៅគ្រប់ទីកន្លែងក្នុងតម្លៃសមរម្យ។
ជាមួយសេវាកម្មថ្មីនេះ អ្នកដំណើរអាចហៅអ្នកបើកបររថយន្ត Grab ដែលធ្លាប់ទទួលបានការហ្វឹកហាត់ជំនាញគ្រប់គ្រងសត្វ ហើយពួកគេគឺសុទ្ធតែរីករាយនឹងទទួលស្វាគមន៍សត្វចញ្ចឹមរបស់អ្នកដំណើរ ឲ្យចូលជិះក្នុងយានយន្តរបស់ពួកគេ។ ចំណែកតម្លៃវិញគឺគិតចាប់ពី១០ដុល្លារឡើងទៅ។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍សិង្ហបុរី Channel NewsAsia ។
សេចក្តីថ្លែងកាណ៍របស់ក្រុមហ៊ុន Grab បញ្ជាក់ថា រាល់សត្វចញ្ចឹមតាមផ្ទះទាំងអស់ ដែលត្រូវបានត្រួតពិនិត្យយ៉ាងត្រឹមត្រូវដោយអាជ្ញាធរទទួកបន្ទុកផ្នែកថែទាំសត្វនិងកសិអាហារក្នុងប្រទេសសិង្ហបុរី នឹងត្រូវអនុញ្ញាតឲ្យជិះលើរថយន្ត GrabPet ប៉ុន្តែលើកលែងសត្វស្លាបមួយចេញ ព្រោះថា ម៉ាស៊ីនត្រជាក់នៅក្នុងយានយន្តអាចបង្កគ្រោះថ្នាក់ដល់សត្វប្រភេទនេះ។ យ៉ាងណាមិញ រាល់សត្វចញ្ចឹមទាំងអស់គឺតម្រូវឲ្យជិះអមដោយម្ចាស់។
យោងតាមក្រុមហ៊ុន Grab ដៃគូអ្នកបើកបរជាច្រើនរយនាក់របស់ខ្លួន គឺសុទ្ធតែទទួលបានការហ្វឹកហាត់រួចរាល់សម្រាប់សេវាកម្មថ្មីនេះ។ យានយន្តរបស់ពួកគេ នឹងត្រូវបំពាក់ដោយឧបករណ៍ចាំបាច់មួយចំនួន រួមមាន គម្របកៅអីផ្នែកខាងក្រោយ, ក្រណាត់ពោះគោទន់ៗ និងឧបករណ៍កម្ចាត់ខ្យល់កខ្វក់ជាដើម។
លើសពីនេះ ក្រុមហ៊ុន Grab ក៏ផ្តល់ជូនបន្ថែមនូវការធានារ៉ាប់រងសម្រាប់សត្វចញ្ចឹម, អ្នកដំណើរ និងដៃគូអ្នកបើកបរ ដែលប្រើប្រាស់សេវាកម្ម GrabPet ។ អ្វីដែលពិសេសនោះ ដើម្បីអបអរដល់ការដាក់ដំណើរការកម្មវិធី GrabPet ក្នុងប្រទេសសិង្ហបុរី ក្រុមហ៊ុន Grab នឹងបរិច្ចាគលុយប្រមាណ ២,២២ដុល្លារ រៀងរាល់ការជិះដោយប្រើប្រាស់សេវាកម្មថ្មីនេះ ទៅដល់អង្គការសង្គមដើម្បីការពារការធ្វើបាបលើសត្វចញ្ចឹម គិតចាប់ពីខែក្រោយទៅ។
កាលពីពេលកន្លងទៅ អ្នកដំណើរក៏អាចដឹកជញ្ជូនសត្វចញ្ចឹមរបស់ពួកគេ ជាមួយនឹងសេវាកម្ម uberPET របស់ក្រុមហ៊ុន Uber ដែលបានដាក់ឲ្យប្រើប្រាស់កាលពីខែតុលា ឆ្នាំ២០១៧។ យ៉ាងណាមិញ សេវាកម្មនេះត្រូវបានបញ្ឈប់ទៅវិញ ក្រោយពីប្រតិបត្តិការរបស់ក្រុមហ៊ុន Uber ប្រចាំតំបន់អាស៊ីអាគ្នេយ៍ត្រូវបានទិញយកដោយក្រុមហ៊ុន Uber កាលពីឆ្នាំមុន៕
© រក្សាសិទ្ធិដោយ thmeythmey.com